បកស្រាយការពិត ក្មេងប្រុសដាក់​ក្លាសេ​ក្នុងឡាំង​ដែលគេល្បី​ជួញដូរ​យកគ្រឿងក្នុង

  • 2017-07-20 08:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • វីដេអូ​មាន​ប្រភព​ពី​ចិន ប្រទេស​ជា​ច្រើន​ផ្អើល​ព័ត៌មាន​មួយ​នេះ
  • វីដេអូ​អះ​អាងថា ​ជា​ការ​ជួញ​ដូរ​គ្រឿង​ក្នុង​កុមារ
  • តាម​ពិត​ជា​កុមារ​លង់​ទឹក​ពីរ​បី​ឆ្នាំ​មុន​ទៅ​ហើយ

វីដេអូ​ក្មេង​ប្រុស​ម្នាក់​ដេក​ស្លាប់​ក្នុង​ឡាំង​ស្នោ​ដែល​ក្រុម​គ្រួសារ​​ដាក់​ក្លាសេ​ទឹក​កក​​ទាំង​ដុំៗ ត្រូវ​បាន​គេ​បង្ហោះ​ចែក​ចាយ​យ៉ាង​ច្រើន​ពាស​ពេញ​​អ៊ីនធឺណិត​នៅ​ចិន តាម​ប្រទេស​មួយ​ចំនួន​អាស៊ី រហូត​ធ្លាយ​ដល់​កម្ពុជា​ថែម​ទៀត​ ព្រោះ​បាន​អះអាង​​ថា​ ជា​ការ​ជួញ​ដូរ​​គ្រឿង​ក្នុង​កុមារ។

វីដេអូ​មាន​ប្រភព​ចេញ​ពី​ប្រទេស​​ចិន​នេះ ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា​ជា​ច្រើន ​ពិសេស​ឪពុក​ម្ដាយ​​បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​សុវត្ថិភាព​កូន​តូច​ៗ​ដែរ​។ វីដេអូ អម​ជា​មួយ​រូប​ថត​មួយ​សន្លឹក​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​​ទំព័រ​​ហ្វេសប៊ុក​​មួយ​របស់​អ្នក​ប្រើ​ប្រាស់​នៅ​កម្ពុជា​​កាល​ពី​ថ្ងៃ​ទី ១០​កក្កដា ឆ្នាំ ២០១៧ បាន​សរសេរ​ថា «វា​ជា​ការ​ជួញ​ដូរ​គ្រឿង​ក្នុង​កុមារ​ដែល​កំពុង​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ»។ ​ព័ត៌មាន​មួយ​នេះ ត្រូវ​បាន​គេ​ចែក​ចាយ​​រហូត​ដល់​ទៅ​​ជាង ១១​ម៉ឺន​ដង និង​មាន​អ្នក​ចូល​មើល​ជាង​ ៣,១​លាន​ដង។

​បើ​យោង​​ទៅ​តាម​​គេហទំព័រ​សារព័ត៌មាន​សិង្ហបុរី Channelnewsasia ​បាន​ផ្សាយ​ថា ​ព័ត៌មាន​មិន​ពិត​មួយ​នេះ​ក៏​បាន​ផ្ទុះ​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម WhatsApp នៅ​ប្រទេស​សិង្ហបុរី​ដែរ ដែល​ល្បី​ត​ៗ​គ្នា​ថា ​ជា​ការ​ចាប់​ជំរិត​ក្មេង​ដាក់​ក្នុង​ឡាំង​ទឹក​កក ​ដើម្បី​​យក​គ្រឿង​ក្នុង​​របស់​កុមារ​​ទៅ​លក់។

ទោះបី​ជា​មាន​ការ​យល់​ឃើញ​បែបនេះ ប្រភព​សារព័ត៌មាន​ភាសា​ចិន​​ Apple Daily បាន​ស៊ើប​ដឹង​ការ​ពិត​ពី​ប៉ូលិស​ទីក្រុង យីយ៉ាង​ ខេត្ត​ហ៊ូណាន​​ បញ្ជាក់​ថា ហេតុការណ៍​នេះ​មិន​មែន​ជា​ករណី​ឧក្រិដ្ឋ​កម្ម​ឡើយ​។ ​កុមារ​រូប​នេះ​បាន​លង់​ទឹក​នៅ​ផ្ទះ​សាច់ញាតិ​នៅ​ខេត្ត​ក្វាង​ទុង រួច​ត្រូវ​បងប្អូន​យក​សាកសព​ដាក់​ក្នុង​ឡាំង​ទឹកកក​ដឹក​ទៅ​ផ្ទះ​វិញ ព្រោះ​តាម​ផ្លូវ​ឆ្ងាយ​ខ្លាច​សាក​សព​រលួយ​​ធុំក្លិន ខណៈ​មេឃ​កំពុង​ក្ដៅ​ខ្លាំង។ ដូច្នេះ​សូម​បងប្អូន​កុំ​មាន​ការ​យល់​ច្រឡំ​ទៀត៕

ចុចអាន៖

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ឡេង ភារុណ