រៀនចប់បរិញ្ញា បែក​គំនិតបង្កើត​សួន​សត្វ​ទន្សាយ រកចំណូល​កប់ក្ដោង

  • 2017-08-14 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រលាញ់​សត្វ​ចិញ្ចឹម​​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ កំពុង​ទទួល​បាន​​ជោគជ័យ​ជំនួញ​ថ្មី​ ក្រោយ​បើក​សួន​សត្វ​ទន្សាយ​​ដោយ​​​អាច​រក​ចំណូល​បាន​ច្រើន​មិន​នឹក​ស្មាន ខណៈ​ទើប​បញ្ចប់​ការ​សិក្សា។

លោក Jubair Juhinin

លោកJubair Juhinin អាយុ ២៧​ឆ្នាំ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​ជលផល ពី​សាកល​វិទ្យាល័យ​ University of Sabah (UMS) ប្រទេស​ម៉ាឡេស៊ី និង​មិន​​ដែល​គិត​ថា ​ចំណង់​ចំណូល​ចិត្ត​ចិញ្ចឹម​សត្វ​ទន្សាយ​របស់​ខ្លួន​អាច​ប្រែក្លាយ​ជា​ជំនួញ​ចំណេញ​ប្រាក់​ច្រើន​ដូច្នេះ​ឡើយ។

តាម​សារព័ត៌មាន​ក្នុង​ស្រុក​ Bernama ​រៀប​រាប់​ថា ជំនួញ​របស់​លោក Jubair ​ស្ថិត​នៅ​សង្កាត់ Kampung Purakagis ទីក្រុងRanau ​រដ្ឋ Sabah អាច​រក​ចំណូល​ប្រមាណ​ ៣០​ម៉ឺន​រីងហ្គីត ឬ​ប្រមាណ ៦៩ ៨០០​​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ តាម​រយៈ​ការ​​លក់​សំបុត្រ​ចូល​ទៅ​លេង។

បើ​តាម​ប្រភព គាត់​បាន​ចាប់​ផ្ដើម​​ជាមួយ​ដើម​ទុន​ប្រមាណ ១ ១០០​​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ការ​ទិញ​សម្ភារៈ​ផ្សេងៗ​ និង​ការ​តុបតែង​លម្អ ខណៈ​មាន​ដី​ស្រាប់។ សួន​សត្វ​របស់​គាត់​មាន​ឈ្មោះ​ថា ភូមិ Arnab ឬ Arnab Village ​ដោយ​មាន​ហាង​លក់​វត្ថុ​អនុស្សាវរីយ​មួយ​ផង។

សួន​ខាង​លើ​មាន​ទន្សាយ​ចំនួន ៨​ប្រភេទ​ដូច​ជា New Zealand White, Standard Rex, Mini Satin, Lion Head, Netherland Dwarf, Lop Ear, Anggora និង​ប្រភេទ​ក្នុង​ស្រុក​មួយ​ទៀត​។ ទន្សាយ​ប្រមាណ​ជាង ៤០០​ក្បាល ​ត្រូវ​បាន​លែង​ឲ្យ​ទៅ​ស្វាគមន៍​ភ្ញៀវ​ក្នុង​បរិវេណ​របង ដើម្បី​ឲ្យ​គេ​ងាយ​ថត​រូប ថត​វីដេអូ​ជា​មួយ​ពួក​វា។

លោក Jubair ​មាន​គម្រោង​បន្ថែម​សត្វ​ទន្សាយ​ឲ្យ​បាន​ចំនួន ១ ០០០​ក្បាល​នៅ​ឆ្នាំ​ក្រោយ។ ចំពោះ​តម្លៃ​សំបុត្រ​​ចូល​ទស្សនា​សួន​សត្វ Arnab Village ​គឺ​ម្នាក់ ៥​រីងហ្គីត (១,២​ដុល្លារ) និង​ជន​បរទេស ១០​រីងហ្គីត (២,៣​ដុល្លារ)៕

ចុចអាន៖

ប្រភព៖ theSundaily   ប្រែ​សម្រួល៖ ឡេង ភារុណ