ប្រធាន​ក្រុមហ៊ុន​ Toyota ទាំង​ ១១ ជំនាន់​មាន​ជាប់​សាច់​ឈាម​គ្នា​អ្វី​ខ្លះ?

  • 2017-07-27 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ដើម​កំណើត​របស់​ក្រុមហ៊ុន​ Toyota Motor Corporation ចាប់​ផ្ដើម​ឡើង​នៅ​ឆ្នាំ​ ១៩៣៣ ដោយ​មាន​ឈ្មោះ​ថា​ Toyota Motor Companyពេល​ដែល​ក្រុមហ៊ុន​នេះ​នៅ​ជា​សាខា​មួយ​របស់​ក្រុមហ៊ុន​ធ្វើ​ម៉ាស៊ីន​តម្បាញ​ទំនើប​ ​Toyoda Automatic Loom Works ដោយ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Kiichiro Toyoda។ លោក​ Kiichiro ជា​​កូន​ប្រុស​របស់​លោក​ Sakichi Toyoda ​ដែល​ជា​ស្ថាបនិក​​​ក្រុមហ៊ុន​ធ្វើ​ម៉ាស៊ីន​តម្បាញ​ទំនើប។ នៅ​ឆ្នាំ​ ១៩៣៧ ក្រុមហ៊ុន​ Toyota ក៏​បាន​ផ្ដាច់​ខ្លួន​​ក្លាយ​ជា​ក្រុមហ៊ុន​ឯករាជ្យ​មួយ​ផ្សេង​ទៀត។ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៣៧ ដល់​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ Toyota បាន​ផ្លាស់​ប្ដូរ​ប្រធាន​ក្រុមហ៊ុន​ចំនួន​ ១១ ដង។

#ប្រធាន​ដំបូង​បំផុត

ពេល​ផ្ដាច់​ខ្លួន​ក្លាយ​ជា​ក្រុមហ៊ុន​ឯករាជ្យ​នៅ​ឆ្នាំ​ ១៩៣៧ ក្រុមហ៊ុន​ Toyota Motor Company បាន​ចាត់​​តាំង​​លោក​ Rizaburo Toyoda ឲ្យ​ឡើង​ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន។ គាត់​គឺ​ជា​កូន​ប្រសា​របស់​លោក​ Sakichi Toyoda ស្ថាបនិក​ក្រុមហ៊ុន​ Toyoda Automatic Loom Works ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​ថា​ Toyota Industres។ លោក​ Rizaburo បន្ត​កាន់​តំណែង​នេះ​រហូត​ដល់​ឆ្នាំ​ ១៩៤១ និង បាន​លា​ចាកលោក​នៅ​​ឆ្នាំ​ ១៩៥២ ក្នុង​វ័យ​ ៦៨ ឆ្នាំ។

​​#ប្រធាន​ទី​ពីរ​

ប្រធាន​ក្រុមហ៊ុន​បន្ទាប់​គឺ​លោក​ Kiichiro Toyoda ដែល​កាន់​តំណែង​ចាប់​ពី​ឆ្នាំ​ ១៩៤១ ដល់​ ឆ្នាំ​ ១៩៥០។ បុគ្គល​ម្នាក់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ Toyota Motor Company មាន​ជីវិត​ដល់​សព្វ​ថ្ងៃ​ និង ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​ពិភពលោក។ នៅ​ថ្ងៃ​ឆ្នាំ​ ១៩៥០ លោក​ Kiichiro បាន​លា​លែង​ពី​តំណែង​​ដោយ​សារ​តែ​ផល​ចំណេញ​ និង បរិមាណ​លក់​មាន​ការ​ធ្លាក់​ចុះ។ ពីរ​ឆ្នាំ​ក្រោយ​គាត់​ក៏​បាន​លា​ចាក​លោក​នៅ​វ័យ​ ៥៧ ឆ្នាំ។

#ប្រធាន​ទី​បី

អ្នក​ស្នង​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​​បន្ទាប់​គឺ​លោក​ Taizo Ishida ដោយ​មិន​ប្រភព​បញ្ជាក់​ថា​​គាត់​មាន​ជាប់​សាច់​ឈាម​អ្វី​នឹង​គ្រួសារ​ត្រកូល​ Toyoda នោះ​ទេ។ លោក​ Taizo ឡើង​កាន់​តំណែង​​នៅ​ឆ្នាំ​ ១៩៥០ ដោយ​បាន​ដឹក​នាំ​ក្រុមហ៊ុន​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។ នៅ​ឆ្នាំ​ ១៩៥២ ពេល​ដែល​ក្រុមហ៊ុន​រីក​ចម្រើន​ឡើង​វិញ​​លោក​ Taizo បាន​សុំ​ឲ្យ​លោក​ Kiichiro ត្រឡប់​មក​ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន​វិញ ប៉ុន្តែ​ពីរ​ខែ​ក្រោយ​ពី​ការ​ស្នើ​សុំ​នេះ​លោក​ Kiichiro ក៏​បាន​បាត់​បង់​ជីវិត​ទៅ។ លោក​ Taizo បន្ត​កាន់​កាប់​តំណែង​រហូត​ដល់​ឆ្នាំ​ ១៩៦១។

#ប្រធាន​ទី​បួន

លោក Fukio រាប់ពីឆ្វេងដំបូងគេ

ប្រធាន​ក្រុមហ៊ុន​បន្ទាប់​គឺ​លោក​ Fukio Nakagawa ចាប់​ពី​ឆ្នាំ​ ១៩៦១ ដល់​ ឆ្នាំ​ ១៩៦៧។ មិន​មាន​ព័ត៌មាន​អ្វី​ច្រើន​ទាក់​ទង​នឹង​លោក​ Fukio បាន​ចេញ​ផ្សាយ​នោះ​ទេ ​ដឹង​ត្រឹម​ថា​គាត់​បាន​បាត់​បង់​ជីវិត​នៅ​ឆ្នាំ​ ១៩៦៧ ក្នុង​វ័យ​ ៦៧ ឆ្នាំ។

​​​#ប្រធាន​ទី​ប្រាំ

លោក​ Eiji Toyoda ​ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​លោក​ ​Heikichi Toyoda (ប្អូន​ប្រុស​របស់​លោកSakichi Toyoda) ​ជា​ប្រធាន​ទី​ប្រាំ​ដែល​កាន់​តំណែង​ពី​ឆ្នាំ​ ១៩៦៧ ដល់​ ១៩៨១។ នៅ​ឆ្នាំ​ ១៩៨១ ក្រុមហ៊ុន​ Toyota​ Motor Company បាន​ប្រកាស​ពី​ផែនការ​ដាក់​បញ្ចូល​ក្រុមហ៊ុន​តែ​មួយ​ជា​មួយ​នឹង​ក្រុមហ៊ុន​ Toyota Motor Sales ដែល​ជា​អង្គភាព​ផ្នែក​លក់​មួយ​របស់​ Toyota Motor Company ផ្ទាល់។ Toyota Motor Sales មាន​លោក​ Shoichiro Toyoda ​ដែល​ត្រូវ​ជា​ក្មួយ​របស់​លោក ​Eiji ជា​ប្រធាន​។ ក្រោយ​ពី​ក្រុមហ៊ុន​ទាំង​ពីរ​លាយ​បញ្ចូល​គ្នា​​ក្រុមហ៊ុន​ក៏​បាន​ដូរ​ឈ្មោះ​ទៅ​ជា​ Toyota Motor Corporation ដែល​ប្រើ​ដល់​សត្វ​ថ្ងៃ។

​​​​​​#ប្រធាន​ទី​ ៦

ក្រោយ​ពី​ការ​លាយ​បញ្ចូល​ក្រុមហ៊ុន​នេះ​ហើយ​លោក​ Shoichiro Toyoda ក៏​បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​ Toyota Motor Corporation ផង​ដែរ ដោយ​​កាន់​កាប់​ចាប់​ពី​ឆ្នាំ​ ១៩៨២ ដល់​ ឆ្នាំ​ ១៩៩២។ លោក​ Shoichiro បច្ចុប្បន្ន​មាន​វ័យ​ ៩២ ឆ្នាំ​ ហើយ​គិត​ត្រឹម​ឆ្នាំ​ ២០១៣ ​​មាន​ទ្រព្យ​សម្បត្តិ​ ៤០០ លាន​ដុល្លារ។

​​​​​​​​​​#ប្រធាន​ទី​ ៧

លោក​ Tatsuro Toyoda ជា​អ្នក​ឡើង​កាន់​តំណែង​បន្ត​ចាប់​ពី​ឆ្នាំ​ ១៩៩២ ដល់​ ឆ្នាំ​ ១៩៩៥ ដោយ​ត្រូវ​ជា​​ប្អូន​ប្រុស​របស់​លោក​ Shoichiro Toyoda និង ជា​កូន​ប្រុស​របស់​លោក​ Kiichiro Toyoda ផង​ដែរ។ បច្ចុប្បន្ន​លោក​ Tatsuro មាន​វ័យ​ ៨៨ ឆ្នាំ។

​​​​​​​​​#ប្រធាន​ទី​ ៨

លោក Hiroshi រាប់ពីឆ្វេងដំបូងគេ

ចាប់​ពី​ឆ្នាំ​ ១៩៩៥ ដល់​ ឆ្នាំ​ ១៩៩៩ ក្រុមហ៊ុន​ Toyota Motor Corporation មាន​លោក​ Hiroshi Okuda កាន់​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​ ដោយ​មិន​មាន​ជាប់​សាច់​ឈាម​នឹង​ត្រកូល​ Toyoda ឡើយ។ បច្ចុប្បន្ន​លោក​មាន​វ័យ​ ៨៤ ឆ្នាំ។

​​​​​​​​​#ប្រធាន​ទី​ ៩

នៅ​ឆ្នាំ​ ១៩៩៩ លោក​ Fujio Cho បាន​ឡើង​កាន់​តំណែង​បន្ទាប់​ពី​លោក​ Hiroshi Okuda និង​បាន​ក្លាយ​ជា​​ប្រធាន​ទី​ពីរ​ដែល​មិន​ជាប់​សាច់​ឈាម​នឹង​ត្រកូល​ Toyoda។ លោក​ Fujio ឡើង​កាន់​តំណែង​បាន​ ៦ ឆ្នាំ​ ត្រឹម​ឆ្នាំ​ ២០០៥ ហើយ​បច្ចុប្បន្ន​​មាន​វ័យ​ ៧៩ ឆ្នាំ។

​​​​​​​​#ប្រធាន​ទី​ ១០

លោក​ Katsuaki Watanabe ជា​ប្រធាន​ទី​បី​ដែល​មិន​ជាប់​សាច់​ឈាម​នឹង​ត្រកូល​ Toyoda ដោយ​បាន​ឡើង​កាន់​តំណែង​ពី​ឆ្នាំ​ ២០០៥ ដល់​ ឆ្នាំ​ ២០០៩។ មុន​នឹង​ឡើង​ធ្វើ​ជា​ប្រធាន​លោក​ Katsuaki ក៏​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ក្នុង​ក្រុមហ៊ុន​នេះ​ផង​ដែរ។

​​​​​​​​#ប្រធាន​​បច្ចុប្បន្ន

បន្ទាប់​មក​ទៀត​នៅ​ឆ្នាំ​ ២០០៩ ទើប​ត្រកូល​ Toyoda បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​​សា​ជា​ថ្មី​នោះ​គឺ​លោក​ Akio Toyoda ដែល​ត្រូវ​ជា​កូន​របស់​លោក​ Shoichiro Toyoda និង ត្រូវ​ជា​ចៅ​របស់​លោក​ Sakichi Toyoda ផង​ដែរ។ ​លោក​ Akio បាន​ចូល​រួម​ក្នុង​ក្រុមហ៊ុន​នៅ​ឆ្នាំ​ ២០០០ ក្នុង​តំណែង​ជា​នាយក​ក្រុម​ប្រឹក្សា ហើយ​នៅ​ឆ្នាំ​ ២០០៥ ក៏​បាន​ឡើង​តំណែង​ជា​អនុប្រធាន រហូត​ដល់​ឆ្នាំ​ ២០០៩ ទើប​បាន​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​ទល់​បច្ចុប្បន្ន៕​​​

ចុចអាន៖

ប្រភព៖ Wikipedia | Toyota   ប្រែ​សម្រួល៖ សុខហេង