មាស ចាន់​ណា ថា ណាហ្គា ​បើ​មាន​សំណាង​មិន​មែន​ស្មើ​បឹង​កេត​ទេ

  • 2017-07-31 02:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល លើក​ឡើង​ថា ​ការ​លេង​ស្មើ​បឹង​កេត ១-១ ​មក​ពី​ក្រុម​របស់​​ខ្លួន​ខ្វះ​សំណាង​​ សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

លោក មាស ចាន់ណា

​ការ​ប្រកួត​រវាង​ ណាហ្គាវើល និង​បឹង​កេត​បញ្ចប់​ត្រឹម​លទ្ធផល​ ១-១។ ​គ្រាប់​បាល់​ទី​១ បឹង​កេង​ធ្វើ​ការ​នាំ​មុខ​មុន​ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ដោយ​​ខ្សែ​បម្រើ​ Maycon ​​នៅ​ចុង​វគ្គ​​ទី​១ ខណៈ​មួយ​គ្រាប់​របស់​ ណាហ្គាវើល រក​បាន​ដោយ​​ខ្សែ​ប្រយុទ្ធ​ ​Kipson ​ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ដូច​គ្នា​នៅ​ចុង​វគ្គ​ទី​២។

​​ ​ក្រោយ​ប្រកួត​ចប់​លោក​ មាស ចាន់​ណា បាន​ឲ្យ​ដឹង​ថា កូន​ក្រុម​របស់​លោក​ពិត​ជា​ធ្វើ​បាន​ល្អ ទោះ​មិន​អាច​រក​ជ័យ​ជម្នះ​បាន​ក៏​ដោយ ​យ៉ាង​ហោច​ណាស់​ក៏​​អាច​ជួយ​ក្រុម​ដណ្ដើម​បាន១​ពិន្ទុ​ពី​បឹង​កេត។ លោក​គិត​ថា ​ប្រកួត​នេះ​ប្រសិន​បើ​ ណាហ្គា មាន​សំណាង​ប្រហែល​ជា​អាច​ឈ្នះ​​ ​ពី​ព្រោះ​ឱកាស​មាន​ច្រើន​មែនទែន។

​លោក​បន្ថែម​ថា បឹង​កេត​លេង​ដោយ​​មាន​ភាព​​មោះមុត​ចង់​ឈ្នះ​ការ​ប្រកួត ​ដោយ​សារ​​ពួក​គេ​ចង់​ដណ្ដើម​តំណែង​ឡើង​មក​ Top 4 ។ ទោះ​ជា​យ៉ាង​ណា​លោក​ពិត​ជា​សប្បាយ​ចិត្ត ដែល​កូន​ក្រុម​ទាំង​អស់​​លេង​តាម​ការ​គ្រោង​ទុក ដោយ​លេច​ចេញ​នូវ​ទម្រង់​ដ៏​ល្អ​មួយ​។

បច្ចុប្បន្ន​ ណាហ្គាវើល ស្ថិត​នៅ​លេខ ៣​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ដោយ​មាន ២៦ ពិន្ទុ​ក្នុង​ចំណោម​ការ​ប្រកួត​ ១៤​លើក។ ខណៈ​ បឹង​កេត​ ស្ថិត​នៅ​លេខ ៥ ដោយ​មាន ២៤​ពិន្ទុ​ក្នុង​ចំណោម​ការ​ប្រកួត​ ១៤​លើក​ដូច​គ្នា៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​