នឹងមានអ្វីកើតឡើង បើជ្រុះបាត់លិខិតឆ្លងដែននៅម៉ាឡេស៊ី?

  • 2017-07-10 08:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • លិខិត​ឆ្លងដែន​ម៉ាឡេស៊ី មាន​ឥទ្ធិពល​បំផុត​ទី៤ លើលោក និង​អាច​ធ្វើ​ដំណើរ​ទៅកាន់ ១៥៦​ប្រទេស​ពុំ​ចាំបាច់​វីសា
  • អ្នក​បាត់​លិខិត​ឆ្លង​ដែន ៧២% ដោយ​សារ​វង្វេង​ដៃ​ទុក
  • បើ​បាត់​លិខិត​ឆ្លងដែន​លើក​ទី​មួយ​នឹង​ពិន័យ ៤៦ដុល្លារ

លិខិត​ឆ្លងដែន​របស់​ប្រទេស​ម៉ាឡេស៊ី បាន​ជាប់​ចំណាត់​ថ្នាក់​ជា​លិខិត​ឆ្លងដែន​មាន​ឥទ្ធិពល​បំផុត​ទី​ ៤​ ក្នុង​លោក​ស្មើ​នឹង​ប្រទេស​ជប៉ុន ស្វីស ហូឡង់ បែលហ្សិក លុចហ្សំបួរ​ អូទ្រីស និង​ព័រទុយហ្គាល់។ នេះ​បើ​តាម​ការ​ចាត់​ថ្នាក់​របស់ Global Passport Power Rank 2017។

​ក្នុង​ឆ្នាំ ២០១៧ ​អ្នក​បាត់​លិខិត​​ឆ្លង​ដែន​ជិត ៧២% ​អះអាង​ថា ​ពួក​គេ​មិន​ចាំ​​​កន្លែង​ទុក​។ នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី ​មាន​ការ​ធុញ​ទ្រាន់​​នឹង​ការ​ឮ​ម្ដង​ហើយ​ម្ដង​ទៀត​ពី​ពលរដ្ឋ​​ចំពោះ​ការ​ដោះ​សារ​ថា​ វង្វេង​កន្លែង​ទុក​លិខិត​ឆ្លង​ដែន​ រួច​មក​រក​មន្ត្រី​ឲ្យ​ជួយ​ដោះ​ស្រាយ។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក Mustafar Ali ​បាន​ក្រើន​រម្លឹក​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ទាំង​អស់​​ត្រូវ​ប្រុង​ប្រយ័ត្ន​​ខ្ពស់ និង​ទទួល​ខុស​ត្រូវ។ លិខិត​ឆ្លង​ដែន​ម៉ាឡេស៊ី ស្ថិត​ក្នុង​ចំណោម​ឯកសារ​ដែល​​​ចាំបាច់​បំផុត​ក្នុង​លោក​សម្រាប់​ធ្វើ​ដំណើរ ហើយ​គេ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់ ១៥៦​ ប្រទេស ដោយ​មិន​ត្រូវ​ការ​ទិដ្ឋាការ (វីសា)។

ចំពោះ​ការ​ធ្វើ​ឲ្យ​បាត់​បង់​វិញ ច្បាប់​នឹង​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន ២០០ រីងហ្គីត (រូបិយប័ណ្ណ​​ម៉ាឡេស៊ី) ឬ​ប្រមាណ ៤៦​ដុល្លារ មុន​ប្រគល់​ថ្មី​ឲ្យ។ បើ​បាត់​​ជា​លើក​ទី​​ពីរ​នឹង​ពិន័យ ៥០០​ រីងហ្គី ​ប្រមាណ ១១៦​ដុល្លារ និង​បាត់​​លើក​ទី ៣ ពិន័យ ១ពាន់​រីងហ្គីត ឬ​ចំនួន ២៣២​ដុល្លារ​ឯ​ណោះ។ ប៉ុន្តែ​ការ​បាត់​បង់​ដោយ​សារ​ចោរ​លួច ឬ​គ្រោះ​ថ្នាក់ មិន​ត្រូវ​ផាក​ពិន័យ​ឡើយ​។

ឯ​តម្លៃ​ធម្មតា​​សម្រាប់​ធ្វើ​លិខិត​ឆ្លង​ដែន គឺ ៤៦​ដុល្លារ មាន​សុពល​ភាព ៥ឆ្នាំ តែ​អាច​បញ្ចុះ​តម្លៃ​ពាក់​កណ្ដាល​ចំពោះ​ពលរដ្ឋ​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង​ទៅ និង​ក្មេង​​អាយុ​ក្រោម ១២​ឆ្នាំ រួម​ទាំង​​និស្សិត​អាយុ​ក្រោម ២១​ឆ្នាំ​ដែល​ចង់​ទៅ​សិក្សា​​នៅ​ក្រៅ​ប្រទេស៕

ចុចអាន៖

ប្រភព៖ The Star   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម