មក​ស្គាល់​អតីត​មេ​ដឹក​នាំ​ស្រី ៤រូប​នៅ​អាស៊ាន ក្រោយ​សង្គ្រាម​លោក​រលត់

  • 2017-08-13 03:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​ក្រោយ​សង្គ្រាម​លោក​លើក​ទី​ពីរ ពោល​គឺ​ចាប់​ពី​ឆ្នាំ១៩៤៥​មក មាន​ស្ត្រី​ជើង​ខ្លាំង ​៤រូប​ក្នុង​​តំបន់​អាស៊ាន ដែល​ធ្លាប់​កាន់​តំណែង​ជា​មេដឹកនាំ​(ប្រធានាធិបតី ឬ​នាយករដ្ឋមន្ត្រី) នៅ​ក្នុង​ប្រទេស​​ចំនួន​បី គឺ​ឥណ្ឌូណេស៊ី ថៃ និង​ហ្វីលីពីន។

១. លោក​ស្រី Megawati Sukarnoputri (អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ពី​ឆ្នាំ​២០០១-២០០៤)

លោក​ស្រី Megawati Sukarnoputri ជា​ប្រធានាធិបតី​ទី៥ និង​ជា​មេដឹកនាំ​ស្រី​ម្នាក់​គត់​របស់​ប្រទេស​ឥណ្ឌូណេស៊ី ក្រោយ​សង្គ្រាម​លោក​លើក​ទី​២។ មេដឹកនាំ​វ័យ ៧០​ឆ្នាំ​រូប​នេះ ជា​កូន​ស្រី​​បង​គេ​របស់​លោក Sukarno ដែល​ជា​ប្រធានាធិបតី​ទី​មួយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី។ ​លោក​ស្រី Megawati ជាប់​ឆ្នោត​ឡើង​កាន់​តំណែង​ចាប់​​ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ២០០៤ ហើយ​ក្រោយ​ៗ​មក​ទៀត​លោក​ស្រី​បាន​ឈរ​ឈ្មោះ​ដែរ​តែ​បរាជ័យ។

២. លោក​ស្រី Yingluck Shinawatra (អតីត​នាយករដ្ឋមន្ត្រី​ថៃ ពី​ឆ្នាំ​២០១១-២០១៤)

លោក​ស្រី Yingluck Shinawatra គឺ​ជា​នាយករដ្ឋមន្ត្រី​ស្រី​ទី​មួយ​របស់​ប្រទេស​ថៃ ដែល​ឡើង​កាន់​តំណែង​កាល​ពី​ខែ​សីហា ឆ្នាំ២០១១ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០១៤។ ដឹក​នាំ​ប្រទេស​បាន​ជិត ៣​ឆ្នាំ សមាជិក​គណបក្ស Pheu Thai វ័យ​៥០​ឆ្នាំ​រូប​នេះ ត្រូវ​តុលាការ​ធម្មនុញ្ញ​សម្រេច​ដក​ចេញ​ពី​តំណែង បន្ទាប់​ពី​រក​ឃើញ​ថា​លោក​ស្រី​​ប្រើ​ប្រាស់​អំណាច​ដោយ​បំពាន។

​ ៣. លោក​ស្រី Corazon Aquino (អតីត​ប្រធានាធិបតី​ហ្វីលីពីន ពី​ឆ្នាំ១៩៨៦-១៩៩២)

លោក​ស្រី Corazon Aquino គឺ​ជា​ប្រធានាធិបតី​ទី១១ របស់​ប្រទេស​ហ្វីលីពីន ដែល​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ១៩៨៦ រហូត​ដល់​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​១៩៩២។ លោក​ស្រី​បាន​ស្លាប់​ក្នុង​ឆ្នាំ២០០៩ នៅ​អាយុ ៧៦​ឆ្នាំ។ លោក​ស្រី Aquino មាន​កូន​ប្រុស​ឈ្មោះ ​Benigno Aquino III ដែល​ជា​ប្រធានាធិបតី​ទី១៥ ​របស់​ប្រទេស​ហ្វីលីពីន​ពី​ឆ្នាំ២០១០-២០១៦។

៤. លោក​ស្រី Gloria Macapagal-Arroyo (អតីត​ប្រធានាធិបតី​ហ្វីលីពីន ពី​ឆ្នាំ២០០១-២០១០)

លោក​ស្រី Gloria Macapagal-Arroyo គឺ​ជា​ប្រធានាធិបតី​ទី១៤ របស់​ប្រទេស​ហ្វីលីពីន ដែល​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ឆ្នាំ២០០១ រហូត​ដល់​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១០។ អតីត​មេដឹកនាំ​វ័យ ៧០​ឆ្នាំ​រូប​នេះ គឺ​ជា​កូន​ស្រី​របស់​ប្រធានាធិបតី​ទី៩ Diosdado Macapaga៕

ចុចអាន​អត្ថបទ៖

ប្រភព៖ Thought Co   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម