កីឡា៦នេះកម្ពុជារំពឹងបានមេដាយមាស ចុះកាល២០១៥ប្រទេសណាម្ចាស់មេដាយមាសខ្លះ?
- 2017-08-11 02:21:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡា៦នេះកម្ពុជារំពឹងបានមេដាយមាស ចុះកាល២០១៥ប្រទេសណាម្ចាស់មេដាយមាសខ្លះ?
ចន្លោះមិនឃើញ
កីឡាចំនួន ៦ប្រភេទរួមមាន ប៉េតង់ តេក្វាន់ដូ សីប៉ាក់តាក្រ ប្រដាល់សកល ប្រដាល់សេរី និងវ៉ូស៊ូ សុទ្ធតែជាប្រភេទកីឡាដែលកម្ពុជារំពឹងឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧។ ដោយឡែកឆ្នាំ២០១៧ នេះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ ដែលធ្វើឡើងនៅទឹកដីប្រទេសម៉ាឡេស៊ីចន្លោះថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
ដើម្បីឲ្យប្រិយមិត្តយល់ដឹងកាន់តែច្បាស់ថា ថ្ងៃនេះ Sabay សូមបង្ហាញឈ្មោះប្រទេសដែលជាជើងឯក ៦ប្រភេទកីឡាខាងលើកាលស៊ីហ្គេមលើកទី២៨ នៅប្រទេសសិង្ហបុរីកាលឆ្នាំ២០១៥។
១-តេក្វាន់ដូ៖ វីរការិនី ស៊ន សៀវម៉ី ជាអត្តពលិកមួយរូបរបស់ក្រុមកីឡាតេក្វាន់ដូកម្ពុជា ដែលត្រូវបានប្រមុខដឹកនាំរំពឹងអាចដណ្ដើមបានមេដាយមាស។ ប៉ុន្តែកាលពីឆ្នាំ២០១៥ កីឡាការិនីរូបនេះមិនបានចូលរួមឡើយ ដោយសារប្រទេសសិង្ហបុរី មិនបានបញ្ចូលប្រភេទទម្ងន់ធ្ងន់ផ្នែកនារីក្រោម ៧៣គីឡូក្រាម។
២-ប្រដាល់សេរី៖ ប្រភេទកីឡានេះទើបតែសម្រេចដាក់បញ្ចូលជាលើកទី១ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅម៉ាឡេស៊ីឆ្នាំ២០១៧។ ប៉ុន្តែបើតាមការសម្ភាសន៍ជាមួយកីឡាករគុនខ្មែរកម្ពុជាកន្លងមកមានតែ ថៃ ប៉ុណ្ណោះ ជាឧបសគ្គសម្រាប់កម្ពុជាក្នុងការដណ្ដើមមេដាយ។
៣-ប្រដាល់សកល៖ ឆ្នាំនេះមានកីឡាករ១រូបដែលកម្ពុជារំពឹងឈ្នះមេដាយមាសគឺកីឡាករ ហ្វីលីក មីលីនម៉ាលីន (Felix El Moreno Merlin) ដែលប្រកួតក្នុងប្រភេទទម្ងន់ ៨១គីឡូក្រាម។ ដោយឡែកកាលពីឆ្នាំ២០១៥ ប្រដាល់សកលក្នុងប្រភេទទម្ងន់នេះមិនមាននោះទេ។
៤-ប៉េតង់៖ កម្ពុជាបានរំពឹងខ្ពស់ទៅលើម្ចាស់មេដាយមាសពិភពលោកទាំងបីនាក់រួមមានកីឡាករឆ្នើមផ្នែកបុរស សុខ ចាន់មាន កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី កែ ឡេង។ ដោយឡែកកាលពីឆ្នាំ២០១៥ សុខ ចាន់មាន ឈ្នះមេដាយប្រាក់ដោយចាញ់កីឡាករថៃ Thanakorn Sangkaew ។ សម្រាប់ផ្នែកនារីវិញ្ញាសាវាយទោលអ្នកស្រី កែ ឡេង បានមេដាយសំរឹទ្ធ ខណៈកីឡាការិនីវៀតណាម Nguyen Thi Thi ឈ្នះមេដាយមាស និងកីឡាការិនីឥណ្ឌូណេស៊ី Annisa Alfath ឈ្នះមេដាយប្រាក់។ ក្រៅពីនោះគ្រប់វិញ្ញាសាផ្សេងទៀតផ្នែកនារីគឺថៃប្រមូលមេដាយមាសទាំងអស់។
៥-កីឡាសីប៉ាក់តាក្រ៖ ប្រភេទកីឡានេះគឺកម្ពុជាជាម្ចាស់មេដាយមាសកាលពីឆ្នាំ២០១៥លើវិញ្ញាសាសីឈិនឡូន ពោលគឺឆ្នាំ២០១៧ សហព័ន្ធកីឡាមួយនេះនៅតែរំពឹងអាចការពារជើងឯកបាន។
៦-វ៉ូស៊ូ៖ កម្ពុជាបានបញ្ជូនផ្នែកវិញ្ញាសាសម្ដែងដើម្បីទៅរួមរួមលើកនេះហើយរំពឹងថា នឹងអាចឈ្នះមេដាយមាសទៀតផង។ ដោយឡែកកាលពីឆ្នាំ២០១៥ កីឡានេះមានទៅ៩វិញ្ញាសាហើយក្នុងនោះផ្នែកបុរសមេដាយមាសបានទៅលើប្រទេសសិង្ហបុរីចំនួន ៤មេដាយ ប្រទេសឥណ្ឌូណេស៊ី ២មេដាយ វៀតណាម១ ហ្វីលីពីន ១មេដាយ និងម៉ាឡេស៊ី១មេដាយមាស។ ចំណែកផ្នែកនារី ៩វិញ្ញាសាសម្ដែងនេះគឺមេដាយមាសបានទៅលើប្រទេសសិង្ហបុរី២ មេដាយ មីយ៉ាន់ម៉ា៣មេដាយ ឥណ្ឌូណេស៊ី ២មេដាយ វៀតណាម ១មេដាយ និងម៉ាឡេស៊ី១មេដាយ។