អស្ចារ្យមែន! កកាយភ្លាមឃើញបដិមាកម្ពស់ជិត ២ ម៉ែត្រភ្លែត (មានវីដេអូ)
- 2017-07-31 02:04:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យមែន! កកាយភ្លាមឃើញបដិមាកម្ពស់ជិត ២ ម៉ែត្រភ្លែត (មានវីដេអូ)
ចន្លោះមិនឃើញ
បដិមាទ្វារបាលកម្ពស់ ១,៩០ ម៉ែត្រមួយអង្គ ត្រូវបានក្រុមការងារកំណាយរបស់អាជ្ញាធរជាតិអប្សរា និងមហាវិទ្យាល័យ បច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៃប្រទេសសិង្ហបុរី ប្រទះឃើញកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៧ នៅការដ្ឋានកំណាយក្បែរប្រាសាទទន្លេស្ងួត មានចម្ងាយប្រមាណ ១ គីឡូម៉ែត្រពីក្រុងអង្គរធំ។
លោក ខៀន ច័ន្ទ មន្ដ្រីជំនាញផ្នែកបុរាណវិទ្ យានៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា បដិមាមួយអង្គនេះត្រូវបានប្រទះឃើញដោយចៃដន្យ កាលពីថ្ងៃទី ២៩ ខែកក្កដាកន្លងទៅ ក្នុងពេលដែលក្រុមការងារទើបតែចាប់ផ្ដើមគម្រោងស្រាវជ្រាវ មន្ទីរពេទ្យទន្លេស្ងួតក្នុងជំហានទី១ ផ្តោតសំខាន់លើការសិក្សាអំពីផ្នែកខាងមុខ នៃមន្ទីរពេទ្យ និងទំនាក់ទំនងរវាងប្រឡាយមុខមន្ទីរពេទ្យ និងខឿននៃមន្ទីរពេទ្យ។ គម្រោងនេះចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
លោក បញ្ជាក់ថា បដិមានេះមាកម្ពស់១,៩០ ម៉ែត្រ និងទទឹងស្មា ០,៥៨ ម៉ែត្រ ស្ថិតក្នុងរចនាបថបាយ័ន សន្និដ្ឋានជាបឋមថា ជាទ្វារបាលដែលត្រូវដាក់នៅខាងមុខប្រាសាទទន្លេស្ងួតផ្ទាល់តែម្ដង។ បដិមានេះកំបុតព្រះហស្ដទាំងពីរត្រឹមស្មា និងកំបុតព្រះបាតស្តាំត្រឹមកជើង និងព្រះបាតឆ្វេងត្រឹមគល់ភ្លៅ។ ចំណែកដងខ្លួននិងព្រះកេសនៅមានក្បាច់ចម្លាក់សម្លៀកបំពាក់ និងក្បាំងសក់មានសភាពនៅស្អាតទាំងអស់។ លោកថា បដិមានេះ កប់ជ្រៅក្នុងដីប្រមាណត្រឹម ៤ តឹកប៉ុណ្ណោះ ដោយដេកផ្ងារពោះបែរព្រះកេសទៅទិសខាងលិច ទៅព្រះវិហារនៃមន្ទីរពេទ្យនេះ។
មន្ដ្រីដដែលឲ្យដឹងបន្ថែមថា ការប្រទះឃើញចម្លាក់បដិមាទ្វារបាលដ៏ធំនេះ ចាត់ថាជាសំណាងល្អមួយ ដែលអាចឲ្យយើងយកទៅរក្សាទុកក្នុងទីកន្លែងសមរម្យ ហើយងាយស្រួលសម្រាប់អ្នកស្រាវជ្រាវ ដើម្បីសិក្សាលម្អិតបន្ថែម។ បន្ទាប់ពីអ្នកជំនាញធ្វើកំណត់ត្រារួចរាល់ បដិមានេះនឹងត្រូវយកទៅតម្កល់ទុកក្នុងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ដើម្បីរក្សាសុវត្ថិភាព សម្អាតដុសលាង និងជួសជុលបន្ថែមទៀត៕