រៀនចប់វិស្វករ បែរដើរស៊ីឈ្នួល​លាងបង្គន់តាមផ្ទះ ព្រោះ​ហេតុផល​មិននឹកស្មាន

  • 2017-08-03 10:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ជន​ជាតិ​ម៉ាឡេស៊ី​ម្នាក់​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​ផង អាណិត​ផង ព្រោះ​តែ​រៀន​ចប់​ផ្នែក​វិស្វករ​សំណង់ បែរ​មក​ធ្វើ​ការ​ជា​អ្នក​លាង​បង្គន់​តាម​ផ្ទះ​ទៅ​វិញ។

នាង Siti Nursyazalina Zailani

និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​ខ្លួន​ខិត​ខំ​ស្វះ​ស្វែង​រក​ការ​ងារ​ឲ្យ​ត្រូវ​ជំនាញ​ជា​ច្រើន​ខែ​ដែរ ​ប៉ុន្តែ​បាន​ត្រឹម​តែ​ខក​ចិត្ត គេ​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត ទើប​សម្រេច​ចិត្ត​រក​ការងារ​សម្អាត​តាម​ផ្ទះ​​ដើម្បី​រក​ចំណូល។

នាង Siti Nursyazalina Zailani អាយុ ២៦ឆ្នាំ ទើប​បញ្ចប់​​ថ្នាក់​បរិញ្ញាបត្រ​វិស្វករ​សំណង់។ នាង​មិន​ធ្លាប់​គិត​ថា ការ​ងារ​ទទួល​​បាន​ពេលនេះ គឺ​ខុស​ស្រឡះ​ពី​មុខ​វិជ្ជា​សិក្សា​នៅ​សាកល​វិទ្យាល័យ​នោះ​ទេ។ ទោះ​ចង់ មិន​ចង់ នាង​បាន​បង្ខំ​ចិត្ត​ធ្វើ​ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព ខណៈ​ពេល​រស់​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ។

នាង​រៀប​រាប់​ថា "​ខ្ញុំ​បាន​ជ្រើស​រើស​យក​ការ​ងារ​នេះ ព្រោះ​ជា​ការងារ​អាច​ដូរ​វេន​ធ្វើ​ការ​បាន​ ប្រសិន​បើ​យើង​ប្រឹង​ធ្វើ​ការ​ឲ្យ​ច្រើន​បន្តិច ​យើង​នឹង​អាច​រក​ចំណូល​​បាន​ប្រមាណ ៤៧០​ដុល្លារ​ក្នុង​មួយ​ខែ"។ មែន​ទែន​ទៅ នាង​បាន​​ធ្វើ​ការ​​ជា​អ្នក​លាង​សម្អាត​​តាម​ផ្ទះ ឬ​ហៅ Maideasy ជិត​​មួយ​ឆ្នាំ​ហើយ តែ​ពេល​នេះ​នាង​ចង់​បាន​ការ​ងារ​ប្រសើរ​ជាង​បច្ចុប្បន្ន។

ធ្វើ​ការ​អ្នក​សម្អាត​បណ្ដើរ ស្វែង​​រក​ការងារ​បណ្ដើរ នាង​នៅ​តែ​មិន​អាច​រក​ការ​ងារ​​ល្អ​បាន។ "ខ្ញុំ​មិន​អាច​ចំណាយ​ពេល​ជ្រើស​រើស​ការងារ​​យូរ​ទេ ព្រោះ​មាន​តែ​ម្ដាយ និង​ប្អូន​ ៥នាក់​ផ្សេង​ទៀត​រង់​ចាំ​ឲ្យ​ជួយ។ ប្រសិន​បើ​ខ្ញុំ​ធ្វើ​ការ ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ ៥​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ គឺ​ទទួល​បាន​ប្រាក់ខែ​ប្រហាក់​ប្រហែល​ការ​ងារ​ក្នុង​ការិយាល័យ ឬ​ស្មើ​នឹង​អ្នក​ទើប​បញ្ចប់​ការ​សិក្សា​ដែរ។ យុវជន​ភាគ​ច្រើន​ងាយ​រង​គ្រោះ​អត់​ការ​ងារ​ធ្វើ ព្រោះ​ខ្វះ​បទ​ពិសោធន៍ ​មិន​ទទួល​បាន​ព័ត៌មាន​ទាក់​ទង​ការងារ និង​មិន​សូវ​មាន​ទំនាក់​ទំនង​ជាមួយ​និយោជក"។ ​នាង​បន្ត។

គួរ​បញ្ជាក់​ថា អត្រា​យុវជន​អត់​ការ​ងារ​ធ្វើ​របស់​ម៉ាឡេស៊ី​មាន​ចំនួន ១០,៧% ក្នុង​ឆ្នាំ ២០១៥ ហើយ​ចំនួន​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ បន្ត​កើន​ឡើង​ដោយ​សារ​តម្លៃ​ប្រាក់​ឈ្នួល​ទាប៕

នាង Siti Nursyazalina Zailani

ចុចអាន៖

ប្រភព៖ worldofbuzz   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម