ស្រ្តីម្នាក់ ចេះតែអត់ញ៉ាំអាហារពេលព្រឹក ចុងក្រោយកើតគ្រួស ២០០ដុំក្នុងខ្លួន

  • 2017-07-21 03:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក កើត​គ្រួស​ដែល​រក​ឃើញ​នៅ​ក្នុង​ថង់​ទឹក​ប្រមាត់ និង​ថ្លើម
  • វះកាត់​ចំណាយ​ពេល​អស់ ៦ ម៉ោង​កន្លះ
  • អ្នកជំងឺ​ចាប់ផ្ដើម​ឈឺ​ក្រពះ តាំង​ពី​ជាង ១០ ឆ្នាំ​មុន

ក្រុម​គ្រូពេទ្យ​វះកាត់​នៅ​ប្រទេស​ចិន បាន​យក​គ្រួស​ចំនួន ២០០ ដុំ ចេញ​ពី​ក្នុង​ខ្លួន​ស្ត្រី​ម្នាក់ នៅ​ក្នុង​ប្រតិបត្តិការ​វះកាត់​មួយ កាល​ពី​សប្តាហ៍​មុន។

ក្រុម​គ្រូពេទ្យ​​ខាងលើ​បាន​អះអាង​ថា ដុំ​គ្រួស​ដែល​រក​ឃើញ​នៅ​ក្នុង​ថង់​ទឹក​ប្រមាត់ និង​ថ្លើម​របស់​ស្ត្រី​ខាង​លើ ទំនង​ជា​កើតឡើង​ដោយសារ​តែ​នាង មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក អស់​រយៈពេល​ជាង ១ ទសវត្សរ៍​មក​ហើយ។ ដុំ​គ្រួស​មួយ​ចំនួន​មាន​ទំហំ​ប៉ុន​ពង​មាន់។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ Guangji Hospital ស្ថិត​ក្នុង​ទីក្រុង Hezhou ប្រទេស​ចិន។

ប្រតិបត្តិការ​វះកាត់​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ដោយ​ចំណាយ​ពេល​អស់ ៦ ម៉ោង​កន្លះ នៅ​មន្ទីរពេទ្យ​ខាង​លើ។ ស្ត្រី​រងគ្រោះ​អាយុ ៤៥ ឆ្នាំ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Chen ជា​កម្មករ​ម្នាក់ តែង​ញ៉ាំ​អាហារ​ដែល​សល់​ពី​គេ និង​មិន​ទៀងទាត់​ពេល​វេលា។ អ្នកស្រី Chen បាន​ចាប់ផ្ដើម​ឈឺ​ក្រពះ តាំង​ពី​ជាង ១០ ឆ្នាំ​មុន​មក​ម្ល៉េះ។

ក្រោយ​ពេល​បាន​ពិនិត្យ​សុខភាព​រួច អ្នក​ស្រី​ត្រូវ​គ្រូពេទ្យ​ណែនាំ​ឲ្យ​ទទួល​ការ​វះកាត់ ប៉ុន្តែ​អ្នកស្រី​បាន​បដិសេធ ព្រោះ​តែ​ការ​ភ័យ​ខ្លាច។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​ស្រី​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ Guangji Hospital កាល​ពី​សប្ដាហ៍​មុន ដើម្បី​ទទួល​ការ​វះកាត់ បន្ទាប់​ពី​អ្នក​ស្រី​ឈឺ​ក្រពះ​ខ្លាំង រហូត​មិន​អាច​ទ្រាំ​បាន៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី