ងាយៗ ចង់​គ្រប់គ្រង​ក្រុមហ៊ុន និង​បុគ្គលិក​ជោគជ័យ ត្រូវ​សួរ​ខ្លួនឯង ​៣សំណួរ​នេះសិន

  • 2017-08-08 09:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​គ្រប់គ្រង​អ្វី​មួយ​ឲ្យ​ជោគជ័យ គឺ​វា​អាស្រ័យ​ទៅ​លើ​ភាព​ប៉ិនប្រសប់​របស់​អ្នក​ដឹកនាំ។ តាម​ធម្មតា​​សិល្បៈ ​នៃ​អ្នក​ដឹកនាំ​មាន​ផ្សេងៗ​គ្នា ប៉ុន្តែ លោក ច្រឹក​ សុខនីម អគ្គនាយក​ក្រុមហ៊ុន ​Century 21 Mekong បាន​ចែក​រំលែក​បទ​ពិសោធន៍​ភាព​ជា​អ្នក​ដឹកនាំ​ក្រុម​ហ៊ុន​ផង និង វិធី​សាស្ត្រ​​គ្រប់គ្រង​បុគ្គលិក​ផង។ ម៉្លោះហើយ​ លោក​​បាន​បង្ហើប​ថា ចង់​គ្រប់គ្រង​ក្រុមហ៊ុន ឬ បុគ្គលិក​ ឲ្យ​ជោគជ័យ​នោះ​ត្រូវ​ផ្ដើម​ សំណួរ​ ៣ ជាមុន​សិន៖

១. យើង​ជា​នរណា? Who we are?

២. យើង​កំពុង​ធ្វើ​អ្វី? What we are doing?

៣. យើង​ធ្វើ​វា​ដោយ​វិធី​ណា? How we do it?

៣ សំណួរ​នេះ គឺជា​មូលដ្ឋាន​គ្រឹះ ​នៃ​ការ​គ្រប់គ្រង។ «ដូច្នេះ​ខ្ញុំ​តែងតែ​​ចាប់​ផ្ដើម​គ្រប់គ្រង​ក្រុម​ក៏ដោយ​ ក្រុម​តូច​ៗ​ក៏ដោយ​ ខ្ញុំ​ចាប់​ផ្ដើម​ដោយ​ ៣សំណួរ​នេះ​សិន»។ លោក ច្រឹក សុខនីម និយាយ។

អ្នក​វិភាគ​វិស័យ​អចលនទ្រព្យ​ជិត ១០ឆ្នាំរូប​នេះ បាន​ពន្យល់​ទៀត​ថា នៅ​ពេល​យើង​ស្គាល់​អំពី​សមត្ថភាព​ខ្លួន​ឯង​ហើយ នោះ​យើង​នឹង​ដឹង​ថា អ្វី​ដែល​យើង​កំពុង​ធ្វើ និង​ធ្វើ​វា​ដោយ​វិធី​ណា?

អំពី​គ្រប់គ្រង​បុគ្គលិក៖

១. ស្វែង​យល់​ពី​បុគ្គលិក៖ នៅ​ពេល​យើង​ច្បាស់​ខ្លួន​ឯង​ហើយ​ យើង​ត្រូវ​ស្វែង​យល់​អំពី​បុគ្គលិក​ដែរ។ នៅ​ពេល​និយាយ​ពី​បុគ្គលិក​យើង​ត្រូវ​និយាយ​ពី​អារម្មណ៍​ ទស្សនៈ និង គំនិត​របស់​ពួក​គេ​ ហើយ​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​ពួកគេ​ធ្វើ​ការ​ជាមួយ​យើង​បាន។

២. បង្រៀន​បុគ្គលិក៖ យើង​ត្រូវ​លះបង់​ពេលវេលា​បង្រៀន​ពួកគេ​ ឲ្យ​ចេះ​ដូច​យើង។ ក្រៅ​ពី​ប្រាក់​ខែ​បុគ្គលិក​គេ​ចង់​ចេះ​ជំនាញ នៅ​ពេល​គេ​ចេញ​ពី​យើង​ទៅ​គេ​អាច​រស់​បាន ដូច្នេះ​យើង​ក៏​ត្រូវ​ផ្ដល់​ជំនាញ​និង​បង្រៀន​គេ​ឲ្យ​ចេះ​ធ្វើ​ការ​ងារ​ជា​ក្រុម​ល្អ​មួយ។

៣. ភាព​ស្មោះត្រង់៖ យើង​ត្រូវ​ផ្ដល់​ចំណេះ​ជំនាញ​ឲ្យ​ពួកគេ ហើយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​យល់​ថា យើង​ជា​មនុស្ស​មិន​កិបកេង​គេ​ ហើយ​ការ​ប្រកាន់​ជំហរ​ស្មោះត្រង់​ និង ក្រម​សីលធម៌​នេះ ខ្ញុំ​តែងតែ​ជោគជ័យ​នៅ​អំឡុង​នៃ​ការ​គ្រប់គ្រង​របស់​ខ្ញុំ​កន្លង​មក។

៤. កិត្តិយស៖ បើ​យើង​ជា​អ្នក​ដឹកនាំ​ថា​ម៉េច​ត្រូវ​ធ្វើ​អីចឹង! បើ​យើង​ធ្វើ​មិន​បាន​យើង​ប្រាប់​ថា​ធ្វើ​មិន​បាន​ តែ​បើ​ថា​ធ្វើ​បាន​គឺ​ធ្វើ​បាន​ នេះ​ជា​តម្លៃ​កិត្តិយស​របស់​មេដឹកនាំ។

៦. ប្រឹក្សា​យោបល់៖ ការ​ស្វែង​រក​ការ​ប្រឹក្សា​យោបល់​ក៏​សំខាន់​ដែរ។ ដូច្នេះ​ខ្ញុំ​តែងតែ​ជួប​អ្នក​មាន​ចំណេះ​ជំនាញ​ជាង​យើង ទាំង​អ្នក​ចាស់ ឬ អ្នក​ថ្មី ដើម្បី​ឲ្យ​គេ​ផ្ដល់​យោបល់។ យើង​ដឹង​ហើយ​ថា ការងារ​មាន​ទាំង​ការ​ប្រឈម និង ការងារ​ខ្លះ​មិន​ប្រឈម ដូច្នេះ​បើ​ប្រឈម​យើង​ត្រូវ​ស្វែង​រក​អ្នក​ចេះ​ជាង​យើង​ ឲ្យ​ផ្ដល់​យោបល់​ដើម្បី​ដោះស្រាយ​បញ្ហា។ ប៉ុន្តែ រាល់​ការ​ផ្ដល់​យោបល់​មិនមែន​សុទ្ធតែ​យើង​យក​ទាំង​អស់​នោះ​ទេ។

៧. ការ​អាន​សៀវភៅ៖ ការ​អាន​សៀវភៅ​គឺជា​ផ្នែក​មួយ​ទៀត​ ដើម្បី​បង្កើន​ចំណេះ​ជំនាញ​របស់​យើង​ដែល​កំពុង​ធ្វើ​ការ​ងារ​រាល់​ថ្ងៃ។ ដូច្នេះ ខ្ញុំ​អាន​សៀវភៅ​ភាគច្រើន​ ប្រភេទ​សៀវភៅ គ្រប់គ្រង គ្រប់គ្រង​ធនធាន​មនុស្ស អាជីវកម្ម និង ជំនួញ​ជាដើម។

លោក ច្រឹក សុខនីម បាន​ចាប់​ផ្ដើម​ក្រុមហ៊ុន Century 21 Mekong នៅ​អំឡុង​ឆ្នាំ ២០១៥ ដោយផ្ដើម​ហ៊ុនគ្នា​ចំនួន ៣នាក់ និង​ ក្រុមហ៊ុន​នេះ​បាន​រីកចម្រើន​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​ មាន​បុគ្គលិក​រាប់សិបនាក់ និង​ដើមទុន​រាប់ម៉ឺន​ដុល្លារ ផងដែរ៕

ចង់ដឹងពីប្រវត្តិសង្ខេប​លោក ច្រឹក សុខនីម ចុច Link ខាងក្រោម៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី