រដ្ឋ​មន្ត្រី​ ស៊ុន ចាន់​ថុល ផ្ញើសារពិសេស ទៅមន្ត្រី​ថ្លឹង​ឡានទាំង ២៤កន្លែង

  • 2017-07-26 00:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​តែង​មាន​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​ករណី​កន្លែង​ថ្លឹង​ឡាន មិន​បាន​ថ្លឹង​នោះ​ទេ ចូល​ហើយ​ចេញ​វិញ។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់​ថុល បាន​បញ្ជាក់​ច្បាស់ៗ​កាល​ពី​ព្រឹក​មិញ​ថា ពិត​ជា​មាន​មែន ឡាន​មួយ​ចំនួន​ចូល​កន្លែង​ថ្លឹង​ឡាន​អចល័ត​នេះ​ ចូល​ហើយ​មិន​បាន​ថ្លឹង​ទេ​ ចេញ​ទៅ​វិញ។ ​​

រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ "ឥឡូវ​ថ្ងៃ​នេះ​ ខ្ញុំ​សុំ​ជម្រាប​មុខ​ទូរទស្សន៍​ទាំង​អស់ ថា​ពិត​ជា​មាន​មែន ខ្ញុំ​សុំ​សារភាព​ថា​មាន​ ដោយ​សារ​យើង​មាន​កាមេរ៉ា​ចាប់​ទាំង​អស់ ចឹង​សុំ​ប្រាប់​ទៅ​មន្ត្រី​ទាំង​អស់​ឱ្យ​ហើយ នៅ​កន្លែង​ថ្លឹង​ជញ្ជីង​ទាំង​ ២៤​កន្លែង សូម​ឱ្យ​ប្រយ័ត្នប្រយែង​យើង​ខ្ញុំ​ដឹង ថា​មាន​ឡាន​មួយ​ចំនួន ចូល​ហើយ​អស់​លោក​មិន​ថ្លឹង​ទេ ឱ្យ​ចេញ​វិញ។"

ឯកឧត្ដម បាន​បញ្ជាក់​ថា នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព មាន​ព័ត៌មាន​ទាំង​អស់ ទាំង​រូប​ថត​ឡាន ឡាន​ចូល​ម៉ោង​ប៉ុន្មាន ឡាន​ទំហំ​ប៉ុណ្ណា គឺ​ដឹង​ទាំង​អស់។ ឯកឧត្ដម​នឹង​ចាត់​វិធានការ​​ទៅ​លើ​បញ្ហា​នេះ​ ព្រោះ​មាន​កាមេរ៉ា ​ចាប់​២៤​ម៉ោង​មាន​ភស្តុតាង​គ្រប់គ្រាន់។ នេះ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ផ្លូវ​ថ្នល់​ឆាប់​ខូច​ដោយសារ​ឡាន​ដឹក​លើស​ទម្ងន់​ទាំង​នោះ។

ឯកឧត្ដម ក៏​បាន​ធ្វើ​ការ​អំពាវនាវ ដល់​ម្ចាស់​ឡាន​ដឹក​ទំនិញ​ទាំង​ មេត្តា​ជួយ​ថែ​រក្សា ផ្លូវ​សម្បត្តិ​ជាតិ​ផង​កុំ​បំផ្លាញ កុំ​ដឹក​លើស​ទម្ងន់​កំណត់ ប្រសិន​បើ​ដឹក​លើស​១០​តោន​ស្មើ​នឹង​ឡាន​១​ម៉ឺន​គ្រឿង​កំពុង​​បើក​លើ​ផ្លូវ ហើយ​ប្រសិន​បើ​ឡាន​១​គ្រឿង​ដឹក​លើស​ ២០​តោន​គឺ​ស្មើ​នឹង​ឡាន ១៦០​ពាន់​គ្រឿង​កំពុង​បើកបរ។ ចំពោះ​អ្នក​ឡាន​ដឹក​ទម្ងន់ ប្រសិន​បើ​ចាប់​បាន​គឺ​មិន​លើក​លែង​ដាច់​ខាត។ កត្តា​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ផ្លូវ​ថ្នល់​ឆាប់​សឹក​រេចរឹល ហើយ​ប្រជាពលរដ្ឋ​តែង​លើក​ឡើង​ថា ធ្វើ​ផ្លូវ​មិន​មាំ មិន​ជាប់ ចាក់​ស្ដើង​ស៊ី​ក្រាស។ ដូច្នេះ​មាន​តែ​ការ​ចូលរួម​ទាំង​អស់​គ្នា ដើម្បី​សម្បត្តិ​ជាតិ​ទាំង​មូល៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី