ច័ន្ទលក្ខិណាធ្លាប់ត្រូវឪពុកវ៉ៃនឹងខ្សែក្រវាត់ប្រឹងរហូតឈ្នះមេដាយមាសពិភពលោក
- 2017-08-16 01:45:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច័ន្ទលក្ខិណាធ្លាប់ត្រូវឪពុកវ៉ៃនឹងខ្សែក្រវាត់ប្រឹងរហូតឈ្នះមេដាយមាសពិភពលោក
ចន្លោះមិនឃើញ
កីឡាការិនីជម្រើសជាតិកម្ពុជាកញ្ញា សឿ ច័ន្ទលក្ខិណា បានតស៊ូពីការហាមឃាត់របស់ឪពុករហូតទទួលបានជោគជ័យក្នុងអាជីពកីឡាវ៉ូវីណាមក្នុងនោះឈ្នះមេដាយមាសពីកីឡាស៊ីហ្គេមឆ្នាំ២០១៣នៅប្រទេសមីយ៉ាន់ម៉ា និងឈ្នះមេដាយមាសវ៉ូវីណាមពិភពលោកនៅប្រទេសឥណ្ឌា។
**គ្រួសារ**
កញ្ញា សឿ ច័ន្ទលក្ខិណា កើតនៅក្នុងគ្រួសារមធ្យមមួយដែលឪពុកឈ្មោះ សឿ ចន្ថារិទ្ធ ជាអតីតកីឡាករបាល់ទាត់ និងជាបុគ្គលិកបើកបរឲ្យក្រុមហ៊ុនឯកជន និងម្តាយឈ្មោះ សុខ ច័ន្ទវិចរាជាមេផ្ទះ។ កញ្ញាជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ (ស្រី២ ប្រុស២)ក្នុងនោះប្អូនទី១ សឿ សេងហុង ប្រុសជាកីឡាករវ៉ូវីណាម ប្អូនទី២ សឿ ចិន្តា ស្រីនៅរៀន និងប្អូនពៅ សឿ សែនសំណាង។ បច្ចុប្បន្នគ្រួសាររបស់កញ្ញារស់នៅរស់នៅជិតម៉ុងឌីម៉ាល សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការសិក្សា
កាលពីកុមារភាព សឿ ច័ន្ទលក្ខិណាបានចូលរៀននៅសាលាបឋមសិក្សាសំពៅមាសពីឆ្នាំ២០០១ដល់ឆ្នាំ២០០៧។ បន្ទាប់ពីបញ្ចប់កម្រិតបឋមសិក្សាយុវតីរូបនេះបានបន្តចូលរៀនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យព្រះយុគន្ធររហូតដល់បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យដោយប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ក្នុងឆ្នាំ២០១៣។ រហូតដល់ពេលនេះលក្ខិណាមិនទាន់បានបន្តចូលរៀនថ្នាក់ឧត្តមសិក្សាទេ។
បាល់បោះ និងហែលទឹក
សឿ ច័ន្ទលក្ខិណាបានចាប់ផ្ដើមហ្វឹកហាត់កីឡាហែលទឹកតាំងពីតូចដោយសារក្រុមគ្រួសារជាអ្នកនិយមចូលចិត្តកីឡា។ ចំណុចពីរសំខាន់ដែលជំរុញឲ្យកញ្ញាចាប់អាជីពហែលទឹកគឺផ្ទះខាងម្ដាយនៅកោះធំជិតទន្លេដែលជាកន្លែងធ្លាប់បានហែលទឹកលេងកម្សាន្ត និងផ្ទះនៅភ្នំពេញជិតពហុកីឡដ្ឋានអូឡាំពិកដែលកញ្ញាឧស្សាហ៍ចេញទៅហាត់ប្រាណផងនោះទើបកញ្ញាហ្វឹកហាត់ហែលទឹករហូតបានក្លាយជាកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជាទាំងវ័យក្មេង។
«ប៉ាម៉ាកជំរុញឲ្យខ្ញុំហ្វឹកហាត់កីឡាហែលទឹក ព្រោះខ្ញុំចេះហែលទឹកនៅទន្លេតាំងពីតូច ប៉ុន្តែនៅសាលាវិទ្យាល័យវិញ ខ្ញុំហ្វឹកហាត់បាល់បោះ។ អំឡុងថ្នាក់ទី១០ និងទី១១ ខ្ញុំជាកីឡាការិនីបាល់បោះនៅក្នុងក្រុមតំណាងវិទ្យាល័យព្រះយុគន្ធរចូលរួមប្រកួតកម្រិតមធ្យមសិក្សា»។ កញ្ញាធ្លាប់បានចូលការប្រកួតកីឡាថ្នាក់មធ្យមសិក្សារាជធានីភ្នំពេញ និងទូទាំងប្រទេសផងដែរ ប៉ុន្តែកញ្ញាប្រាប់ថា ការលេងបាល់បោះគឺគ្រាន់តែជាកម្សាន្តតែប៉ុណ្ណោះ។
អាយុ១៤ឆ្នាំ សឿ ច័ន្ទលក្ខិណាបានចាប់ផ្ដើមហ្វឹកហាត់កីឡាហែលទឹក ប៉ុន្តែបានចូលហ្វឹកហាត់ពេញលេញនៅទីលានហែលទឹកអូឡាំពិកក្នុងឆ្នាំ២០០៨តាមរយៈឪពុករបស់នាងដែលស្គាល់មន្ត្រីខាងសហព័ន្ធកីឡាហែលទឹកដែលសុំឲ្យកូនស្រីបានចូលហ្វឹកហាត់។
ចុងឆ្នាំ២០០៨ សឿ ច័ន្ទលក្ខិណាបានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាហែលទឹក K-Cement ប៉ុន្តែនៅពេលនោះកញ្ញាមិនទទួលបានលទ្ធផលល្អទេ។ កញ្ញាបានជាប់ជាកីឡាការិនីជម្រើសជាតិកម្ពុជា បន្ទាប់ពីទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ១ក្នុងការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០០៩ និងឈ្នះបានមេដាយប្រាក់១ និងសំរឹទ្ធ១ទៀតសម្រាប់ការប្រកួតថ្នាក់ជាតិឆ្នាំ២០១០។
សម្រាប់កីឡាហែលទឹក សឿ ច័ន្ទលក្ខិណាមិនធ្លាប់បានចេញទៅប្រកួតថ្នាក់អន្តរជាតិទេ បើទោះជាធ្លាប់ជាប់ជាជម្រើសជាតិ និងទទួលបានមេដាយផ្នែកកីឡាប្រភេទនេះប្រាក់២ និងសំរឹទ្ធ២ថ្នាក់ជាក៏ដោយ។
កីឡាវ៉ូវីណាម
ចុងឆ្នាំ២០១០ សឿ ច័ន្ទលក្ខិណាបានឈានចាប់ហ្វឹកហាត់កីឡាវ៉ូវីណាមមួយទៀតដែលជាប្រភេទវិញ្ញាសាថ្មីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ដំបូងឡើយកញ្ញាខ្លួនឯងផ្ទាល់ជាអ្នកលួចទៅហ្វឹកហាត់កីឡាវ៉ូវីណាម ប៉ុន្តែត្រូវឪពុកវ៉ៃជាច្រើនខ្សែក្រវាត់ បន្ទាប់ពីដឹងថា លួចទៅហ្វឹកហាត់ដោយមិនប្រាប់ដល់ក្រុមគ្រួសារ។
នៅមុខអ្នកសារព័ត៌មាន Sabay លក្ខិណាមិនហ៊ានប្រាប់ពីចំណុចដែលឪពុកខឹងរហូតដល់វ៉ៃជាច្រើនខ្សែក្រវាត់ទេ ប៉ុន្តែម្តាយរបស់កញ្ញាអ្នកស្រី សុខ ច័ន្ទវិចរាបានប្រាប់ថា ៖«មុននឹងបានហាត់វ៉ូវីណាមហ្នឹង ប៉ាវាវ៉ៃមិនតិចខ្សែក្រវាត់ទេ ព្រោះលួចទៅហាត់អត់ប្រាប់អ្នកផ្ទះ»។
ទោះបីជាយ៉ាងណា បន្ទាប់ពីដឹងថា កូនស្រីបានទៅហ្វឹកហាត់ជាមួយគ្រូបង្វឹកកីឡាវ៉ូវីណាមដែលជាមិត្តភ័ក្តិរបស់ខ្លួននោះ លោក សឿ ចន្ថារិទ្ធក៏បានគាំទ្រ និងជំរុញកូនស្រីឲ្យហ្វឹកហាត់កីឡាមួយប្រភេទនេះដោយយល់ឃើញថា ជាវិញ្ញាសាថ្មី និងមិនទាន់មានហ្វឹកហាត់ច្រើនដែលងាយនឹងទទួលបានជ័យជម្នះសម្រាប់ការប្រកួតថ្នាក់អន្តរជាតិ។
