ជាគ្រូពេទ្យ ៣០ឆ្នាំ នៅដង្ហើមចុងក្រោយ សុខចិត្ត​បរិច្ចាគ​កែវភ្នែក​ឲ្យអ្នកជំងឺទៀត

  • 2017-08-14 04:40:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​គ្រូពេទ្យ គឺ​ជា​ជំនាញ​ប្រសើរ​មួយ​ដែល​មាន​ការ​គោរព​ស្រលាញ់​ពី​មនុស្ស​ក្នុង​សង្គម ព្រោះ​វា​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​រៀងរាល់​ថ្ងៃ។ ប៉ុន្តែ​ពេល​ខ្លះ គ្រូពេទ្យ​ក៏​មិន​អាច​ជួយ​ខ្លួន​ឯង​បាន​ដែរ ពេល​កើត​ជំងឺ​ធ្ងន់​ធ្ងរ។

គ្រូពេទ្យ​ផ្នែក​ឆ្អឹង​ជនជាតិ​ចិន​​ដែល​ជា​អនុប្រធាន​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ខេត្ត​ជាំង​ស៊ូ ប្រទេស​​ចិន ​សម្រេច​បរិច្ចាគ​អវយវៈ​របស់​ខ្លួន​ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​​លើក​ចុងក្រោយ មុន​ពេល​​លាចាក​លោក​​ផុត​ទៅ។ លោក​បាន​កើត​ជំងឺ​មហារីក​ធ្ងន់ធ្ងរ។

ប្រភព​ពី​សារព័ត៌មាន​ចិន China News ​ផ្សាយ​ថា ​គ្រូពេទ្យ​នេះ​មាន​​ឈ្មោះ Chen អាយុ ៥២​ឆ្នាំ ជា​ពេទ្យ​ជំនាញ​ផ្នែក​ឆ្អឹង​រយៈ​ពេល​​ជាង ៣០​ឆ្នាំ​ហើយ។ គាត់​បាន​​វះកាត់​ឲ្យ​អ្នក​ជំងឺ​​រាប់​ពាន់​ដង​​ពាក់​ព័ន្ធ​នឹង​សន្លាក់ និង​ក្បាល​ជង្គង់ ហើយ​លោក​ទទួល​បាន​ការ​គោរព​កោត​សរសើរ​នៅ​​ក្នុង​ពិភព​វេជ្ជសាស្ត្រ។

ជា​អកុសល កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៦ ​លោក​គ្រូពេទ្យ Chen ​បាន​ពិនិត្យ​ឃើញ​ជំងឺ​មហារីក​លំពែង​ ប៉ុន្តែ​ទោះ​បី​ជា​ត្រូវ​យាយី​ដោយ​ជំងឺ លោក​មិន​ដែល​ឈប់​ព្យាបាល​អ្នក​ជំងឺ​ឡើយ។ រយៈ​ពេល​មួយ​ឆ្នាំ​បន្ទាប់ ស្ថាន​ភាព​ជំងឺ​របស់​គាត់​កាន់​តែ​អាក្រក់​ឡើង ហើយ​កោសិកា​មហារីក​​ចាប់​ផ្ដើម​រីក​រាលដាល​​ទៅ​កាន់​សរីរាង្គ​ផ្សេង​ទៀត។

​ពេល​ដឹង​ថា ជំងឺ​មិន​អាច​ព្យាបាល​បាន ​នៅ​ថ្ងៃ​ចុង​ក្រោយ លោក​សម្រេច​​​បរិច្ចាគ​កែវ​ភ្នែក ដើម្បី​សង្គ្រោះ​មនុស្ស​ម្នាក់​ទៀត។ លោក​គ្រូពេទ្យ​​រូប​នេះ​បាន​និយាយ​​ទៅ​កាន់​ម្ដាយ​ថា "​ម៉ាក់ ចាប់​តាំង​ពី​ថ្ងៃ​កូន​បាន​​ទទួល​លិខិត​យល់​ព្រម​ពី​សាកល​វិទ្យាល័យ កូន​តែង​តែ​​ចង់​ចូលរួម​​ចំណែក​ជួយ​សង្គ្រោះ​មនុស្ស​ក្នុង​ពិភព​វេជ្ជសាស្ត្រ។ នេះ​​ជា​បំណង​​ប្រាថ្នា​ចុង​ក្រោយ​របស់​កូន កូន​សង្ឃឹម​ថា ម៉ាក​នឹង​យល់​ព្រម​ការ​ចង់​បាន​មួយ​នេះ។ កុំ​​ឲ្យ​កូន​ចាក​ចេញ​ពី​ពិភព​លោក​នេះ​ទៅ​​ដោយ​​ក្ដី​សោក​ស្ដាយ"។

បន្ទាប់​ពី​លោក Chen ​ស្នើ​សុំ​រួច​ គ្រួសារ​ក៏​យល់​ព្រម​ ហើយ​​លោក​ Chen ចង់​បរិច្ចាគ​សរីរាង្គ​ទាំង​អស់​ដែល​ត្រូវ​ការ ប៉ុន្តែ​កោសិកា​មហារីក​បាន​បំផ្លាញ​សរីរាង្គ​ផ្នែក​ខាង​ក្នុង​អស់​ជា​ច្រើន ហើយ​មាន​តែ​កែវ​ភ្នែក​ប៉ុណ្ណោះ​អាច​បរិច្ចាគ​បាន។

នៅ​ថ្ងៃ​ទី ២៧​កក្កដា លោក Chen បាន​ចុះ​ហត្ថលេខា​យល់​ព្រម​បរិច្ចាគ​សរីរាង្គ​ទាំង​​ខ្លួន​នៅ​លើ​គ្រែ​ពេទ្យ​។ នៅ ៨​ថ្ងៃ​បន្ទាប់ លោក Chen មិន​អាច​កម្រើក​បាន​ទៀត​ឡើយ។ ក្រោយ​សន្លប់​រយៈ​ពេល​ខ្លី​មួយ លោក​បាន​អង្វរ​គ្រូពេទ្យ​ឲ្យ​វះកាត់​យក​កែវ​ភ្នែក​របស់​ខ្លួន​តែ​ម្ដង។ ក្រុម​គ្រួសារ​សាច់​ញាតិ និង​គ្រូពេទ្យ​បាន​ត្រឹម​សម្រក់​ទឹក​ភ្នែក។

មុន​ពេល​ផុត​ដង្ហើម លោក Chen ​បាន​ស្នើ​ឲ្យ​មិត្ត​រួម​ការងារ​បរិច្ចាគ​សៀវភៅ​ទាក់​ទងនឹង​ការ​សិក្សា​វិជ្ជា​ពេទ្យ​ទៅ​កាន់​បណ្ណាល័យ​ក្នុង​មន្ទីរពេទ្យ ព្រោះ​លោក​ចង់​ជួយ​គ្រូពេទ្យ​វ័យ​ក្មេង​ផ្សេង​ទៀត​ផង។

​តាម​សេក្ដីរាយការណ៍​ចុង​ក្រោយ កែវ​ភ្នែក​​របស់​លោក Chen ​បាន​ជួយ​សង្គ្រោះ​បុរស​ដល់​ទៅ ២​នាក់ ម្នាក់​អាយុ ៤០​ឆ្នាំ និង​ម្នាក់​ទៀត ៥០​ឆ្នាំ​ ដូច​ក្ដី​ប្រាថ្នា​របស់​គ្រូពេទ្យ Chen ពិត​មែន៕

ចុចអាន៖

ប្រភព៖ worldofbuzz   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី