ចង់​បញ្ជា​កាមេរ៉ា​ឲ្យ​បាន​ល្អ​ ​គួរ​យល់​ពី​ប៊ូតុង​ទាំង​នេះ

  • 2017-07-25 06:57:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​ប្រភេទ​ ​DSLR ឬMirrorless​ ​អាច​ផលិត​បាន​រូបភាព​ល្អ​ ​ហើយ​កាន់​តែ​ពិសេស​ ​ប្រសិន​បើ​ប្រិយមិត្ត​អាច​យល់​ច្បាស់​ ​និង​បញ្ជា​ប៊ូតុង​មុខងារ​នានា​របស់​ពួក​វា។ ដូច​នេះ​ ​អត្ថបទ​ខាង​ក្រោម​ ​និង​ណែនាំ​ពី​ប៊ូតុង​នានា​ ​ដែល​មាន​បំពាក់​តាម​កាមេរ៉ា​ ​DSLR​ ​ឬMirroless​ ​ទូទៅ។

ផ្នែក​ខាងលើ​កាមេរ៉ា

  • ប៊ូតុង​ថត​វីដេអូ (Video start/stop)

ប៊ូតុង​នេះ ប្រើ​សម្រាប់ ថត​វីដេអូ ដែល​តំណាង​ដោយ ប៊ូតុង​មាន​ចំណុច​ក្រហម​ពី​លើ​។ កាមេរ៉ា​ខ្លះ​ប្រើប្រាស់​ប៊ូតុង​ថត​រូប​ធម្មតា​ដោយ​អាច​ប្ដូរ​ ​Mode ជា​ ​Movie mode លើ Mode dial សម្រាប់​ថត​វីដេអូ​។

  • ប៊ូតុង​បិទ បើក (Power switch)

ប៊ូតុង​នេះ ប្រើ​សម្រាប់​បិទ ឬ​បើក កាមេរ៉ា ដែល​មាន​ទីតាំង​នៅ​ក្បែរ​ប៊ូតុង​ថតរូប ប៉ុន្តែ​កាមេរ៉ា​ខ្លះ​មាន​ទីតាំង​ផ្សេង​។

  • ប៊ូតុង​ថតរូប​ (Shutter release)

ប៊ូតុង​នេះ ប្រើ​សម្រាប់​ថតរូប ដែល​មាន​ទីតាំង​នៅ​ក្បែរ កន្លែង​ប្ដូរ Lens។

  • ប៊ូតុង​កំណត់​ ​Exposure compensation-aperture (Exposure comp.)

កាមេរ៉ា​ប្រភេទ​ ​DSLR កម្រិត​ដំបូង​ភាគច្រើន​មាន​តែ​ ​Command dial ដែល​គ្រប់គ្រង​លើ​ ​shutter speed ក្នុង​ ​Manual mode។​ ​ប្រសិនបើ​អ្នក​ចង់​គ្រប់គ្រង​ ​Aperture អ្នក​អាច​ចុច​ឲ្យ​ជាប់​លើ​ប៊ូតុង​នេះ។ ក្នុង​ ​Auto mode អ្នក​អាច​កំណត់​នូវ​ ​exposure compensation ដែល​ធ្វើ​ឲ្យ​រូបភាព​ភ្លឺ​ ​ឬ​ងងឹត ដោយ​ប្រើប្រាស់​ប៊ូតុង​នេះ។

  • Mode dial

Mode dial​ ​ប្រើ​សម្រាប់​កំណត់​នូវ​ ​shooting mode​ ​ដែល​មាន​ ​Program, Shutter Priority, Aperture Priority និង​ ​Manual។​ ​អ្នក​ក៏​អាច​កំណត់​ ​Flash ឲ្យ​បើក​ ​ឬ​បិទ​បាន​ផង​ដែរ​ ​ម្យ៉ាងទៀត អ្នក​ក៏​អាច​ប្រើប្រាស់ mode ស្រាប់ៗ ​ដូចជា​ ​landscapes, portraits, sport ផង​ដែរ​។ល។ សម្រាប់ Effects mode អ្នក​អាច​ជ្រើសរើស​ពណ៌​បន្ថែម​លើ​រូបភាព​បាន​។

  • Live view switch

អ្នក​អាច​ប្ដូរ​ការ​បង្ហាញ​រូបភាព​កំឡុង​ពេល​ថត​តាម​រយៈ​អេក្រង់​ ​LCD ឬ​Viewfinder។ ជា​ទូទៅ​សម្រាប់​ថត​វីដេអូ​ប្រាកដ​ណាស់​ត្រូវ​ប្រើប្រាស់​ ​LCD។

  • Command dial

វា​អាច​ឲ្យ​អ្នក កំណត់​នូវ​​ shutter speed និង​កំណត់​ ​Aperture ពេល​ចុច​ជាប់​លើ​ប៊ូតុង​ ​exposure compensation-aperture។

ផ្នែក​ចំហៀង​កាមេរ៉ា​ ​និង Lens

  • ប៊ូតុង​ ​Flash (Flash Button)

ប៊ូតុង​នេះ សម្រាប់​បើក Flash ដែល​មាន​ទីតាំង​ខុសៗ​គ្នា​ទៅ​តាម​ប្រភេទ​កាមេរ៉ា ហើយ វា​មាន​សញ្ញា រន្ទះ។ អ្នក​អាច​កំណត់​កម្រិត​ពន្លឺ​របស់ Flash ដោយ​ចុច​ឲ្យ​ជាប់​លើ​ប៊ូតុង​នេះ​។

  • ប៊ូតុង Function (Function Button)

អ្នក​អាច​កំណត់​នូវ​មុខងារ​អ្វី​មួយ​របស់​កាមេរ៉ា ដែល​អ្នក​ឧស្សាហ៍​ប្រើប្រាស់ ទៅ​កាន់​ប៊ូតុង​នេះ​បាន ដែល​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ពេល​ថត​។

  • Zoom ring

Zoom ring ជា​រង្វង់​ធំ​របស់ Lens សម្រាប់ Zoom in ឬ Out។

  • Focus ring

Focus ring ជា​រង្វង់​តូច​របស់​ ​Lens សម្រាប់​កំណត់​ការ​ ​Focus លើ​រូបភាព ប៉ុន្តែ​ប្រើ​បាន​តែ​ចំពោះ manual focus ប៉ុណ្ណោះ​។

  • ប៊ូតុង​ Lens retract (Lens retract button)

អ្នក​អាច​ប្រើប្រាស់ ប៊ូតុង​នេះ ដើម្បី​ដំណើរការ Zoom របស់ Lens ហើយ​ចុច​ម្ដង​ទៀត ដើម្បី​បិទ​ពេល​អ្នក​បញ្ចប់​ការ​ថត​។

  • Lens release button

អ្នក​អាច​ចុច​ប៊ូតុង​នេះ រួច​មួរ Lens បន្តិច ដើម្បី​ដោះ Lens ចេញ​ពី​តួ​កាមេរ៉ា ហើយ​ពេល​ដាក់ Lens អ្នក​មិន​ចាំ​បាច់ ចុច​ប៊ូតុង​នេះ​ទេ​។

  • ប៊ូតុង Drive mode

ប៊ូតុង​នេះ សម្រាប់​គ្រប់គ្រង​លើ drive mode ដែល​អាច​ឲ្យ​អ្នក​ថត​តែ​មួយ ឬ​ថត​រូបភាព​បន្ត​បន្ទាប់ ឬ​ធ្វើ​ការ​កំណត់​រយៈ​ពេល​ថត​។ កាមេរ៉ា​ភាគច្រើន មាន​ប៊ូតុង​នេះ នៅ​ផ្នែក​ខាង​លើ ឬ​ផ្នែក​ខាងក្រោយ​កាមេរ៉ា។ វា​មាន​រូប​សញ្ញា នាឡិកា​នៅ​ក្បែរ​ប៊ូតុង​នេះ​។

ផ្នែក​ខាង​ក្រោយ​កាមេរ៉ា​

  • ប៊ូតុង​ Menu button

ប៊ូតុង​នេះ សម្រាប់​បង្ហាញ​នូវ Menu ដែល​អ្នក​អាច​ផ្លាស់ប្ដូរ​កម្រិត​គុណភាព​រូបភាព, កំណត់ autofocus និង​ផ្នែក​ជា​ច្រើន​អំពី​កាមេរ៉ា​។

  • Diopter adjustment

Diopter adjustment អនុញ្ញាត​ឲ្យ​អ្នក focus លើ viewfinder។ ប្រសិនបើ​គ្រប់​យ៉ាង​មើល​ទៅ ការ focus មិន​ត្រឹមត្រូវ ពេល​អ្នក​មើល​ជិត​នឹង viewfinder កំឡុង auto focus បើក បញ្ហា​អាច​មាន​ជា​មួយ diopter។ អ្នក​ពិនិត្យ​មើល adjustment ទាំង​នេះ មុន​ពេល​ទៅ​ហាង​ប្តូរ Lens។ 

  • ប៊ូតុង Info

ពេល​អ្នក​ចុច​ប៊ូតុង​នេះ កំឡុង​ពេល​ថត វា​នឹង​បង្ហាញ​ព័ត៌មាន​អំពី​ ​Settings ដែល​អ្នក​កំពុង​ប្រើ ព្រមទាំង ស៊ុម​បន្ទាប់ សម្រាប់​កំណត់​ទីតាំង​ ​Subject ផង​ដែរ។ អ្នក​ក៏​អាច​ប្រើ​វា​ពេល​ចុច​មើល​រូបភាព​ដែល​បាន​ថត​រួច​ផង​ដែរ ដែល​បង្ហាញ​ព័ត៌មាន​លំអិត​របស់​រូបភាព​នោះ​។

