Liverpool ត្របាក់ Bayern ៣-០ ឡើងវគ្គផ្ដាច់ព្រ័ត្រ Audi Cup

  • 2017-08-01 23:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង្សក្រហម Liverpool បានយកឈ្នះ Bayern Munich ៣ ទល់នឹង ០ ដើម្បីកក់កៅអីទៅវគ្គផ្ដាច់ព្រ័ត្រពាន Audi Cup។

ការប្រកួតនៅទឹកដីអាល្លឺម៉ង់កាលពីយប់មិញ លេងបានតែ៧នាទី Firmino បានបញ្ជូនបាល់ឲ្យ Mane ដែលទើបជាពីរបួស ស៊ុតជើងឆ្វេងបញ្ចូលទីយ៉ាងល្អឲ្យ Liverpool នាំមុខ ១-០។ Bayern មានបាល់ស៊ុតច្បាស់ៗច្រើនដងដែរ តែបានត្រឹមក្បែរបង្គោលទីប៉ុណ្ណោះ។

នៅនាទី២៤ Moreno បានទាត់ Free Kick សំដៅទីយ៉ាងល្អតែត្រូវអ្នកចាំទីជួយសង្គ្រោះបាន។ នាទី៣៣ Liverpool នាំមុខមួយគ្រាប់ទៀតជាការតែតបញ្ចូលទីរបស់ Salah ក្រោយអ្នកចាំទីលោតទះបាល់ពីការស៊ុតរបស់ Moreno ហើយបាល់ខ្ទាតមកក្រៅ។

ដោយឡែកនៅនាទី ៧៥ Grujic បានស៊ុតក្នុងប្រអប់បញ្ចូលទីយ៉ាងល្អតែអាជ្ញាកណ្ដាលសម្រេចឲ្យបាល់ ក្រៅល្បែង (Off Side) ដោយសារមានកីឡាករ Liverpool ម្នាក់ឈរមុខទី។ យ៉ាងណាក៏ដោយ ក្រុមលេខ៤មកពីអង់គ្លេសនៅតែអាចរកគ្រាប់បាល់ទី៣បាន នៅនាទី៨៣ ជាការស៊ុតរបស់ខ្សែប្រយុទ្ធ Daniel Sturridge ដោយចុចរំលងអ្នកចាំទី។

ក្រុមលោក Jurgen Klopp មិនទាន់ស្គាល់ពាក្យថាបរាជ័យនៅឡើយទេនៅការប្រកួត Pre-season ហើយនឹងឡើងទៅប៉ះ Atletico Madrid នៅថ្ងៃព្រហស្បតិ៍នេះដើម្បីដណ្ដើមពាន Audi Cup៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទថ្មី