អ្នក​គ្រូពេទ្យ​ក្រ​មុំដ៏ស្រស់​ស្អាត មាន​បំណង​ធំ​ពីរ​គួរ​ឱ្យ​កោត​ស​សើរ (មានវីដេអូ)

  • 2017-08-01 02:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​និស្សិត​អាហារូបករណ៍​ នៅ​សាកល​វិទ្យា​ល័​យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​ត្រៀម​បញ្ចប់​ថ្នាក់​វេជ្ជបណ្ឌិត​ឯក​ទេ្ទ​ស​សោ​ភ័​ណ្ឌ​ស​ល្យ​សាស្ត្រ (Plastic surgery) នៅ​ឆ្នាំក្រោយ​ យុវតី​កម្ពុជា​មួយរូប ​មាន​គោល​បំណង​ធំ​ពីរ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​សុខាភិបាល ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​

​មាន​ទីកន្លែង​កំណើត​នៅ​រាជធានី​ភ្នំ​ពេញ កញ្ញា ម៉ម គឹមអេង មាន​គោល​បំណង​ទី​១ គឺ​ចង់​ក្លាយជា​គ្រូពេទ្យ​មួយរូប មាន​ទាំង​សមត្ថភាព និង​មាន​សីល​ធ​ម៌​ល្អ ខណៈ​កន្លង​មក​មាន​ការ​រិះ​គន់​ពី​អ្នក​ជំងឺ​ថា បាន​ប្រើពាក្យ​សំដី​មិនសម​រម្ យ​ពី​គ្រូពេទ្យ​មួយ​ចំ​នួន​តូច​។

“​ពាក្យ​អាក្រក់​ក៏​មួយ​ម៉ាត់ ពាក្យ​ល្អ​ក៏​មួយ​ម៉ាត់ ការ​ទ​ម្លាប់​ប្រើប្រាស់​ពាក្យ​ល្អ​ ក៏​ជួយ​មួយ​ផ្នែក​លើ​ការព្យាបាល​ខាង​ចិត្តសាស្ត្រ​ផងដែរ​។ គោល​បំណង​ទី​២ គឺ​ចង់​បង្កើត​មូល​និធិ​ថែទាំ​សុខភាព​មនុស្ស​ចាស់​។ មនុស្ស​ចាស់​មួយ​ចំនួន បាន​ប្រឈម​ទាំង​សុខភាព និង​គ្មាន​ចំណីអាហារ និង​ការថែទាំ​។ ដោយឡែក​បំណង​បង្កើតមូល​និ​ធី​មនុស្ស​ចាស់ ​ខ្ញុំ​កត់​សំ​គាល់​ថា ឃើញ​ចាស់ៗ​ខ្លះ​គាត់​គ្មាន​កូនចៅ​ទំ​នុ​ក​បម្រុង ប្រឈម​ទាំង​ផ្នែក​សុខភាព និង​ចំណីអាហារ​”​។​ ​ ​មែនទែនទៅ គឹមអេង ក៏​ធ្លាប់មាន​ប្រវត្តិ​ប្រឡូក ក្នុង​កិច្ចការងារ​ធ្វើ​ការងារ​ស​ង្គ​ម​ជាច្រើន​ផងដែរ​។ តាំងពី​អាយុ ១៣ ឆ្នាំ កញ្ញា​ធ្លាប់ជា​ប្រធាន​កម្មវិធី នៃ​គណៈកម្មការ​កុមារ ដើម្បី​ការពារ​សិទ្ធិ​កុមារ​។ ឆ្នាំ​ ២០០៤ ជា​តំណាង​កុមារ​កម្ពុជា ចូលរួម​ស​និ្ន​បាត​មេគង្គ​ប្រឆាំង​ការ ជួញដូរ​កុមារ និង​ស្ត្រី​។ ២០១១ ដោយ​ស្រលាញ់​មុខវិជ្ជា​វះកាត់ កញ្ញា​បាន​ស្ម័គ្រចិត្ត​ជា Medical Assistant ឱ្យ​អង្គការ Humanittera ក្រុមគ្រូពេទ្យ​បារាំង វះកាត់​ជូន​ប្រជា​ជន ដោយ​មិន​គិតថ្លៃ​។ ២០១១ ស្ម័គ្រចិត្ត​ធ្វើការ​នៅ Clinic De Belle Vie ។ ២០១៤ ស្ម័គ្រចិត្ត​ជា Medical Assistant ឱ្យ​អង្គការ Operation Smile និង Smile Cambodia វះកាត់​មាត់​ឆែប​ជូន​ប្រជា​ជន ដោយ​មិន​គិតថ្លៃ​។ ​ ​២០១៥-២០១៦ កញ្ញា​បាន​បង្កើត​មូល​និធិ​មួយឈ្មោះ Safe Cambodia ជួយ​ដល់​អ្នក​ជំងឺ​ក្រីក្រ ជូន​ថវិការ អាហារ​ហូបចុក និង​សម្ភារៈ​ផ្សេងៗ ឧបត្ថម្ភ​ពី​សប្បុរស​ជន​។ ការចូលរួម​ក្នុង​បេសកកម្ម និង​ការងារ​មនុស្ស​ធ​ម៌ ដូច​បាន​រៀបរាប់​ខាងលើ កញ្ញា​បាន​ទទួល​លិខិត​សសើរ​ជា​យុវ​ជន​គំ​រូ ពី​សម្តេច​តេ​ជោ​ផងដែរ​។ បច្ចុប្បន្ន គឹមអេង កំពុងបំ​រើ​ការងារ​ជា​គ្រូពេទ្យ​ផ្នែក​វះកាត់​ នៅ​ម​ន្ទីរ​ពហុ​ព្យាបាល​ខេ​មា Khema Clinic និង​ជា On Call សំរាប់ Clinic ផ្សេងៗ​ទៀត​។ និយាយ​ពី​ការ​ទំនុក​បម្រុង​ការសិក្សា​ជាង ១០ ឆ្នាំ​មក​នេះ គឹមអេង ដែល​ជា​កូនពៅ ក្នុង​ចំណោម​បងប្អូន ៦ នាក់ ឪពុក​ជាម​ន្ត្រី​រាជការ​ចូលនិវត្ត ម្តាយ​ជា​ស្ត្រី​មេផ្ទះ ហាក់​មាន​ការ​ប្រឈម​បន្តិ​ច​បន្តួច តែ​ដោយ​មាន​ការជួយជ្រោមជ្រែង​ពី​ឪពុកម្តាយ និង​បង​ប្អូន គឹមអេង មាន​កម្លាំង​ចិត្តខិត​ខំ​ប្រឹង​ប្រែង​សិក្សា​រៀ​ន​សូត្រ​។ ​

