រមណីយដ្ឋានធម្មជាតិ ៤កន្លែងនៅ​ជិត​បង្កើយ ល្បី​ទេសភាពស្អាត លក់ម្ហូបថោកៗ

  • 2017-08-06 04:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ចុង​សប្ដាហ៍​គិត​ចង់​ដើរ​លេង​នៅ​កន្លែង​ជិតៗ អស់​លុយ​តិច​មែន​ទេ? នៅ​ថ្ងៃ​នេះ​បង​សប្បាយ​សូម​ណែនាំ​រមណីយដ្ឋាន​នៅ​ជិត​រាជធានី​ភ្នំពេញ អាច​ធ្វើ​ដំណើរ​វិល​ល្ងាច​មិន​ចំណាយ​លុយ​ច្រើន មាន​លក់​ម្ហូប​ឆ្ងាញ់ៗ​តម្លៃ​សមរម្យ​ទៀត​ផង។ ចង់​ដឹង​ថា​រមណីយដ្ឋាន​ទាំង​នោះ នៅ​ទី​ណា​ខ្លះ? តោះ​ទៅ​ស្គាល់​ទាំង​អស់​គ្នា។

១. ភ្នំ​ឧដុង្គ

ភ្នំ​ឧដុង្គ​​មាន​​ចម្ងាយ​ប្រមាណ​​ ៤០ ​គីឡូម៉ែត្រ​​ពី​​ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ​ ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារដែក និង ​​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ប្រិយ​មិត្ត​អាច​ធ្វើ​ដំណើរ​កម្សាន្ត​វិល​ល្ងាច​បាន ដោយ​មិន​ចំណាយ​លុយ​ច្រើន​នោះ​ទេ។

ភ្នំ​ឧដុង្គ ឬ ភ្នំ​ព្រះរាជទ្រព្យ និង​ហៅ​ម្យ៉ាង​ទៀត​ថា​ភ្នំ​អដ្ឋរស្ស​នេះ ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់​មួយ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ភាព​ទាក់ទាញ​ជា​ច្រើន ក្នុង​នោះ​ប្រិយ​មិត្ត​អាច​គយគន់​សម្រស់​ព្រៃ​ភ្នំ ដ៏​ស្រស់​បំព្រង ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ទស្សនា​សត្វ​ស្វា​ជា​ច្រើន​ក្បាល។ អ្វី​ដែល​កាន់​តែ​ពិសេស នៅ​ទី​នោះ​ល្បី​លក់​ម្ហូប​ឆ្ងាញ់​ៗ​តម្លៃ​សមរម្យ​ដូចជា ត្រី​អណ្ដែង​តម្លៃ ៤ ០០០ ទៅ ៥ ០០០​រៀល ឯ​មាន់​វិញ​តម្លៃ ២០ ០០០រៀល​ ទៅ ២៥ ០០០រៀល ហើយ​បើ​មាន់​ស្រែ​តម្លៃ ជាង ៣ម៉ឺន​រៀល​ប៉ុណ្ណោះ។

២. ភូមិ​សេអាមេត្រី​

​​បើ​សិន​មិត្ត​យុវវ័យ មិន​ចង់​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ទី​ឆ្ងាយ ថ្ងៃនេះ Sabay សូម នាំ ប្រិយមិត្ត ទៅ ស្គាល់កន្លែង​សម្រាក​លំហែ​មាត់​បឹង​ធម្មជាតិ​ នៅ​ "ភូមិ​កម្សាន្ត​សេអា​មេត្រី​" មាន​ខ្យល់អាកាស​បរិសុទ្ធ​ និង​ទីធ្លា​ធំ​ទូលាយ។ភូមិ​កម្សាន្ត​ខាង​លើ មាន​កញ្ចុះ​អង្គុយ​ជាប់​មាត់​ទឹក​ មាន​អាង​ហែល​ទឹក កន្លែង​លេង​កីឡា​​ច្រើន​ប្រភេទ​ និង​មាន​លក់​ម្ហូប​អាហារ​ បង្អែម​ ភេសជ្ជៈ​ផ្សេងៗ​ក្នុង​តម្លៃ​សមរម្យ។

ក្រៅ​​ជា​ភូមិ​កម្សាន្ត​ ទីនេះ​ក៏​មាន​បើក​សាលា​បង្រៀន​ភាសា​ខ្មែរ​ អង់គ្លេស និង​កុំព្យូទ័រ​ ដោយ​ឥត​បង់​ថ្លៃ​ សម្រាប់​កុមារ​ក្រីក្រ​ទៀង​ផង។ តម្លៃ​សំបុត្រ​សម្រាប់​ចូល​កម្សាន្ត ត្រឹម​តែ​ ១​ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ភ្ញៀវ​ជាតិ និង​តម្លៃ​ ៥​ដុល្លារ​សម្រាប់​ភ្ញៀវ​បរទេស។

កន្លែង​កម្សាន្ត​នេះ មាន​ទីតាំង​ស្ថិត​នៅ​ត្រើយ​ម្ខាង នៃ​រមណីយដ្ឋាន​ទន្លេបាទី​ ក្នុង​ភូមិ​ចំបក់​ត្រប់​ ឃុំ​ព្រែក​រកា​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ មាន​ចម្ងាយ​ប្រហែល​២០​គីឡូ​ម៉ែត្រ​ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់។

៤. ​កោះ​ដាច់​

ទេសភាព​ដ៏​ត្រកាល ​ក្រោម​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ស្រងាត់​ ពន្លឺ​ភ្លឺ​ភ្លែត​ៗ​​បាញ់​ចេញ​មក​ពី​ផ្ទៃ​ទន្លេ​ដ៏​ថ្លា​ឆ្វង់​ ​លម្អ​ដោយ​ខ្សាច់​ស​ស្គុស ​ទាំង​អស់​នេះ​ ជា​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​​​នៃ​រមណីយដ្ឋាន​កោះ​ដាច់។ ​ ​ ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​​រាជធានី​ភ្នំពេញ ​កោះ​ដាច់​ ជា​រមណីយដ្ឋាន​ធម្មជាតិ​ ​​​ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​ឲ្យ​មក​កម្សាន្ត​ជា​ហូរហែ​ ជាពិសេស​នា​រដូវ​ប្រាំង​ ខែ​ទឹក​ស្រក​នេះ​តែ​ម្ដង។ ​ក្រៅ​ពី​សម្រស់​ធម្មជាតិ​​ចម្រុះ​ទាំង​នោះ​ អ្នក​ទៅ​លេង​កោះ​ដាច់​ ក៏​អាច​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ និង ​ចុះ​ហែល​ទឹក​លេង​​ទៀត​ផង។

៤. ​រមណីយដ្ឋាន​កៀន​ស្វាយ​​ ​

រមណីយដ្ឋាន​កៀន​ស្វាយ​ ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​លើ​ទឹក​ ​ដ៏​ស្រស់​ត្រកាល​ មាន​ខ្ចុស​​​​តូចៗ​​សង់​​ប្រប​នឹង​មាត់​​ទឹក​ ​ទុក​សម្រាប់​ភ្ញៀវ​ទេសចរ​ សម្រាក​យ៉ាង​ត្រជាក់​ ត្រឈឹង​ត្រឈៃ​។ អ្នក​ភ្នំពេញ​ តែង​តែ​នាំ​គ្នា​ទៅ​លម្ហែ​កាយ​ ជិះ​ទូក​លេង​ យ៉ាង​ច្រើន​កុះ​ករ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ ព្រោះ​ទី​នោះ​ភ្ញៀវ​ទៅ​លេង​អាច​រក​ទិញ​ ម្ហូប​ធម្មជាតិ​ ​មាន​មាន់​អាំង​ ត្រី​អាំង​ ​ជ្រក់​ ផ្អក​ ម៉ាំ​ ​និង​ ផ្លែ​ឈើ​ស្រស់​ជា​ច្រើន​ទៀត ​ក្នុង​តម្លៃ​សមរម្យ នៅ​ក្នុង​ផ្សារ​​កៀន​ស្វាយ​នោះ​តែម្ដង។

អត្ថបទ៖ វឌ្ឍនៈ