វិធី​ធ្វើ​ឲ្យ​​អ្នកលក់​ ហ៊ាន​ទិញ​ម៉ូតូ​មួយ​ទឹក​ក្នុង​តម្លៃ​ខ្ពស់

  • 2017-07-24 04:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិធី​ក្នុង​ការ​លក់​ម៉ូតូ​មួយ​ទឹក​ចេញ មិន​ឲ្យ​ខាត​ច្រើន មាន​ប្រិយមិត្ត​ខ្លះ​បាន​ដឹង​រួច​មក​ហើយ តែ​ចំពោះ​របៀប​ក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​ទិញ​ម៉ូតូ​ដែល​ធ្លាប់​ប្រើ​ហើយ ក្នុង​តម្លៃ​មួយ​អាច​ទទួល​យក​បាន។

ដើម្បី​ជួយ​ឲ្យ​ប្រិយមិត្ត​លក់​ម៉ូតូ​មួយ​ទឹកឲ្យ​​អ្នក​ទិញ-លក់​បន្ត ​បាន​តម្លៃ​ខ្ពស់​​​ដែល​អាច​ទទួល​យក​បាន លោក សីហា អ្នក​លក់​ម៉ូតូ​មួយ​កន្លែង បាន​បង្ហាញ​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

៖ ម៉ូតូ​នៅ​ស្អាត ៨៥ ទៅ ៩០ ភាគរយ

ចំណុច​នេះ សំដៅ​ដល់​ម៉ូតូ​ដែល​មាន​ម្ចាស់​ជា​អ្នក​ស្រលាញ់​ម៉ូតូ ហើយ​ជា​អ្នក​ថែទាំ​ម៉ូតូ​ទៀង​ទាត់ ​មិន​ធ្លាប់​ប៉ះ​ពារ​អ្វី​មួយ​ធ្ងន់​ធ្ងរ សំឡេង​ម៉ាស៊ីន​ម៉ូតូ​នៅ​ស្ងាត់​ល្អ មិន​លាន់ មិន​កាន់​ច្រេះ ធ្វើ​ឲ្យ​អ្នក​លក់​ហ៊ាន​ឲ្យ​តម្លៃ​មួយ​ដែល​អាច​ទទួល​យក​បាន។

៖ ម៉ូតូ​ដើម មិន​កែ

ជា​ធម្មតា ម៉ូតូ​កែ តែង​មាន​ចំណុច​ខុស​គ្នា​ពី​ម៉ូតូ​ដើម គ្រាន់​តែ​មើល​មួយ​ភ្លែត​ក៏​ដឹង​ដែរ ទោះ​ជា​កែ​តិច​ឬ​ច្រើន​ក៏​ដោយ ដូច​នេះ​ទោះ​ជា​ម៉ាស៊ីន​នៅ​ថ្មី​ល្អ ក៏​អ្នក​លក់​មិន​ហ៊ាន​ឲ្យ​ថ្លៃ​ខ្ពស់​ដែរ ព្រោះ​ត្រូវ​ការ​យក​ទៅ​ដូរ​ដាក់​ខោអាវ​ដើម(របាំង​ខាង​មុខ-ក្រោយ) ដើម្បី​ដាក់​លក់​វិញ។

៖ ម៉ូតូ​ជិះ​អស់​គីឡូ​តិច សំដៅ​ដល់​រយៈ​ចម្ងាយ​នៃ​ការ​បើក​បរ​ដែល​មាន​នៅ​លើ​កុង​ទ័រ​ម៉ូតូ។ ចំណុច​នេះ ចង់​និយាយ​ពី​កុង​ទ័រ​ម៉ូតូ ទោះ​ជា​អ្នក​កែ​កុង​ទ័រ ឬ​ច្នៃ​ថ្មី​បន្ថែម​ឲ្យ​លេខ​គីឡូ​តិច​ជាង​មុន ឬ​កែ​ឲ្យ​ម៉ូតូ​ដែល​គេ​ជិះ​ជិតៗ​ក៏​អាច​មើល​ដឹង​ដែរ។ របៀប​មើល​ម៉ូតូ​ដែល​ជិះ​អស់​គីឡូ​ច្រើន គេ​មើល​ទៅ​លើ​សំបុក​អ៊ែរ ឬ​ច្រវាក់​មីញ៉ុង​ជា​ដើម។ បើ​មាន​បំណង​ចង់​លក់​ម៉ូតូ កុំ​កែ​កុងទ័រ​ឲ្យ​សោះ ព្រោះ​នេះ​ជា​ទង្វើ​មិន​គួរ​គប្បី​ទេ វា​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​អ្នក​ទិញ​ក្រោយៗ ហើយ​អ្នក​ក៏​មិន​អាច​យក​ម៉ូតូ​ទៅ​លក់​បាន​លើក​ទីពីរ​ដែរ។

៖ ម៉ូតូ​ធ្លាប់​មាន​ប្រវត្តិ​ដួល ឬ​ប៉ះ​គ្នា ឬ​អត់?

ជិះ​ម៉ូតូ​នរណា​ក៏​ធ្លាប់​ដួល​ដែរ គ្រាន់​តែ​ទំហំ​នៃ​ការ​ប៉ះ​ពាល់​ដល់​ការ​ខូច​ខាត​លើ​ម៉ូតូ​ខុស​គ្នា អ្នក​ខ្លះ​ដួល​ដល់​ថ្នាក់​បែក​ខ្ទេច អ្នក​ខ្លះ​ដួល​ត្រឹម​បែក​បាក់​អាវ​ម៉ូតូ​ខាង​ក្រៅ​ប៉ុណ្ណោះ ទោះ​យ៉ាង​នេះ​ក្តី អ្នក​ទិញ-លក់​គេ​នៅ​តែ​មាន​របៀប​មើល​ប្រវត្តិ​ម៉ូតូ​អ្នក​ដែរ ដោយ​មើល​លើ​ប្រព័ន្ធ​សុវត្ថិភាព ប្រព័ន្ធ​ហ្រ្វាំង សង់​ត្រេ​ម៉ូតូ(ម៉ូតូ​រៀច​ក ឬ​វៀច​ដៃ​ចង្កូត) ជា​ដើម។ ដូច​នេះ​បើ​អ្នក​ចង់​លក់​ម៉ូតូ​ដែល​ធ្លាប់​មាន​ប្រវត្តិ​បាក់​បែក ​ឲ្យ​បាន​តម្លៃ​សម​រម្យ អ្នក​ត្រូវ​សម្រេច​ចិត្ត​ចូល​ជាង​ប្ដូរ​គ្រឿង​បន្លាស់​ថ្មី ប៉ូលា​ទឹក​ថ្នាំ​ថ្មី ឬ​ជួស​ជុល​កុំ​ឲ្យ​មាន​រៀច​ក វៀច​ឈ្នាន់។

៖ ដាក់​តម្លៃ​លក់​តាម​តម្លៃ​ទីផ្សារ

បើ​អ្នក​ដឹង​ថា ម៉ូតូ​អ្នក​នៅ​ល្អ​អាច​លក់​បាន​តម្លៃ​រាង​គ្រាន់​បើ​ដែរ សូម​កុំ​កាត់​ថ្លៃ​ខ្ពស់​ពេក ត្រូវ​លក់​ក្នុង​តម្លៃ​ជាក់​ស្ដែង ជា​ធម្មតា​អ្នក​ទិញ-លក់ គេ​ប្រាកដ​ជា​បង្អាប់​ទម្លាក់​តម្លៃ​ម៉ូតូ​អ្នក​ខ្លះ​ហើយ តែ​ក៏​មិន​មែន​គេ​មិន​ទិញ​ដែរ ហើយ​ការ​បង្អាប់​ក៏​មិនមែន​គ្រប់​អ្នក​លក់​ទាំង​អស់​ដែរ គ្រាន់​តែ​គេ​ត​ថ្លៃ​ខ្លះ ដើម្បី​ទុក​លុយ​ជួស​ជុល ឬ​លាង​សម្អាត​ដាក់​លក់​វិញ។

៖ មាន​ឯកសារ​សម្គាល់​ម្ចាស់​ម៉ូតូ​ត្រឹម​ត្រូវ

ចំណុច​នេះ អ្នក​ទិញ​ម៉ូតូ​រូប​ណា ក៏​ចង់​បាន​ដែរ ដើម្បី​ជៀស​វាង​ការ​ទិញ​ប៉ះ​ចំ​ម៉ូតូ​ខុស​ច្បាប់(ម៉ូតូ​ចោរ)។ ការ​ដែល​អ្នក​មាន​ឯកសារ​សម្គាល់​ម្ចាស់​ម៉ូតូ​ត្រឹម​ត្រូវ ក៏​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​អ្នក​លក់​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់ ព្រោះ​ឯកសារ​ទាំង​នោះ​ត្រូវ​ការ​ពេល​វេលា និង​ប្រាក់​កាស​ច្រើន​គួរ​សម ទំរាំ​បាន​ចេញ​យក​មក​ប្រើ​ប្រាស់ ដូច​នេះ​អ្នក​គួរ​តែ​ភ្ជាប់​មក​ជាមួយ​ឯកសារ​ទាំង​នោះ​(កាត​គ្រី អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់​នៅ ជាដើម ) ពេល​ដែល​ចង់​លក់​ម៉ូតូ​ចេញ។

៖ ប្រើ​ពាក្យ​សម្ដី​សមរម្យ

អ្នក​ដែល​បំណង​ចង់​លក់​ម៉ូតូ តែង​បារម្ភ​ខ្លាច​អ្នក​ទិញ​បន្ត(អ្នក​ទិញ-លក់) កឹបកេង​ស៊ី​ចំណេញ​លើ​ខ្លួន ជាហេតុ​ធ្វើ​ឲ្យ​ពួក​គេ បោះ​ពាក្យ​សម្ដី​ដៀមដាម ផ្លែផ្កា និង​ប្រៀប​ធៀប​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​ឲ្យ​តម្លៃ​ម៉ូតូ​ដែល​ខ្លួន​ចង់​លក់​បាន​ថ្លៃ។ បើ​អ្នក​មាន​គំនិត​បែប​នេះ សូម​បញ្ឈប់​ទៅ។ អ្នក​ទិញ-លក់​ម៉ូតូ មិន​មែន​សុទ្ធ​អាក្រក់ កឹប​កេង​ទាំង​អស់​នោះ​ទេ ពួក​គេ​បើក​កន្លែង​រកស៊ី​មិន​មែន​លក់​តែ​ម្ដង​ហើយ​ឈប់​នោះ​ទេ ដូច​នេះ​អ្នក​គួរ​និយាយ​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ជា​ការ​ល្អ បើ​អ្នក​គោរព​គេ គេ​នឹង​គោរព​អ្នក​វិញ ហើយ​ដំណើរការ​ទិញ លក់​ក៏​រលូន​ទៅ​តាម​នឹង​ដែរ។

៖ ត្រូវ​មាន​ភាព​ស្មោះ​ត្រង់

អ្នក​លក់​ក៏​ជា​មនុស្ស ហើយ​អ្នក​ទិញ​ក៏​ជា​មនុស្ស ដូច​នេះ​ភាព​ស្មោះ​ត្រង់ មិន​បោក​ប្រាស់​ជា​រឿង​ល្អ​បំផុត។ អ្នក​យក​ម៉ូតូ​មក​លក់ ហាក់​ដូច​ជា​ផ្សព្វផ្សាយ​ផលិតផល​ដែល​ខ្លួន​មាន ឲ្យ​គេ​ចាប់​អារម្មណ៍ បើ​អ្នក​ផ្សព្វផ្សាយ​ផលិត​ផល​ដោយ​ពាក្យ​ពិត អ្នក​ទិញ​ប្រាកដ​ជា​ទិញ​ដោយ​ទំនុក​ចិត្ត និង​មិន​សូវ​ត​ថ្លៃ​ច្រើន​ផង​ដែរ។

អត្ថបទ៖ រក្សា