ឧបករណ៍ GoPro កំពុង​ល្បី​ខ្លាំង ចុះ​កើត​បាន​ប៉ុន្មាន​ឆ្នាំ​ហើយ?

  • 2017-08-08 02:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំដៅ​ទៅ​ឈ្មោះ GoPro ​ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​នឹក​ដល់​កាមេរ៉ា​ខ្នាត​តូច ដែល​គេ​ច្រើន​យក​ទៅ​តាម​ខ្លួន​រាល់​ដំណើរ​កម្សាន្ត។ ចុះ​ធ្លាប់​ដឹង​ពី​ប្រវត្តិ​របស់​វា? តើ​មក​ពី​ណា​និង​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ពេល​ណា? ឯ​អត្ថប្រយោជន៍​ដូច​ម្ដេច​ខ្លះ? អត្ថបទ​នេះ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ឧបករណ៍ GoPro ផ្ទាល់​តែ​ម្ដង។

+ឧបករណ៍ GoPro គឺ​ជា​អ្វី?

GoPro ជា​ប្រភេទ Action Camera ដែល​អាច​ចាប់​យក​រូបភាព​និង​វីដេអូ​ក្នុង​កម្រិត​គុណភាព​ខ្ពស់ តាម​រយៈ​កញ្ចក់​ Len ដ៏​ធំ​ទូលាយ ដែល​ត្រូវ​បាន​កំណត់​រចនាសម្ព័ន្ធ​និង​ប្រព័ន្ធ​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ។​ គេ​សម្គាល់​ទៀត​ថា Action Camera ជា​ប្រភេទ​កាមេរ៉ា​ដែល​ផ្ដោត​សំខាន់​ខ្ពស់ទៅ​លើ​ការ​ថត​ក្នុង​ទឹក ដែល​វា​ខុស​ពី​កាមេរ៉ា​ធំ​ដទៃ​ទៀត​ ដោយ​ភាគ​ច្រើន​មិន​អាច​ប៉ះ​ទឹក​បាន​នោះ​ឡើយ។​ ​ +GoPro កើត​មក​ពី​ណា?

GoPro Inc. ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​របស់​អាមេរិក ដែល​បង្កើត​ឡើង​ដោយ​លោក Nick Woodman នៅ​ឆ្នាំ ២០០៤ មាន​ផ្ដល់​សេវាកម្ម​​លក់​ប្រភេទ​កាមេរ៉ា (Action Camera), បង្កើត​កម្មវិធី​សម្រាប់​ទូរសព្ទ និង​កម្មវិធី​កាត់​ត​វីដេអូ។​ ឧបករណ៍​ដែល​ប្រកាស​បង្ហាញ​ចុង​ក្រោយ​បង្អស់​របស់​ក្រុមហ៊ុន​មួយ​នេះ គឺ​ប្រភេទ Quadcopter Drone ម៉ូដែល Karma, កាមេរ៉ា GoPro HERO 5 និង HERO 5 Session ដែល​លេចចេញ​នា​អំឡុង​ខែ​តុលា ឆ្នាំ ២០១៦ កន្លង​ទៅ។

ដំបូង​ឡើយ​នៃ​ការ​បង្កើត​ក្រុមហ៊ុន​លោក​ បាន​ទទួល​បទ​ពិសោធន៍​ពី​ការ​លេង​កីឡា​ជិះ​ក្ដារ​លើ​ផ្ទៃ​ទឹក (Surfing) នៅ​ប្រទេស​អូស្ត្រាលី ដែល​កាល​នោះ​លោក​ចង់​ផ្ដិត​យក​រូបភាព​នៃ​ទិដ្ឋភាព​ការ​លេង ប៉ុន្តែ​ដោយ​សារ​កត្តា​តម្លៃ​កាមេរ៉ា​ថ្លៃ​ហួស​ពេក Nick ក៏​សម្រេច​បង្កើត​នូវ​ប្រព័ន្ធ​កាមេរ៉ា​មួយ​ដោយ​ខ្លួន​ឯង ដែល​មាន​ឈ្មោះ​ថា GoPro។ លោក​ទទួល​បាន​ថវិកា​ពី​ការ​ផ្គត់ផ្គង់​របស់​ឪពុក​ម្ដាយ​ចំនួន ២៣ មុឺន​ដុល្លារ លើ​ការ​បណ្ដាក់​ទុន​បង្កើត​ក្រុមហ៊ុន​នោះ​ឡើង។

ចូល​ដល់​ខែ​កញ្ញា​ឆ្នាំ ២០០៤ កាមេរ៉ា​ដំបូង​បំផុត​របស់​លោក​មាន​ឈ្មោះ​ថា GoPro HERO ទំហំ 35mm បាន​លេច​មុខមាត់​ក្នុង​ព្រឹត្តិការណ៍​មួយ​នៃ​ទីក្រុង San Diego។ ​ឆ្នាំ​ដំបូង GoPro លក់​ផលិតផល​នោះ​បាន​ទឹក​ប្រាក់ ១៥ មុឺន​ដុល្លារ។ លុះ​ដល់​ឆ្នាំ ២០០៦ ក្រុមហ៊ុន​ក៏​បន្ត​បង្ហាញ​ Digital Hero ជា​លើក​ដំបូង​ ដែល​អាច​ថត​វីដេអូ​បាន​រយៈ​ពេល ១០ វិនាទី ហើយ​ទទួល​បាន​ចំណូល ៨០ មុឺន​ដុល្លារ។

ជា​រួម​ផលិតផល​របស់​ក្រុមហ៊ុន GoPro រួម​មាន​ដូច​ជា Hero Camera 35mm, Digital, Digital 3/5, Digital Wide, HERO2/3/3+/4/5, Karma Drone និង GoPro Omni ដែល​អាច​ថត​វីដេអូ​បែប ៣៦០ ដឺក្រេ​បាន។​ តាម​ការ​រំពឹង​ទុក GoPro HERO 6 នឹង​លេចចេញ​វត្តមាន​នៅ​ឆ្នាំ ២០១៧ នេះ​ហើយ។​

+អត្ថប្រយោជន៍​នៃ​កាមេរ៉ា GoPro:

​​​​​​​​​​​-មាន​រាង​តូច ទម្ងន់​ស្រាល ងាយ​ស្រួល​ទុក​ដាក់ -សមត្ថភាព​ពិសេស​អាច​ប្រើប្រាស់​ក្នុង​ទឹក (ប៉ុន្តែ​បើ​ជម្រៅ​ទឹក​ជ្រៅ​ពេក ប្រព័ន្ធ Touch Screen មិន​ដំណើរការ​នោះ​ឡើយ) -អេក្រង់ Touch Screen តូច សប្បាយ​ក្នុង​ការ​ប្រើប្រាស់ -មាន​មុខងារ​កំណត់​នៃ​ការ​ថត​ច្រើន​បែប -មាន​មុខងារ Timelapse -ពេញ​និយម​ដល់​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​នៅ​តាម​ព្រៃ​ភ្នំ​ឬ​ក្រៅ​ប្រទេស ដែល​ចង់​ថត​ទុក​នូវ​ទិដ្ឋភាព​ដែល​យើង​បាន​ធ្វើ។

ប្រភព៖ Wikipedia | Quora | mygadgets   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី