Facebook, Amazon និង Microsoft របស់​មហាសេដ្ឋី​ Bill Gates ខាត​បង់​រាប់​ពាន់​លាន​ដុល្លារ​

  • 2017-08-12 07:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​យក្ស​ទាំង​បី​របស់​អាមេរិក​ រួម​មាន Facebook, Amazon និង Microsoft​ ខាត​បង់​ទឹកប្រាក់​សរុប​ប្រមាណ ៥,៨ ​ប៊ីលាន​ដុល្លារ​អាមេរិក​ តាំងពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ភាគហ៊ុន​បន្ត​ធ្លាក់​ចុះ ចំ​ពេល​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​ ​សង្គ្រាម​ពាក្យ​សំដី​រវាង​លោក​ត្រាំ​ ​និង​ គីម ជុងអ៊ុន។ បើ​តាម​សារព័ត៌មាន​ Independent របស់​អង់គ្លេស។

ស្ថាបនិក​ក្រុមហ៊ុន Amazon លោក Jeff Bezos, លោក Bill Gates និង Mark Zuckerberg ខាត​បង់​ធ្ងន់ធ្ងរ​ដោយសារ​វិនិយោគិន​បាន​លក់​ភាគហ៊ុន​របស់​ពួកគេ​យ៉ាង​គំហុក និង​ ដើម្បី​សុវត្ថិភាព ពួកគេ​ទិញ​មាស​ជំនួស​វិញ។

លោក Bezos ដែល​ទើប​បាន​ក្លាយ​ជា​អ្នក​មាន​បំផុត​មួយ​នៅ​លើ​ពិភព​លោក​នៅ​ពេល​ថ្មីៗ​ខណៈ​ដែល​ភាគហ៊ុន​របស់ Amazon បាន​កើន​ឡើង​ ក៏​ជា​អ្នក​រងគ្រោះ​ធ្ងន់ធ្ងរ​ដែរ​ក្នុង​ចំណោម​មហាសេដ្ឋី​ទាំង​បី​។ ភាគហ៊ុន​របស់​លោក​ខាត​បង់​​ជិត​ ២,០០០ លាន​ដុល្លារ តែ​ក្នុង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

ស្ថាបនិក និង ជា​ប្រធាន​ក្រុមហ៊ុន​ Facebook ខាត​បង់​ ១,៦០០ លាន​ដុល្លារ តែ​ប៉ុន្មាន​ថ្ងៃ ខណៈ​លោក​ Bill Gates ខាត​តិច​ជាង​គេ​ត្រឹម ៨៥០ លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ដូច​គ្នា។

ស្ថានភាព​កាន់​តែ​តានតឹង នៅ​ពេល​ប្រធានាធិបតី​ វ័យ៧១ឆ្នាំ ព្រមាន​គីម ជុងអ៊ុន​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ថា​លោក​នឹង​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​បាន​ឃើញ "សង្គ្រាម និង ការផ្ទុះអាវុធ (fire and fury)” ដូច​ដែល​ពិភពលោក មិន​ធ្លាប់​បាន​ជួប។

ប្រភព៖ Independent   ប្រែ​សម្រួល៖ សុខ លាងហ៊ត