មក​ស្គាល់​ប្រភេទ​អេក្រង់​បំពាក់​លើ​ទូរសព្ទ មួយ​ណា​ស៊េរី​កប់ជាង​គេ?

  • 2017-07-26 02:55:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេក្រង់​ជា​ផ្នែក​ផ្សំ​ដ៏​សំខាន់​មួយ ដើម្បី​ដំណើរការ​ទៅ​បាន​នៃ​ទូរសព្ទ​មួយ​គ្រឿង។ កន្លង​ទៅ​តើ​អ្នក​ធ្លាប់​បាន​ស្គាល់​អេក្រង់​ប៉ុន្មាន​ប្រភេទ​ហើយ? ចុះ​អត្ថប្រយោជន៍​ពិសេស​របស់​វា? ​ថ្ងៃ​នេះ Sabay បង្ហាញ​អំពី​​អេក្រង់​កំពុង​ពេញនិយម​ទាំង ៧ ប្រភេទ បន្ថែម​នឹង​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន។​

១.TFT LCD

TFT LCD ពាក្យ​ពេញ​គឺ Thin-Film Transistor Liquid-Crystal-Display ជា​​ប្រភេទ​អេក្រង់ LCD ជំនាន់​ថ្មី មាន​ភាព​ស្តើង​ជាង​មុន។ កម្រិត​បង្ហាញ​ភីកសែលនៃ​អេក្រង់​មួយ​នេះ គ្រប់គ្រង​ឡើង​ដោយ​ត្រង់ស៊ីស្ទ័រ​ជា​ម៉ាទ្រីស​សកម្ម ក្នុង​គោលដៅ​រចនា​ឡើង​ដើម្បី​ផ្តល់​នូវ​គុណភាព​រូបភាព​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ថែម​ទៀត។​

ស្ថិត​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​អេក្រង់​ TFT មិន​អាច​បង្ហាញ​រូបភាព​​បាន​ល្អ​ប៉ុន្មាន​​ឡើយ​។ យ៉ាងណាមិញ​វា​ជា​ប្រភេទ​អេក្រង់​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ ដែល​បំពាក់​នៅ​លើ​ស្មាតហ្វូន​ស៊េរី​​ទាបៗ​ និង​ទូរសព្ទ​ជំនាន់​ចាស់ រួម​មាន​ដូច​ជា Samsung Galaxy Star S5280, iPhone 3G និង Nokia 3310 ឆ្នាំ ២០១៧។

២.IPS LCD

IPS មាន​ពាក្យ​ពេញ In Place Switching ដែល​ជា​ជំនាន់​ខ្ពស់​មួយ​កម្រិត​ទៀត បន្ទាប់​ពី​ពពួក TFT LCD។ ទន្ទឹម​នឹង​ការ​រក្សា​ទុក​នូវ​សារធាតុ​គ្រីស្តាល់​រាវ ស្រប​នឹង​អេក្រង់ បាន​ជំរុញ​ឲ្យ​គុណភាព​បង្ហាញ​ពណ៌​ជះ​មក​ច្បាស់​ល្អ​ និង​ផ្តល់​ឲ្យ​ឃើញ​នូវ​មុំ​កាន់​តែ​ធំ​ជាង​អេក្រង់ TFT LCD។

មិន​ថា​តែ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ IPS នៅ​តែ​បង្ហាញ​កម្រិត​ពណ៌​រូបភាព​ច្បាស់​ល្អ​ដដែល ជា​កត្តា​ជំរុញ​ឲ្យ​វា​មាន​តម្លៃ​ថ្លៃ​ជាង TFT ប៉ុន្តែ​ពេញនិយម​ខ្ពស់​ជុំវិញ​ទីផ្សារ​ស្មាតហ្វូន​នា​ពេល​បច្ចុប្បន្ន។ ស្មាតហ្វូន​បំពាក់​អេក្រង់ IPS រួម​មាន​ដូច​ជា iPhone 7, Xiaomi Mi 5 និង LG G6 ជាដើម។​

៣.OLED

OLED មាន​ពាក្យ​ពេញ Organic Light Emitting Diode។ ស្រទាប់​នៃ​អេក្រង់​ជះ​ពន្លឺ​ឆ្លើយតប​ទៅ​នឹង​ចរន្ត​អគ្គិសនី ដោយ​វា​មាន​គុណភាព​ខ្ពស់​និង​ផ្តល់​កម្រិត​ពណ៌​ប្រសើរ​​ជាង​អេក្រង់ LCD។​ មាន​ភាព​ស្តើង, ស្រាល អាច​បត់បែន​បាន​យ៉ាង​ងាយស្រួល។

ខុស​ពី​អេក្រង់ LCD ពពួក OLED ពុំ​ពន្លឺ​ជះ​ទៅ​ខាង​ក្រោយ​វិញ​ទេ ជា​កត្តា​ធ្វើ​ឱ្យ​អេក្រង់​ប្រភេទ​នេះ អាច​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម បាន​មួយ​ចំណែក​ធំ​សម្រាប់​ស្មាតហ្វូន​កំពូលៗ​នា​ពេល​បច្ចុប្បន្ន ខណៈ​ដែល​តម្លៃ​របស់​វា កាន់​តែ​ថ្លៃ​លើសលប់​ធៀប​នឹង​ពពួក IPS។ ប៉ុន្តែ​វា​នៅ​ជា​ជំនាន់​ទី ១ ប៉ុណ្ណោះ ខណៈ​ត្រកូល​ខ្ពស់​ផ្សេង​ទៀត​រួម​មាន AMOLED និង SUPER AMOLED។

៤.AMOLED

AMOLED មាន​ពាក្យ​ពេញ Active-Matric Organic Light-Emitting Diode។ មិន​មាន​លក្ខណៈ​ពិសេស​ច្រើន​ប៉ុន្មាន​នោះ​ទេ គ្រាន់​បន្ថែម​នូវ​បច្ចេកវិទ្យា​ថ្មី​បន្តិចបន្តួច​ធៀប​នឹង​អេក្រង់ OLED ធម្មតា។ គ្រប់​កម្រិត​ភីកសែល​នីមួយៗ ឆ្លងកាត់​ការ​ត្រួតពិនិត្យ​តាម​រយៈ បច្ចេកវិទ្យា​ម៉ាទ្រីស​សកម្ម។

វា​រក្សា​លក្ខណៈ​សម្បត្តិ​សឹង​ទាំង​អស់​ពី​អេក្រង់ OLED រួម​មាន​ដូច​ជា ការ​បង្ហាញ​នៃ​ជ្រុង​មុំ​ធំ, សន្សំ​សំចៃ​ថាមពល​ថ្ម​ខ្ពស់, ទម្ងន់​ស្រាល/ស្តើង បន្ថែម​នឹង​កម្រិត​ពណ៌​ច្បាស់​ល្អ។ ​ទោះ​បី​ជា​មាន​តម្លៃ​ថ្លៃ​បន្តិច​ក្តី ប៉ុន្តែ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​បាន​សម្រេច​បំពាក់​អេក្រង់​ AMOLED លើ​ស្មាតហ្វូន​ខ្លួន ដោយ​រួម​មាន OnePlus 5, Oppo R11, Galaxy J3 Pro (2017) ជាដើម។​

៥.SUPER AMOLED

ជា​កំណែ​កម្រិត​ខ្ពស់​បន្ថែម​ទៀត​ ធៀប​នឹង​អេក្រង់ AMOLED។ ជា​អេក្រង់​ដែល​មាន​កម្រាស់​ស្តើង​ជាង​គេ​បំផុត នា​ពេល​បច្ចុប្បន្ន បូក​ផ្សំ​នឹង​ទម្ងន់​ស្រាល ហើយ​សមាមាត្រ​កម្រិត​ពណ៌​ខ្ពស់។ SAMOLED ឫ SUPER AMOLED អាច​មើល​ឃើញ​ពី​ជ្រុង​មុំ​ទូលំទូលាយ​យ៉ាង​ខ្លាំង ងាយ​ស្រួល​ក្នុង​ការ​ទស្សនា​វីដេអូ​កម្រិត HD ច្បាស់​ត្រជាក់​ភ្នែក ប្លែក​ខុស​ពី​អេក្រង់​ដទៃ។​

សន្សំ​សំចៃ​ថាមពល​ថ្ម​បាន​ខ្ពស់ ខណៈ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​សម្រេច​ថា វា​ជា​បច្ចេកវិទ្យា​អេក្រង់​ល្អ​បំផុត​ប្រចាំ​ទីផ្សារ​ស្មាតហ្វូន។ រួម​មាន​ដូច​ជា Galaxy S8/S8+, Moto Z2 Play, ZTE Nubia M2 និង VIVO XPlay 6 ជាដើម។

៦.Retina

​​​Retina ជា​ប្រភេទ​អេក្រង់ពេញនិយម​​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន Apple Inc. ដែល​សំដៅ​ទៅ​លើ​ឧបករណ៍​ណា​ដែល​មាន​កម្រិត​គុណភាព​បង្ហាញ​ខ្ពស់ និង​ដង់ស៊ីតេ​អេក្រង់​ប្រហែល ៣០០ ភីកសែល​ក្នុង​មួយ​អ៊ីញ។ ប៉ុន្តែ​ហាក់​បី​ជា​ពុំ​មាន​ការ​ពេញនិយម​ខ្លាំង​ក្លា​ប៉ុន្មាន​នោះ​ទេជាមួយ​ស្មាតហ្វូន​បច្ចុប្បន្ន ខណៈ​គេ​ធ្លាប់​ឃើញ​អេក្រង់ Retina តែ​នៅ​លើ​ពពួក​ iPad របស់ Apple ប៉ុណ្ណោះ​ឯង។

៧.Gorilla Glass

ក្រៅ​ពី​បច្ចេកវិទ្យា​អេក្រង់​ផ្សេងៗ​ៗ​ដូច​បាន​រៀបរាប់​ខាង​លើ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​បច្ចុប្បន្ន​បាន​បង្វែរ​ទៅ​បំពាក់​បន្ថែម​នូវ​កញ្ចក់​ការពារ​ជំនាន់​ថ្មី មាន​ឈ្មោះ​ថា Gorilla Glass។ ជា​ស្រទាប់​កញ្ចក់​ស្តើង ស្រាល​ អាច​ការពារ​អេក្រង់​ពី​ការ​ឆ្កូត និង​ធ្លាក់។ ជំនាន់​ដំបូង​បង្អស់​បង្ហាញ​នៅ​ឆ្នាំ ២០០៨ រហូត​ដល់​ជំនាន់ Gorilla Glass 5 និង Gorilla Glass SR+ ជា​ជំនាន់​ចុង​ក្រោយ ទើប​តែ​បង្ហាញ​កាល​ពី​ឆ្នាំ ២០១៦។

សង្កេត​ឃើញ​មាន​ដូច​ជា​ក្រុមហ៊ុន Motorola, SAMSUNG និង​ក្រុមហ៊ុន​ដទៃ​ទៀត កំពុង​បន្ថែម​អេក្រង់​មួយ​នេះ​លើ​ស្មាតហ្វូន​ស៊េរី​ទំនើប​ចុង​ក្រោយ​បង្អស់ ខណៈ​តម្លៃ​របស់ Gorilla Glass ក៏​រាង​ខ្ពស់​បន្តិច​ដែរ។ Galaxy S8, OnePlus 5 បាន​បំពាក់​នូវ​កញ្ចក់​ការពារ Corning Gorilla Glass ជំនាន់​ទី ៥។

ប្រភព៖ digitallyurs   ប្រែសម្រួល៖ កៅ រក្សា