​រៀន​ពេទ្យ​ត្រូវ​ចំ​ណាយ​ពេល​ច្រើន​ទាំង​លើ​ការស្រាវជ្រាវ​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង​។ ពេល​អនុវត្ត​ការងារ​ដំបូង គឹមអេង ធ្លាប់​ត្រូវ​មុត​ដៃ​នឹង​ម្ជុល កាំបិត​និង​អំពូល​ថ្នាំ ព្រម​ទាំង​លាងមុខ​របួស​អ្នក​ជំងឺ ដែល​មាន​ខ្ទុះ​ឈាម ប៉ុន្តែ​មាន​ការរីករាយ​ទៅ​នឹង​កិច្ចការងារ​របស់ខ្លួន បើ​ទោះជា​ពេលខ្លះ​ត្រូវ​យាម និង​ធ្វើ​ការវះកាត់​ទល់​ភ្លឺ និង​ស្ទើតែ​បាក់​កម្លាំងក្តី​ ក៏​នៅតែ​តស៊ូ​ជម្នះ​ការ​លំ​បាក ព្រោះ​នេះ​គឺជា​ឱកាស​មួយ​ ដែល​អាចឱ្យ​កញ្ញា​ក្រេប​ជ​ញ្ជ​ក់​នូ​វ​ចំ​ណេះ​ដឹង​។ ​ ​គឹមអេង ធ្លាប់​ទៅ​ចុះ​កម្មសិក្សា Plastic surgery រយៈពេល​មួយខែ​នៅ មន្នីរ​ពេទ្យ Saint Joseph , ទីក្រុង Marseille ប្រទេស​បារាំង តាម​រយៈ​អង្គការ Humaniterra ផងដែរ​។ មាន​រឿង​មួយ​ដែល​កញ្ញា​ចងចាំ​មិនអាច​បំភ្លេចបាន និង​ធ្វើឱ្យមាន​អារម្មណ៍​ក្តុកក្តួល នៅពេលដែល កញ្ញា​បាន​ប្រាប់​ទៅ​ប្រពន្ធ​អ្នក​ជំងឺ​ម្នាក់​ថា ប្តី​គាត់​ត្រូវ​ទទួល​យក​ការវះកាត់ ដោយ​មាន​ប៉ះទង្គិច​ឈាមកក​ក្នុង​ខួរក្បាល និង​បាក់ឆ្អឹង​មុខ​។ ស្រាប់តែ​ប្រពន្ធ​គាត់​យំ​ឱ​បកញ្ញា ហើយ​និយាយថា មេត្តាជួយ​ប្តី​គាត់​ផង គាត់​មាន​ប្តី​តែមួយ​ហ្នឹង​ទេ​។

ប្តី​គេ បង​គេ បង​យើង ប៉ា​គេ ប៉ា​យើង អ្នកណា​មិន​ខ្លាច​បាត់បង់​មនុស្ស​ជា​ទីស្រលាញ់ ? ពេល​នោះ​កញ្ញា និង​ក្រុម​គ្រូ ពេទ្យ​សន្យាថា នឹង​ខំប្រឹង​ព្យាយាម​អស់ពី​សម្ថ​ភាព​។ ការវះកាត់​ក៏​ប្រព្រឹត្តិ ដោយ​ជោគ​ជ័យ​។ នេះ​ជា​អ្វីដែល​គ្រូពេទ្យ​គ្រប់​រូប​ប្រាថ្នា​។ កញ្ញា​បាន​ថ្លែង​អំណរគុណ​ដល់ លោកគ្រូ​-​អ្នកគ្រូ ដែល​បាន​ខិត​ខំអស់​សមត្ថភាព​បង្ហា​ត់​បង្ហាញ​ទាំង​នៅ​សាលា និង​ម​ន្ទីរ​ពេទ្យ ឱ្យ​កញ្ញា​ចេះ​កាន់​កន្ត្រៃ កាំបិត និង​ដេរ​មុខរបួស ក្នុង​គោល​បំណង​តែមួយ គត់​គឺ​ចង់ឃើញ​កូនសិស្ស​ក្លាយជា​គ្រូពេទ្យ​ដ៏​ល្អ និង​មាន​ក្រម​សី​លធ​ម៌​។ កញ្ញា​ចាត់ទុក​ការ​ស្តីឱ្យ​របស់​លោកគ្រូ​-​អ្នកគ្រូ គ្រាន់តែ​ជាការ​ប្រៀនប្រដៅ​ឱ្យ​សិស្ស​របស់​ខ្លួន​ ឱ្យមាន​ចំ​ណេះ​ដឹង​ពិតប្រាកដ ដើម្បី​ចូលរួម ចំណែក​បម្រើ​ដល់​វិ​ស័​យ​សុខភាព​សាធារណៈ តែ​ប៉ុណ្ណោះ​។ បើ​គ្មាន​លោកគ្រូ​-​អ្នកគ្រូ​ទេ ម្ល៉េះក៏​គ្មាន​ថ្ងៃ​នេះ​ដែរ​។ តាំង​នាម​ឱ្យ​គ្រូពេទ្យ​ជំនាន់​ក្រោយ កញ្ញា គឹមអេង រួមទាំង​រៀមច្បង ប្តេជ្ញា​ថា នឹង​ទាញ​យក ទំនុកចិត្ត​ពី​ប្រជា​ជន​កម្ពុជា​មក​វិ​ញ ឱ្យបាន​ជា​អតិបរិមា ដើម្បី​រក្សា​សុខភាព​ប្រជា​ជន កម្ពុជា​ឱ្យមាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា ដោយ​មិន​ប្រកាន់​វណ្ណ​: ពណ៌​សម្បុរ អ្វី​ទាំងអស់​។

​គឹម អេង បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​ជំនាន់​ក្រោយ​ដែល​ស្រលាញ់​មុខ​វិជ្ជាពេទ្យ មុខ​វិជ្ជាពេទ្យ មិនមែន​ដើម្បី​ក្លាយជា​អ្នកមាន​នោះទេ តែ​ជា​អ្នក​សង្គ្រោះ។ ជីវិត​និស្សិត​ពេទ្យ ប្រឈម​ការលំ​បាក​ច្រើន ហើយ​ត្រូវ​លះបង់​ទាំង​ការ​ចំណាយ​ផ្សេងៗ និង​ទាំង​ពេលវេលា ច្រើន​ឆ្នាំ អាច​ដល់​មួយ​ទស្សវត្ស​។ បើ​ហត់​ខ្លាំង ស្ត្រេ​ស​ខ្លាំង សម្រាកបន្តិ​ច​ទៅ ហើយ​ដើរ​ទៅមុខ​ទៀត កុំ​ខ្លាច នៅពេលដែល​យើង​មិនទាន់​បាន​ជោគ​ជ័យ អ្វី​ដែល​គួរ​ឱ្យ​ខ្លាច គឺ​ភាព​ចុះចាញ់ នៃ​ការ​បរា​ជ័យ​ច្រើនលើកច្រើនសារ​។ គ្មាន​អ្វី​ដែល​បាន​មក​ស្រួល​ស្រួល​ទេ​។ ទំនួលខុសត្រូវ វា​បាន​ហ្វឹកហាត់​សមត្ថភាព​ឱ្យ​​កាន់តែ​រឹងមាំ​ឡើង បូករួម​ជាមួយ​ភាព​ឧស្សាហ៍​ព្យាយាម​ផងដែរ​។ មិន​មាន​អ្នកណា​ដែល​មិន​ចេះ​ខ្ជិល​ទេ​រួមទាំង​កញ្ញា​ផង​នោះ តែមនុស្ស​ត្រូវ​កំណត់គោល​ថា ​ត្រូវតែ​សម្រេច​វា​ឱ្យបាន​។ ជា​និស្សិត​ពេទ្យ ​ត្រូវ​ចេះ​ហាត់ពត់​ក្រម​សីល​ធ​ម៌ ដូចជា​ការនិយាយ​ពិ​រោះ​ពិសារ បង្កើត​ឱ្យទៅ​ជាទ​ម្លាប់​។

គឹមអេង ចាត់ទុក​ការ​បោះជំហាន​មកដល់​ចំ​ណុ​ច​នេះ​គឺជា​ភាព​ជោគ​ជ័​យ​ជំ​ហា​នទី​១ សម្រាប់​ខ្លួនឯង ប៉ុន្តែ​ក៏​មិន​ភ្លេច​ឡើយ អរគុណ​ដល់​លោកឪពុក​-​អ្នក​ម្តាយ បង​ប្អូន​មិត្ត​ភ័​ក្កិ លោកគ្រូ អ្នកគ្រូ និង គ្លីនិក ម​ន្ទីរ​ពេទ្យ ទាំងអស់ ដែល​បាន​គាំទ្រ លើកទឹកចិត្ត និង​ផ្តល់ឱកាស​ដល់​កញ្ញា ដើម្បី​ក្លាយជា​ធន​ធាន​មនុស្ស​ជួយ​ដល់​គ្រួសារ និង​ស​ង្គ​ម​ជាតិ​៕​

អត្ថបទ៖ សុផល

អត្ថបទថ្មី