ដំណឹងពិសេស! ផ្លូវ​ក្រវាត់​ក្រុង​ទី២ របស់​កម្ពុជា ចាប់​ផ្ដើម​សាងសង់​ហើយ

  • 2017-07-13 08:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​ក្រវាត់​ក្រុង​ទី ២ កំណាត់​ទី២​ ដែល​ត​ភ្ជាប់​ពី​ផ្លូវ​សហព័ន្ធ​រុស្សី (ត្រង់​ស្តុប​ផ្សារ​ដីហុយ) ទៅ​ដល់​ផ្លូវ​ជាតិ​លេខ​ត្រង់​ព្រែក​សំរោង ចាប់​ផ្ដើម​ដំណើរ​ការ​សាងសង់​ហើយ។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន។

តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ផ្លូវ​នេះ​ នឹង​ភ្ជាប់​ត្រង់​ស្ពាន​អាកាស​ស្តុប​ផ្សារ​ដីហុយ​ផ្លូវលេខ ១០១៩ កាត់​តាម​ផ្លូវ​ណ័រប្រ៊ីត ផ្លូវ​ទ្រុង​មាន់ ផ្លូវ​មុខ​រោងចក្រ​អគ្គិសនី ផ្លូវ​មុខ​សហគមន៍​អន្លង់​គង ទំនប់​៧មករា ផ្លូវជាតិ​លេខ​២ ភ្ជាប់​មក​ដល់​ស្ពាន​ព្រែក​សំរោង​តាខ្មៅ។ ផ្លូវ​ក្រវាត់​ក្រុង​ទី ២ កំណាត់​ទី២ នេះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៦២​លាន​ដុល្លារ និង​ត្រូវ​ចំណាយ​ពេល​សាងសង់​រយៈ​ពេល​ ៣៦​ខែ គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៩​ខាង​មុខ​។

បើ​តាម​ប្រសាសន៍​របស់​សម្ដេច តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា ផ្លូវ​ក្រវាត់​ក្រុង​ទី២ កំណាត់​ទី១ និង​កំណាត់​ទី​២ មាន​ប្រវែង​សរុប​ជាង ២៧​គីឡូម៉ែត្រ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ៧២​លាន​ដុល្លារ ក្នុង​នោះ​កំណាត់​ទី​១​ ចំណាយ​អស់ ១០​លាន​ដុល្លារ និង​កំណាត់​ទី២ ៦២​លាន​ដុល្លារ​។ ចំពោះ​ផ្លូវ​ក្រវាត់​ក្រុង​ទី ២ កំណាត់​ទី ១ ពី​មហាវិថី​ភ្នំពេញ​ហាណូយ​ប្រវែង ១០​គីឡូម៉ែត្រ​ បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ហើយ​ការ​ពី​​ ខែ​មីនា កន្លង​ទៅ​នេះ។

គួរ​បញ្ជាក់​ថា ផ្លូវ​ក្រវាត់​ក្រុង​នេះ នឹង​ជួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា កាន់​តែ​រីក​ចម្រើន​ តាម​រយៈ​ការ​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន របស់​បង​ប្អូន​ប្រជាពលរដ្ឋ ទាក់​ទាញ​អ្នក​វិនិយោគ ការ​នាំ​ចេញ​នាំចូល​ជា​ដើម៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី