Google ជួល​ក្មេង​ឥណ្ឌា​វ័យ​ ១៦ ឆ្នាំ​ឲ្យ​ធ្វើ​ការ​​​ មួយ​ឆ្នាំ​បាន​ ២ សែន​ដុល្លារ

  • 2017-08-03 04:28:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដំណឹង​ថា​​ក្រុមហ៊ុន​យក្ស​ Google ជួល​ក្មេង​ជំទង់​ជន​ជាតិ​ឥណ្ឌា​ឲ្យ​​ចូល​បម្រើ​ការងារ​​កំពុង​តែ​កក្រើក​ខ្លាំង​ក្នុង​ប្រទេស​ឥណ្ឌា។

សារព័ត៌មាន​ក្នុង​ស្រុក​ដ៏​ធំ​របស់​ឥណ្ឌា​បាន​ចុះ​ផ្សាយ​ថា​​ក្មេង​ជំទង់​វ័យ​ ១៦ ឆ្នាំ​ឈ្មោះ​ Harshit Sharma នឹង​ចូល​រួម​ក្នុង​​ក្រុម​ឌីហ្សាញ​ក្រាហ្វិក​​នៅ​ចុង​ខែ​នេះ​ ក្នុង​សហរដ្ឋអាមេរិក។ យុវជន​មួយ​រូប​នេះ​ត្រូវ​បាន​កំណត់​រួច​​រាល់​ហើយ​ ថា​នឹង​ហ្វឹកហាត់​នៅ​ Google រយៈពេល​មួយ​ឆ្នាំ​ដោយ​អំឡុង​ពេល​នេះ​អាច​ទទួល​បាន​ប្រមាណ​ ៦ ២០០ ដុល្លារ​ក្នុង​មួយ​ខែ។ ពេល​បញ្ចប់​ការ​ហ្វឹក​ហាត់​​ Harshit នឹង​ទទួល​បាន​ប្រាក់​ខែ ១៨ ៨០០ ដុល្លារ​ក្នុង​មួយ​ខែ នាំ​ឲ្យ​មួយ​ឆ្នាំ​អាច​រក​បាន​ ២២ ម៉ឺន​ដុល្លារ​ឯណោះ។

Harshit ជា​​​សិស្ស​ដែល​សិក្សា​នៅ​​អនុវិទ្យាល័យ​ Government Model នា​ទីក្រុង​ Chandigarh។ យុវជន​រូប​នេះ​បាន​និយាយ​ថា​​ធ្លាប់​បាន​ស្វែង​រក​ការងារ​តាម​អ៊ីនធឺណិត ហើយ​ថ្ងៃ​មួយ​ក៏​ស្វែង​រក​ប៉ះ​ចំ​ការងារ​នេះ។ យុវជន​មក​ពី​គ្រួសារ​ខ្សត់ខ្សោយ​នេះ​បាន​បន្ថែម​ថា​បាន​ដាក់​ពាក្យ​តាំង​ពី​ខែ​ឧសភា និង​​បាន​ធ្វើ​ការ​សម្ភាសន៍​តាម​អនឡាញ ហើយ​ត្រូវ​បាន​គេ​រើស​ដោយ​សារ​តែ​ស្នាដៃ​នៃ​ការ​ឌីហ្សាញ​របស់​ខ្លួន។

ទន្ទឹម​នឹង​នេះ​ដែរ​ខាង​​ក្រុមហ៊ុន​ Google ​បាន​បញ្ជាក់​ថា​មិន​បាន​ជួល​សិស្ស​ណា​ម្នាក់​ដែល​សិក្សា​នៅ​ទីក្រុង​ Chandigarh នា​ថ្មីៗ​នេះ​ទេ។ យ៉ាងណាក្ដី​មាន​ការ​ប្រកាស​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្លូវ​ការ​មួយ​របស់​​រដ្ឋបាល​ទីក្រុង​ Chandigarh ពី​​នេះ​​កាល​​ពី​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា៕ ​​​​​​​​​​​

អត្ថបទ៖ សុខហេង