ដំណឹង​ល្អ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផ្លូវ​ក្រវាត់​ក្រុង​ទី២

  • 2017-08-04 04:40:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​ក្រវាត់​ក្រុង​ទី២ ចាប់​ពី​ផ្លូវ​លេខ​២១៧(ចម្ការ​ដូង) ដល់​មហាវិថី​សម្ដេច​តេជោ ហ៊ុន សែន ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ចរាចរ​សម្រាប់​ ម៉ូតូ និង​រថយន្ត​ខ្នាត​តូច ជា​បណ្ដោះ​អាសន្ន។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន។

គួរ​ជម្រាប​ជូន​ថា ផ្លូវ​ក្រវាត់​ក្រុង​ទី ២ កំណាត់​ទី២​ ដែល​ត​ភ្ជាប់​ពី​ផ្លូវ​សហព័ន្ធ​រុស្សី (ត្រង់​ស្តុប​ផ្សារ​ដីហុយ) ទៅ​ដល់​ត្រង់​ព្រែក​សំរោង កំពុង​ដំណើរ​ការ​សាងសង់​ជា​រៀងរាល់​ថ្ងៃ។ ផ្លូវ​នេះ​ នឹង​ភ្ជាប់​ត្រង់​ស្ពាន​អាកាស​ស្តុប​ផ្សារ​ដីហុយ​ផ្លូវ​លេខ ១០១៩ កាត់​តាម​ផ្លូវ​ណ័រប្រ៊ីត ផ្លូវ​ទ្រុង​មាន់ ផ្លូវ​មុខ​រោងចក្រ​អគ្គិសនី ផ្លូវ​មុខ​សហគមន៍​អន្លង់​គង ទំនប់​៧មករា ផ្លូវជាតិ​លេខ​២ ភ្ជាប់​មក​ដល់​ស្ពាន​ព្រែក​សំរោង​តាខ្មៅ។ ផ្លូវ​ក្រវាត់​ក្រុង​ទី ២ កំណាត់​ទី២ នេះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៦២​លាន​ដុល្លារ និង​ត្រូវ​ចំណាយ​ពេល​សាងសង់​រយៈ​ពេល​ ៣៦​ខែ គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៩​ខាង​មុខ​។

ផ្លូវ​ក្រវាត់​ក្រុង​ទី២ កំណាត់​ទី១ និង​កំណាត់​ទី​២ មាន​ប្រវែង​សរុប​ជាង ២៧​គីឡូម៉ែត្រ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ៧២​លាន​ដុល្លារ ក្នុង​នោះ​កំណាត់​ទី​១​ ចំណាយ​អស់ ១០​លាន​ដុល្លារ និង​កំណាត់​ទី២ ៦២​លាន​ដុល្លារ​។ ចំពោះ​ផ្លូវ​ក្រវាត់​ក្រុង​ទី ២ កំណាត់​ទី ១ ពី​មហាវិថី​ភ្នំពេញ​ហាណូយ​ប្រវែង ១០​គីឡូម៉ែត្រ​ បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ហើយ​ការ​ពី​​ ខែ​មីនា កន្លង​ទៅ​នេះ។

គួរ​បញ្ជាក់​ថា ផ្លូវ​ក្រវាត់​ក្រុង​នេះ នឹង​ជួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា កាន់​តែ​រីក​ចម្រើន​ តាម​រយៈ​ការ​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន របស់​បង​ប្អូន​ប្រជាពលរដ្ឋ ទាក់​ទាញ​អ្នក​វិនិយោគ ការ​នាំ​ចេញ​នាំចូល​ជា​ដើម៕

អានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