អារ៉ាប់​ ចាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​ប្រេង​កាត​នៅ​កម្ពុជា

  • 2017-07-27 08:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហភាពអារ៉ាប់រួម ដែល​ជា​ប្រទេស​អ្នកមាន​បំផុត​មួយ​លើ​លោក​ ​បាន​មក​សិក្សា​ស្វែងយល់ ​ដើម្បី​វិនិយោគ​លើវិស័យ​ប្រេង​កាត​កម្ពុជា​ ​ខណៈ​ដែល​កម្ពុជា​ទើប​តែ​មាន​ជើង​យន្តហោះ​ត្រង់​ដំបូង​រវាង ទីក្រុង​ឌូបៃ និងភ្នំពេញ ​កាល​ខែ​​​ឧសភា​ថ្មីៗ​កន្លង​ទៅ​។

​នៅ​ថ្ងៃ​ទី​ ​២៧​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២០១៧​ ​ឯកឧត្តម​ ​សុខ ចិន្តាសោភា​ ​​អគ្គលេខា​ធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​និង​ឧត្តម​ ​សាយអ៊ីហ្វ​ ​អាល​សាម​ស៊ី​ ​អគ្គរាជទូត​ ​សហភាព​អារ៉ាប់​ ​អេមីរ៉េត​ ​ប្រចាំ​កម្ពុជា​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ស្ដី​ពី​ការ​ជម្រុញ​ និង​ការ​ការពារ​វិនិយោគ​ទៅ​វិញ​ទៅ​មក​ចំនួន​ ២៨​កិច្ច​ព្រមព្រៀង​។​ ​

ឯកឧត្តម​ ​សាយអ៊ីហ្វ​ ​អាល​សាម​ស៊ី​ & ឯកឧត្តម​ ​សុខ ចិន្តាសោភា​ ចុះ​កិច្ច​ព្រម​ព្រៀង​ទ្វេភាគី​ស្ដី​ពី​ការ​ជម្រុញ​ និង​ការ​ការពារ​វិនិយោគ​ទៅ​វិញ​ទៅ​មក

កិច្ច​ព្រមព្រៀង​នេះ​ជា​ឧបករណ៍​សំខាន់​មួយ​ក្នុងការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ព្រោះ​លិខិតូបរកណ៍​មាន​ស្ដង់ដារ​អន្តរជាតិ​ក្នុង​ការ​ធានា​ជូន​អ្នក​វិនិយោគ​បរទេស​ និង​ការ​វិនិយោគ​ដោយ​មិន​រើស​អើង​ និង​រវាង​អ្នកវិនិយោគ​សញ្ជាតិ​បរទេស​នានា ​ដោយ​មិន​ផ្ដល់​ភាព​ជា​សំខាន់​ទៅ​លើ​ប្រទេស​ណា​មួយ​ ពោល​គឺ​ផ្ដល់​នូវ​ការ​ធានា​​បន្ថែម​លើ​ច្បាប់​ជាតិ​ស្ដី​ពី​វិនិយោគ​ដែល​មាន​ស្រាប់​។

ទន្ទឹម​គ្នា​នោះ ​ឯកឧត្តម​ ​សោភា ​បាន​បង្ហើប​ដែរបន្ថែម​ថា​ ​«​វិនិយោគិន​អារ៉ាប់​ គេ​កំពុង​ចាប់​អារម្មណ៍​​លើ​វិស័យ​ប្រេង​កាត​នៅ​កម្ពុជា​ ​ព្រោះ​យើង​ដឹង​ហើយ​ថា ​អារ៉ាប់​គេ​មាន​បំពង់​ប្រេង​កាត​ពាស​ពេស​ចេញ​ពី​សមុទ្រ​ខ្សាច់​ ហើយ​គេ​មាន​ធនធាន​ក្នុង​វិស័យ​នេះស្រាប់... ហើយ​ខ្ញុំ​គ្រាន់​តែដឹង​តាម​អគ្គ​រាជទូត​អារ៉ាប់​នៅ​កម្ពុជា​ថា​ ឥឡូវ​គេ​បាន​មក​ស្វែង​យល់ ​និង​សិក្សា​សក្ដា​នុពល​នៅ​កម្ពុជា​»។

ឯកឧត្តម​ ក៏​បង្ហាញ​ក្ដីសង្ឃឹម​វិជ្ជមាន​ជុំវិញ​ការវិនិ​យោគ​ពី​ប្រទេស​អារ៉ាប់​នេះ​ថា​ ​ឥឡូវ​កម្ពុជា​មាន​ជើង​ហោះ​ត្រង់​នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍​ Emirates ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ សម្រាប់​អ្នក​រកស៊ី​គេ​មក​ដោយ​ផ្ទាល់​ ​ដែល​នេះ​ជា​កា​លា​នុវត្ត​ភាព​របស់​គេ​ក្នុង​ការ​ស្វែង​រក​សក្ដានុពល​ដ៏​ធំ​នៅ​កម្ពុជា​។

​គួរ​ជម្រាប​ដែរ​ថា ​ប្រទេស​អារ៉ាប់​ទើប​តែ​មកបើអាជីវកម្មនៅកម្ពុជាលើកដំបូង តាមរយៈក្រុមហ៊ុនអាកាស​ចរណ៍​ Emirates ​ដោយ​មាន​ មាន​ជើង​យន្តហោះ​ត្រង់​ដំបូង​រវាង ទីក្រុង​ឌូបៃ និងភ្នំពេញ៕​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី