ចំណុច​ធំ​ៗធ្វើ​ឲ្យ​ Neymar សម្រេច​ចិត្ត​ដើរ​ចេញ​ពី Barcelona

  • 2017-08-03 08:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៩០​% Neymar ជិត​ផ្ទេរ​​ពី​ Barcelona ទៅ Paris Saint-Germain មែនទែន​ហើយ​ក្នុង​តម្លៃ​កប់​ពពក​១៩៨​លាន​ផោន។ តាម​ព័ត៌មាន​ចុងក្រោយ​ប្រសិន​កីឡាករ​ប្រេស៊ីល​រូប​នេះ​ទៅ​មែន Javier Pastore របស់ PSG​ ព្រម​ប្រគល់​ឲ្យ​​អាវ​លេខ​១០​របស់​គេ​ទៅ Neymar។

អ្វី​ដែល​គេ​ចម្ងល់​និង​ធ្វើ​ឲ្យ​គ្រប់គ្នា​ចង់​ដឹង​បំផុត​នោះ ហេតុ​អ្វី​បាន​ជា​​សុខ​ៗ Neymarចង់ចេញ​ពី​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ ស្រប​ពេល​​ធ្លាប់​ជួយ​ក្រុម​​ឈ្នះ​ពាន​ជា​ច្រើន​ និង​រីករាយ​នៅ​ទី​នោះ។ លោក Tim Vickery ដែល​ជា​អ្នក​ជំនាញ​ខាង​បាល់ទាត់​សញ្ជាតិ​ប្រេស៊ីល​​ដ៏​ល្បី​​​​​​និង​ជា​អ្នក​តាមដាន​​អាជីព​បាល់​ទាត់​របស់ Neymar តាំង​ពី​ចាប់​ផ្ដើម​លេង​បាន​លើក​ហេតុផល​មួយ​​ចំនួន​ទៅ​កាន់​សារព័ត៌មាន Sky Sports អំពី​ការ​ចាកចេញ​របស់ Neymar។

ចំណុច​ទី​១៖ Neymar ចង់​បង្កើត​មហិច្ឆតា​​ផ្ទាល់​ខ្លួន ព្រោះ​នៅ​ Barcelona គេមាន​ឈ្មោះ​ត្រឹម​តួ​រងប៉ុណ្ណោះ​នៅ​ពី​ក្រោម Messi។ Neymar មក​ប្រទេស​អេស្ប៉ាញ​គឺ​ចង់​ជំនួស​តំណែង​ Messi នៅ Barca ប៉ុន្តែ​គ្រប់​គ្នា​ដឹង​ហើយ Messi ទើប​តែ​ចុះ​ក្រុង​ត្រា​ថ្មី​៤​ឆ្នាំ​ទៀត​ជាមួយ​​ក្លឹប ដូច្នេះ​បើ​បន្ត​នៅ​ គឺ​ត្រឹម​ជា​តួ​រង​ដដែល។

ចំណុច​ទី​២៖ ផ្លាស់​ទៅ PSG អតីត​កីឡាករ​ Santos រូប​នេះ​នឹង​បាន​ប្រាក់​បដិវត្តន៍​ច្រើន ហើយ​អាច​ឈ្នះ​ពាន​កីឡាករ​ល្អ​​ប្រចាំ​ឆ្នាំ​ទៀត។ តាម​ការ​ចុះ​ផ្សាយ Neymar នឹង​ទទួល​ថ្លៃ​នឿយហត់​ ៨៦៥០០០​ផោន​ ក្នុង​មួយ​សប្ដាហ៍​ ឬ​ជាង​៤០​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​។ កាល​ពី​ឆ្នាំ​២០១៥ កីឡាករ​រូប​នេះ​​​បាន​ស្ថិត​នៅ​បញ្ជី​ឈ្មោះ​ដណ្ដើម​ពាន Ballon d'Or ៣​នាក់​ចុងក្រោយ ប៉ុន្តែ​​គេ​បាន​ត្រឹម​​ជាប់​លេខ​៣ ​នៅ​ក្រោម Messi និង​ Cristiano Ronaldo។ ប្រសិន​​ជា​ដើរ​​ចេញ​ គេ​​​អាច​មាន​ឱកាស​ឈ្នះ​ពាន​ធំ​នេះ​ដូច​សិស្ស​ច្បង​ប្រេស៊ីល​មុន​ៗ​ដូច​ជា Rivaldo, Ronaldinho និង Kaka ជា​ដើម។

ចំណុច​ទី​៣៖ Neymar អាច​រៀន​ពី​របៀប​​​ទំនួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង។ កីឡាករ​ប្រេស៊ីល​រូប​នេះ​តែងតែ​ដើរ​តួ​សំខាន់​និង​​​​ទទួល​បាន​ការ​សរសើរ​ ពេល​ដែល​ Messi អវត្តមាន​ក្នុង​ក្រុម។ ជាពិសេស​កាល​លេង​ប៉ះ​ PSG នៅ Champions League កាល​ពី​រដូវ​កាល​មុន Neymar ជា​កីឡាករ​សំខាន់​​ជាង​គេ​ជួយ​ក្រុម​​ឈ្នះ​ដល់​ទៅ ៦-១ បាន​ឡើង​ទៅ​វគ្គ​បន្ត។ នេះ​អាច​បញ្ជាក់​ថា ប្រសិន​ប្ដូរ​ក្លឹប​នោះ​គេ​នឹង​ក្លាយ​ជា​តួ​ឯក៕​​

ចុចអាន៖

​​​

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម