អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​២ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ត្រូវ​ជិះ​វាង

  • 2017-08-02 02:25:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​២ ដែល​ត្រូវ​ឆ្លង​កាត់​ពី​រង្វង់​មូល​ក្រុង​តាខ្មៅ​រហូត​ដល់ ព្រំ​ប្រទល់​ខេត្ត​តាកែវ ត្រូវ​ធ្វើ​ដំណើរ​វាង​ទៅ​តាម​ផ្លូវ​ក្រវាត់​ក្រុង​ទី​២​ជំនួស​វិញ ដើម្បី​ជួយ​សម្រួល និង​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ អំឡុង​ពេល​ត្រូវ​ជួសជុល។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កណ្ដាល។

តាម​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរ​សាធារណការ​​ខេត្ត​កណ្ដាល បាន​ឱ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​អ្នក​ប្រើប្រាស់​ផ្លូវជាតិ​លេខ២ ចាប់​ពី​រង្វង់​មូល​ក្រុង​តាខ្មៅ​ ត្រូវ​វាង​ទៅ​តាម​ផ្លូវ​ក្រវាត់​ក្រុង​ទី២ ពីផ្លូវ៦០ម៉ែត្រ ទៅ​ផ្លូវ​ចម្ការ​ដូង ឬ​ផ្លូវ​វត្ត​ព្រែក​ថ្លឹង ផ្លូវ​លេខ​២០ ផ្លូវ​លេខ​១២០ និង​ផ្លូវ​ជាតិ​លេខ​៣។

គួរ​ជម្រាប​ជូន​ថា នៅ​យប់​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន បាន​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ក្រុម​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ដំណើរ​ការ​ជួសជុល និង​សាងសង់​ផ្លូវជាតិ​លេខ​២ ដែល​កំពុង​មាន​ស្ថានភាព​លំបាក​ធ្វើ​ដំណើរ ដើម្បី​ពន្លឿន​ការ​ជួសជុល​និង​សាងសង់ ក៏​ដូចជា​ការ​ត្រួត​ពិនិត្យ​គុណភាព​នៃ​ការងារ​សាងសង់។

គម្រោង​សាងសង់​ផ្លូវនេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥៦​លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ​៨​លាន​កន្លះ មាន​ប្រវែង​សរុប​៦៦​គីឡូ​ម៉ែត្រ​។ ការ​ជួសជុល​នេះ​ចាប់​ពី​រង្វង់​មូល​ក្រុង​តាខ្មៅ​រហូត​ដល់​រង្វង់​មូល​អូរ​ចំបក់​មាន​ប្រវែង​៥៧​គីឡូ​ម៉ែត្រ។ ក្នុង​នោះ​៩​គីឡូម៉ែត្រ​នៅ​លើ​ផ្លូវជាតិ​២២ គ្រោង​ក្រាល​កៅ​ស៊ូAC សង់​ស្ពាន​ថ្មី និង​ពង្រីក​ទទឹង​ផ្លូវ​ឱ្យ​បាន​១៣​ម៉ែត្រ តាម​ទំហំ​ចរាចរណ៍ និង​តាម​ដំណាក់​កាល ចាប់​ពី​រង្វង់​មូល​គួស្រូវ​ ទៅ​ទិស​ខាង​ត្បូង​ប្រវែង​៨គីឡូម៉ែត្រ​គ្រោង​សាងសង់​ជា​បួន​គន្លង៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