កម្ពុជាប្រមូលបានផលិតផលក្លែងក្លាយជិត ២០០តោន ក្នុងឆ្នាំ ២០១៧
- 2017-08-16 05:09:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាប្រមូលបានផលិតផលក្លែងក្លាយជិត ២០០តោន ក្នុងឆ្នាំ ២០១៧
ចន្លោះមិនឃើញ
ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយឲ្យដឹងថានៅឆ្នាំ ២០១៧នេះផលិតផលក្លែងក្លាយជិត២០០តោនត្រូវបានរឹបអូស និងកំពុងរង់ចាំការសម្រេចរបស់តុលាការថានឹងត្រូវធ្វើបែបណាចំពោះផលិតផលទាំងនេះ។
ថ្លែងក្នុងគ្គបណ្ដុះបណ្តាលស្ដីពីការស្រាវជ្រាវ និងស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយកាលពីព្រឹកមិញ ឯកឧត្តម មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយថ្លែងថា ផលិតផលក្លែងក្លាយដែលប្រមូលបាននោះមានដូចជាគ្រឿងសំអាង ផលិតផលថែរក្សាសម្រស់ និងថ្នាំពេទ្យជាដើម។
ឯកឧត្តម បន្តថា ផលិតផលទាំងនោះបានហូរចូលមកកម្ពុជាជាច្រើន និងត្រូវបង្រ្កាបជាបន្តបន្ទាប់។ ឯកឧត្តម ថ្លែងថា "បើគិតទល់ពេលនេះ គឺថាផលិតផលដែលស្ថិតនៅក្រោមការផ្អាក មិនឲ្យចែកចាយ មិនលក់ក្នុងទីផ្សារមានជិត ២០០តោនហើយ...ដែលកំពុងរង់ចាំសេចក្ដីសម្រេចពីតុលាការថា ត្រូវបំផ្លាញចោល ឬធ្វើយ៉ាងណានោះ?” ។
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនឹងរៀបចំបង្កើតក្រុមអ្នកស៊ើបអង្កេត និងស្រាវជ្រាវតាមចំណុចចាប់ផ្ដើមចំនួន៣ ដូចជា ទី១. ក្រុមអ្នកប្រមូលព័ត៌មាន ដោយក្រុមនេះនឹងចេញទៅប្រមូលព័ត៌មានតាមរោងចក្រ ក្រុមហ៊ុន គ្រឹះស្ថានផលិតផលចែកចាយនានា ប្រសិនបើមានព័ត៌មានថាមានផលិតផលក្លែងក្លាយក្រុមនេះ នឹងធ្វើសកម្មភាពភ្លាមៗ។ ទី២. ក្រុមអ្នកទទួលបណ្ដឹងពីក្រុមហ៊ុន ពោលគឺប្រសិនបើក្រុមហ៊ុនបានដឹងថាមានគេលួចចម្លងផលិតផលរបស់ខ្លួនអាចមកប្ដឹង គណៈកម្មាធិការឲ្យធ្វើសកម្មភាពស៊ើបអង្កេតភ្លាមៗ និងទី៣. ក្រុមអ្នកទទួលបណ្ដឹងពីសាធារណៈជន ប្រសិនប្រជាពលរដ្ឋបានដឹងថាផលិតផលទាំងនោះក្លែងក្លាយ ឬក៏បានប្រើប្រាស់ហើយមានប៉ះពាល់ដល់សុខភាព អាចមកប្ដឹងដើម្បីចាត់វិធានការភ្លាមៗផងដែរ។
ឯកឧត្តម មៀច សុផាន់ណា បានគូសបញ្ជាក់ថា ក្រុមទាំងបីខាងលើ នឹងធ្វើសកម្មភាពតាមដានយ៉ាងសកម្មទៅលើក្រុមចែកចាយផលិតផលក្លែងក្លាយ រហូតដល់បង្រ្កាបចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសអ្នកប្រព្រឹត្តបទល្មើសនោះ៕