ចែកឲ្យដាច់ហាង Apple Store, Apple Authorized Resellers និង Premium Resellers
- 2017-07-25 03:26:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចែកឲ្យដាច់ហាង Apple Store, Apple Authorized Resellers និង Premium Resellers
ចន្លោះមិនឃើញ
ប្រិយមិត្តជាច្រើនប្រាកដជាធ្លាប់ឮពាក្យ Apple Store, Apple Authorized Resellers និង Apple Premium Resllers។ ប៉ុន្តែ Sabay ជឿថាភាគច្រើនប្រាកដជាមិនទាន់យល់ច្បាស់ពីអត្ថន័យនៃពាក្យទាំង ៣ នោះនៅឡើយ ទៀតសោតអ្នកខ្លះច្រើនភ័ន្តច្រឡំថាជាហាងលក់តែមួយ ចុះវាមានភាពខុសគ្នាបែបណាខ្លះ?
Apple Store ជាហាងលក់ចែកចាយ ដែលគ្រប់គ្រងផ្ទាល់ពីសំណាក់ក្រុមហ៊ុន Apple Inc។ ត្រូវបានបង្កើតជាលើកដំបូងនាខែ ឧសភា ឆ្នាំ ២០០១ ហើយកាលនោះមាន ២ ទីតាំងប៉ុណ្ណោះ។ មកទល់បច្ចុប្បន្ន Apple បានពង្រីកហាងលក់ចែកចាយរបស់ខ្លួនដល់ ៤៩៨ ហាង ក្នុង ២២ ប្រទេសជុំវិញពិភពលោក។
ក្នុងហាង Apple Store មានលក់ផលិតផល Apple ទាំងអស់ ដែលរួមដូចជា កុំព្យូទ័រ Mac, iPhone, iPad, iPd និង Apple Watch បន្ថែមទូរទស្សន៍ឆ្លាតវៃ Apple TV គួបផ្សំគ្រឿងបរិក្ខារជាច្រើនទៀត។
យ៉ាងណាមិញចំពោះប្រទេសដែលពុំមាន Apple Store ខាងក្រុមហ៊ុន Apple ក៏បានបង្កើតជាហាងលក់ ២ ប្រភេទ ដើម្បីផ្ដល់សិទ្ធដល់នរណាម្នាក់អាចលក់ផលិតផលរបស់ខ្លួន រួមមាន Apple Authorized Resellers និង Apple Premium Resellers។
ប្រភេទហាងទាំង ២ ខុសគ្នាត្រង់ថា Authorized Resellers មានសិទ្ធលក់ផលិតផលផ្សេងក្នុងហាងរបស់ខ្លួន មិនថាតែស្លាកយីហោ Apple ឬក្រុមហ៊ុនដទៃ។ ចំណែកឯ Premium Resellers មានសិទ្ធលក់តែផលិតផលរបស់ Apple សុទ្ធតែប៉ុណ្ណោះ។
នៅពេលដែលដើរចូលទៅក្នុងហាង Apple Authorized Resellers អ្នកអាចឃើញតំណាងលក់ផលិតផល Apple មានតែ ១ ទៅ ២ នាក់យ៉ាងច្រើន ផ្ទុយទៅវិញសម្រាប់ Premium Resellers អ្នកនឹងឃើញមានច្រើនគ្នា ហើយពួកគេសុទ្ធសឹងតែមានចំណេះដឹង ក៏ដូចជាបទពិសោធន៍ខ្ពស់ទាក់ទងផលិតផល Apple ប្រសើរជាងអ្នកតំណាងក្នុងហាង Authorized Resellers។
ប៉ុន្តែសូមបញ្ជាក់ថា ប្រភេទហាងទាំង ២ មិនមែនបើកដំណើរការដោយ Apple ផ្ទាល់នោះទេ ព្រោះហាងទាំងនោះមានម្ចាស់គ្រប់គ្រងផ្សេង គ្រាន់ថាពួកគេបានសុំសិទ្ធចែកចាយពីក្រុមហ៊ុនច្បាស់លាស់ ហើយពួកគេគ្រាន់ជាភាគីទី ៣ ក្នុងការបន្តចែកចាយលក់ផលិតផលរបស់ Apple៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