បន្ទាប់ពីហ្វឹកហាត់បានជិតមួយឆ្នាំ សឿ ច័ន្ទលក្ខិណាបានចូលរួមការប្រកួតកីឡាវ៉ូវីណាមថ្នាក់អន្តរជាតិដោយទទួលបានមេដាយប្រាក់១ និងសំរឹទ្ធ២។ កញ្ញានិយាយថា ឆ្នាំ២០១១ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាមអាស៊ាន នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញដែលមាន៤ប្រទេសគឺ កម្ពុជា វៀតណាម ឡាវ និងឥណ្ឌូណេស៊ី។ ។ «កាលណោះខ្ញុំមិនទាន់ជាប់ជម្រើសជាតិទេ តែគេឲ្យយើងចូលរួមប្រកួតបាន ព្រោះកម្ពុជាយើងធ្វើម្ចាស់ផ្ទះ»។ នៅឆ្នាំ២០១៣ កញ្ញាបានចូលរួមប្រកួតថ្នាក់អន្តរជាតិម្តងទៀតដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមអាស៊ាន នៅខេត្តសៀមរាបហើយកញ្ញាឈ្នះបានតែមេដាយសំរឹទ្ធ១ប៉ុណ្ណោះ។
ស៊ីហ្គេមឆ្នាំ២០១៣
ឆ្នាំ២០១៣ សឿ ច័ន្ទលក្ខិណា បានជាប់ឈ្មោះជាកីឡាការិនីវ៉ូវីណាមជម្រើសជាតិកម្ពុជា ហើយបានចេញទៅហ្វឹកហាត់កីឡាមួយប្រភេទនេះនៅប្រទេសវៀតណាមរយៈពេល២ខែដើម្បីត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេមលើកទី២៧ នៅប្រទេសមីយ៉ាន់ម៉ា។
ការចូលរួមប្រកួតស៊ីហ្គេមនៅមីយ៉ាន់ម៉ា កីឡាការិនី សឿ ច័ន្ទលក្ខិណាទទួលបានមេដាយមាសក្នុងប្រភេទវិញ្ញាសាប្រកួតសម្តែងប្រុស៣ ស្រី១ដោយបានយកឈ្នះក្រុមជម្រើសជាតិវៀតណាមដែលជាម្ចាស់កំណើតកីឡាមួយប្រភេទនេះ។ កីឡាករទាំង៣នាក់ដែលសម្តែងប្រកួតជាមួយកញ្ញាគឺ កើត សុភ័ក្តិ, សឹង វិសាល និង ជិន ពិសិដ្ឋ។
ពាក់ព័ន្ធនឹងលទ្ធផលដ៏គប់ប្រសើរនេះ សឿ ច័ន្ទលក្ខិណា ក៏ដូចជាក្រុមគ្រួសារមានអារម្មណ៍មោទនភាពក្រៃលែងដែលទទួលបានលទ្ធផលហួសពីការរំពឹងទុក។ ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះបាននិយាយថា ៖«លទ្ធផលនេះគឺហួសពីអ្វីដែលខ្ញុំរំពឹងទុក។ ខ្ញុំមិនដែលគិតថា ខ្ញុំអាចទទួលបាននូវលទ្ធផលបែបនេះទេ។ ខ្ញុំមានអារម្មណ៍ថា មោទនភាពលើខ្លួនឯងយ៉ាងខ្លាំង»។
ទន្ទឹមជាមួយនឹងអារម្មណ៍មោទនភាព អតីតកីឡាការិនីហែលទឹករូបនេះក៏កើតមានអារម្មណ៍តូចចិត្ត និងមិនសូវរីករាយផងដែរ ខណៈអ្នកខ្លះបាននិយាយថា ៖«បានមេដាយមួយហ្នឹងគ្មានអ្វីអស្ចារ្យទេ ព្រោះវាគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ»។
ប្អូនជីដូនមួយរបស់កីឡាករបាល់ទាត់ នេត សុធារ័ត្នរូបនេះបានសង្កត់ធ្ងន់ថា ៖«គេអាចនិយាយបែបហ្នឹងបាន តែសម្រាប់ខ្ញុំមិនមែនគ្រាន់តែសម្ដែងដូចអ្នកទាំងនោះគិតទេ។ មុននឹងគេសម្រេចផ្ដល់ពិន្ទុឲ្យយើងឈ្នះ គឺគេវិនិច្ឆ័យល្អិតល្អន់ណាស់។ វិញ្ញាសាសម្ដែងជាក្រុមហ្នឹង ក្រុមកម្ពុជាយើងធ្វើបានល្អជាងប្រទេសផ្សេងៗទាំងអស់ សូម្បីតែម្ចាស់កំណើតកីឡានេះគឺវៀតណាមដែលយើងរៀនពីគេ ក៏យើងធ្វើបានល្អជាងដែរ។ ចំណុចល្អរបស់យើងគឺ ភាពរហ័សរហួន សហការគ្នា និងជាពិសេសលោតបានខ្ពស់»។
ជើងឯកវ៉ូវីណាមពិភពលោក
ឆ្នាំ២០១៧ សឿ ចន្ទលក្ខិណាបានរួមជាមួយក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជាបានចូលរួមការប្រកួតជ្រើសរើសជើងវ៉ូវីណាមពិភពលោកនៅប្រទេសឥណ្ឌា។ ក្រុមជម្រើសជាតិកម្ពុជាទទួលបាន២២គ្រឿង ក្នុងនោះមាស៤ ប្រាក់៩ និងសំរិទ្ធ៩។ ដោយកីឡាការិនី សឿ ចន្ទលក្ខិណាឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣។
ចំណែកអ្នកស្រីសុខ ច័ន្ទវិចរាបានប្រាប់ថា អ្នកស្រី និងក្រុមគ្រួសាររំភើបខ្លាំងណាស់ដែលកូនទទួលបានជ័យជម្នះគួរជាទីមោទនៈនេះ។ «មីងមិននឹកស្មានថា កូនស្រីមីងឈ្នះមេដាយមាសទេ បានត្រឹមប្រាក់ឬសំរឹទ្ធក៏អស់ចិត្តដែរ តែនេះហួសពីអ្វីដែលមីងរំពឹងទុក»។ អ្នកស្រីបន្ថែមទៀតថា កាលពីមុន អ្នកជិតខាងនិយាយបែបនេះបែបនោះពីកូនស្រី ប៉ុន្តែបន្ទាប់ពីទទួលបានមេដាយមាសហ្នឹង ការនិយាយមិនល្អទាំងនោះក្លាយជាការអបអរសាទរវិញ។
ចំពោះលោក សឿ ចន្ថារិទ្ធបានឲ្យដឹងថា លោកនឹងជំរុញកូនទាំងអស់ឲ្យហ្វឹកហាត់កីឡាវ៉ូវីណាមក្នុងគោលបំណងក្លាយជាកីឡាករ និងកីឡាការិនីជម្រើសជាតិកម្ពុជា ប៉ុន្តែមុនដំបូងគាត់នឹងឲ្យកូនៗហ្វឹកហាត់ហែលទឹកសិន។ លោកថា ៖«កូនតូចៗរបស់ខ្ញុំគឺឲ្យវាហ្វឹកហាត់ហែលទឹកសិនឲ្យរឹងមាំសិន ហើយបន្ទាប់មកហ្វឹកហាត់វ៉ូវីណាមដែលដល់ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាយើងត្រៀមធ្វើម្ចាស់ផ្ទះ ពួកវាល្មមនឹងជាប់ជម្រើសជាតិបាន»។
សព្វថ្ងៃនេះកីឡាការិនីម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៣រូបនេះបានកំពុងខិតខំហ្វឹកហាត់កីឡាវ៉ូវីណាមដើម្បីត្រៀមខ្លួនការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។ ក្រៅពីចាប់អាជីពកីឡា កញ្ញាក៏ធ្វើការនៅហាងគុយទាវរបស់ម្តាយមីងមួយកន្លែងផងដែរ។ ចំពោះគូស្រករវិញកញ្ញាក៏មិនទាន់គិតគូរនៅឡើយដែរ ប៉ុន្តែឪពុកម្តាយប្រហែលជាជំរុញឲ្យកូនប្រឡងចូលធ្វើជាគ្រូកីឡារដ្ឋ។
មេដាយថ្នាក់ជាតិ
២០០៨៖ ប្រាក់១ និងសំរឹទ្ធ១ (ជើងឯកហែលទឹកជាតិ)
២០១០៖ ប្រាក់១ និងសំរឹទ្ធ (ជើងឯកហែលទឹកជាតិ)
មេដាយអន្តរជាតិ
២០១១៖ ប្រាក់១ និងសំរឹទ្ធ២ (ជើងឯកវ៉ូវីណាមអាស៊ីអាគ្នេយ៍)
២០១៣៖ សំរឹទ្ធ១ (ជើងឯកវ៉ូវីណាមអាស៊ីអាគ្នេយ៍)
២០១៣៖ មាស១ (កីឡាស៊ីហ្គេម)
២០១៦៖ សំរឹទ្ធ១ (កីឡាឆ្នេរខ្សាច់អាស៊ី)
២០១៧៖ មាស២ ប្រាក់១ និងសំរឹទ្ធ១ (ជើងវ៉ូវីណាមអាស៊ីអាគ្នេយ៍)
២០១៧៖ មាស១ ប្រាក់១ និងសំរឹទ្ធ៣ (ជើងឯកពិភពលោក)