  • Autofocus-autoexposure lock

ពេល​ប្រើប្រាស់​ ​Auto focus និង Auto exposure អ្នក​អាច​ចុច​លើ​ប៊ូតុង​នេះ​ឲ្យ​ជាប់​ដើម្បី​ ​lock settings​ ​ទោះ​បី​កាមេរ៉ា​រំកិល​ទីតាំង​វា​នូវ​រក្សា​ការ​ ​Focus លើ​ ​Subject ដដែល។ វា​ជា​ចំណុច​ល្អ ដែល​អ្នក​អាច​ថត​មុំ​រូប​ខុស​គ្នា លើ subject ដដែល​បាន​។

  • ប៊ូតុង Image playback

ប៊ូតុង​នេះ សម្រាប់​ពិនិត្យ​មើល​រូបភាព ឬ​វីដេអូ ដែល​អ្នក​បាន​ថត​រួច​។ វា​មាន​ទីតាំង​នៅ​ក្បែរ​អេក្រង់​តំណាង​ដោយ​រូប​សញ្ញា Play។

  • ប៊ូតុង​អក្សរ i 

កាមេរ៉ា​ខ្លះ​មាន​ប៊ូតុង​អក្សរ i ឬ Q ដែល​ពេល​ចុច​នឹង​បង្ហាញ​នូវ​បណ្ដុំ​នៃ​មុខងារ​មួយ​ចំនួន​លើ​អេក្រង់​ ​LCD​ ​ដែល​អ្នក​អាច​កំណត់​បាន។ ប៊ូតុង​នេះ​មាន​ប្រយោជន៍​សម្រាប់​កំណត់​ ​ISO, white balance និង​ ​Drive mode settings លើ​កាមេរ៉ា​ដែល​គ្មាន​ប៊ូតុង​ ​dials សម្រាប់​កំណត់​មុខងារ​។

  • ប៊ូតុង OK

ប៊ូតុង​នេះ ប្រើប្រាស់​សម្រាប់​ជ្រើសរើស​ ​Menu items ហើយ​វា​ក៏​ប្រើ​សម្រាប់​ ​Focus​ ​នៅ​ចំណុច​កណ្ដាល​នៃ​រូបភាព​ពេល​ថត​ផង​ដែរ​។

  • Multi selector

Multi selector អ្នក​អាច​ប្រើប្រាស់​សម្រាប់​រំកិល​ ​Menu, ជ្រើសរើស​ ​Menu, ប្ដូរ ឬ​បន្ថែម​តម្លៃ​លើ​មុខងារ​នីមួយៗ។

  • ប៊ូតុង​ ​Magnify

ប៊ូតុង​នេះ​មិនមែន​សម្រាប់​ ​zoom ដោយ Lens នោះ​ទេ​ ​តែ​សម្រាប់​ពង្រីក​មើល​ភាព​លំអិត​នៃ​រូបភាព​ដើម្បី​ធានា​ថា​កាមេរ៉ា​ ​Focus បាន​ត្រឹមត្រូវ កំឡុង​ពេល playback (ពេល​បើក​មើល​រូបភាព​)។ កាមេរ៉ា​ខ្លះ ក៏​អាច​ពិនិត្យ​មើល​កំឡុង​ពេល​ថត​រូប​ផង​ដែរ​។

  • ប៊ូតុង Delete

ប៊ូតុង​នេះ ប្រើ​សម្រាប់​លុប​រូបភាព ឬ​វីដេអូ​ពី​កាមេរ៉ា​ដែល​មាន​រូបភាព​ធុង​សំរាម​ជា​តំណាង។ អ្នក​ត្រូវ​ចុច​ពីរ​ដង​ក្នុង​ការ​លុប​ដើម្បី​បញ្ជាក់​ថា​អ្នក​ពិត​ជា​ចង់​លុប​មែន។

  • ប៊ូតុង​ ​Demagnify

ប៊ូតុង​នេះ​មិន​មែន​សម្រាប់​ ​Zoom out នោះ​ទេ​ ដែល​មាន​ទីតាំង​នៅ​ក្បែរ​អេក្រង់​ ដែល​តំណាង​ដោយ​រូប​កែវ​ពង្រីក​មាន​សញ្ញា ដក​។ វា​សម្រាប់​បង្ហាញ​នូវ រូបភាព​ខ្នាត​តូច​ ​(thumbnail)​ ​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​។ អ្នក​អាច​ចូល​មើល​រូបភាព​ក្នុង​បណ្ដុំ​ជាច្រើន​បាន​រហ័ស​ ​និង​ងាយស្រួល។ ប៊ូតុង​នេះ​ក៏​អាច​បង្ហាញ​នូវ​គន្លឹះ​ផ្សេងៗ​អំពី​កាមេរ៉ា​ផង​ដែរ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ DigitalTrends   ប្រែសម្រួល ​៖ ប៊ុន ធឿន