ស្គាល់​ច្បាស់​ហើយ​នៅ​ពាក្យ Emoji, FaceTime និង Firmware?

  • 2017-07-26 03:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀងរាល់​សប្តាហ៍ Sabay រមែង​ធ្វើ​ការ​ពន្យល់​នូវ​អត្ថន័យ​ពាក្យ​បច្ចេកទេស​ថ្មីៗ ដើម្បី​​សិក្សា​ស្វែង​យល់។ ក្នុង​សប្តាហ៍​នេះ Sabay នឹង​បក​ស្រាយ​ជុំវិញ​ពាក្យ​បច្ចេកទេស​ថ្មី ៣ ទៀត​មាន Emoji, FaceTime និង Firmware។ តើ​វា​មាន​អត្ថន័យ​និង​ការ​ប្រើប្រាស់​ដូច​ម្តេច​ខ្លះ?

+Emoji:

Emoji មាន​ដើម​កំណើត​ដំបូង​ឡើយ​ចេញ​ទូរសព្ទ​ចល័ត​របស់​ប្រទេស​ជប៉ុន​នៅ​អំឡុង​ឆ្នាំ ១៩៩០។ វា​ក្លាយ​មក​ពី​ពាក្យ​ផ្សំ​ពីរ រវាង អ៊ី និង ម៉ូជី ដោយ​ភាសា​ជប៉ុន អ៊ី មាន​ន័យ​ថា​រូបភាព និង ម៉ូជី មាន​ន័យ​ថា​ តួ​អក្សរ ប៉ុន្តែ​ក្នុង​ភាសា​អង់គ្លេស គេ​ច្រើន​ហៅ​ថា Emotion និង Emoticon។​ ជា​សញ្ញា​នៃ​អក្សរ​កាត់, រូបភាព ក៏​ដូច​ជា​ភាព​សម្គាល់​ផ្សេង ទាក់ទង​​ទៅ​នឹង​អារម្មណ៍, ទឹក​មុខ, វត្ថុ, ទី​កន្លែង, រដូវ​អាកាសធាតុ និង​សត្វ​ជាដើម។​

ចាប់​ផ្តើម​ល្បី​ឡើង ក្រោយ​ពេល​ Emoji មាន​គេ​ប្រើប្រាស់​នៅ​លើ​ទូរសព្ទ iPhone រហូត​ក្រោយៗ​មក ពពួក​ស្មាតហ្វូន Android ក៏​បាន​យក​ភាសា​តំណាង​មួយ​នេះ ទៅ​ដាក់​ប្រើប្រាស់​បន្ត។​ សន្និសីទ​អន្តរជាតិ Emojicon ជា​លើក​ដំបូង​បង្អស់ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី ៤ វិច្ឆិកា​ឆ្នាំ ២០១៦។

+FaceTime:

FaceTime ជា​ផលិតផល​នៃ​កម្មវិធី​មួយ ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Apple Inc.។ ក្រៅ​ពី FaceTime នៅ​មាន FaceTime Audio ប៉ុន្តែ​ផ្ដោត​លើ​ប្រភេទ​សម្លេង​សុទ្ធ។ ជា​សេវាកម្ម​ដែល​អ្នក​ប្រើប្រាស់ តម្រូវ​ឱ្យ​មាន​ប្រព័ន្ធ WiFi ឫ​អ៊ីនធឺណិត​ស៊ីម ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ឯ​ទៀត ដែល​ប្រើប្រាស់​ផលិតផល​របស់ Apple ដូច​គ្នា រួមមាន​ដូច​ជា iPhone/iPad/iPod Touch និង Mac។

ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​លើក​ដំបូង​ដោយ​ស្ថាបនិក Apple លោក Steve Jobs នា​ថ្ងៃ​ទី ៧ មិថុនា ឆ្នាំ ២០១០ អំឡុង​ការ​បង្ហាញ iPhone 4។ គាំទ្រ​ចំពោះ​ឧបករណ៍​ដែល​មាន​កាមេរ៉ា​មុខ ហើយ​សម្រាប់ iOS ជំនាន់ 7 និង Mac OS X ជំនាន់ 10.9.2 ឡើង​ទៅ។

+Firmware:

នៅ​ក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក​និង​កុំព្យូទ័រ គឺ​មាន​កំណែ​កម្មវិធី​មួយ ដែល​យើង​ឲ្យ​ឈ្មោះ​ថា Firmware។ ជា​ប្រភេទ​នៃ​កម្មវិធី​មួយ​ប្រភេទ ដែល​អាច​ធ្វើ​ការ​គ្រប់គ្រង, ត្រួតពិនិត្យ​ទិន្នន័យ​និង​ប្រព័ន្ធ​ដំណើរការ​របស់​ឧបករណ៍។ មិន​ថា​តែ​ទូរទស្សន៍, កាមេរ៉ា​ថត​រូប, ស្មាតហ្វូន, កុំព្យូទ័រ និង​ឧបករណ៍​ប្រើប្រាស់​ផ្សេង​ទៀត សុទ្ធ​សឹង​តែ​មាន​ Firmware ដំឡើង​បង្កប់​ក្នុង​គ្រឿង ព្រោះ​ដើម្បី​ឲ្យ​វា​អាច​ដំណើរការ​ទៅ​បាន ដោយ​មាន​ភាព​ឆ្លាតវៃ។

ទាក់ទង​នឹង​ស្មាតហ្វូន អ្នក​ជំនាញ​ច្រើន​ប្រើ​ពាក្យ Firmware ផ្ដោត​ទៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​មិន​អាច​ខ្វះ​បាន​នៃ​ម៉ាស៊ីន រួម​មាន​ដូច​ជា iOS 11, Android Nougat និង Windows Phone 10 អ្វី​ជា​ដើម។ ខ្លះ​ទៀត​គេ​ហៅ Firmware ថា កំណែ​ខួរក្បាល​នៃ​ស្មាតហ្វូន។

ចុច​អាន​បន្ត​

ប្រភព៖ Wikipedia | imore   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី