ព្រះ​អង្គ​ម្ចាស់​ប្រធាន​ស៊ីហ្គេម​សរសើរ​កម្ពុជា​រឿង​ត្រៀម​ខ្លួន​ស៊ីហ្គេម​២០២៣

  • 2017-08-18 07:13:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខ​ដឹក​នាំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​អូឡាំពិក​ម៉ាឡេស៊ី​បាន​កោត​សរសើរ​​ប្រទេស​កម្ពុជា​ដែល​បាន​កំពុង​រៀប​ចំ​ខ្លួន​យ៉ាង​ល្អ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​​រៀប​ចំ​ធ្វើ​ម្ចាស់​​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ (ស៊ីហ្គេម​)​ឆ្នាំ​២០២៣។

តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា​ ​ព្រះ​អង្គ​ម្ចាស់​ Tunku Tan Sri Imran ប្រធាន​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​អូឡាំពិក​ម៉ាឡេស៊ី​បាន​កោត​សរសើរ​ពី​ វឌ្ឍន​ភាព​នៃ​ដំណើរ​ការ​ឆ្ពោះ​ទៅ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣២​ ឆ្នាំ​២០២៣​នៅ​កម្ពុជា។

ការ​កោត​សរសើរ​នេះ​បាន​កើត​មាន​ឡើង​នៅ​ពេល ព្រះ​អង្គ​ម្ចាស់​ Tunku Tan Sri Imran បាន​ចូល​រួម​​ជា​អធិបតី​ក្នុង​​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​ នៅ​ទី​ក្រុង​កូឡាឡាំពួរ​ ប្រទេស​​ម៉ាឡេស៊ី​នា​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​សីហា​នេះ។ ក្នុង​កិច្ច​ប្រជុំ​នេះ​​គណៈ​ប្រតិ​ភូ​កម្ពុជា​​ដឹក​នាំ​ដោយ​ ឯក​ឧត្តម​ ថោង​ ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ អម​ដោយ​ ឯក​ឧត្តម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC។

ឆ្លើយ​តប​នឹង​ការ​កោត​សរសើរ​ពី​ប្រមុខ​ដឹក​នាំ​ ក្រុម​ប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​ ឯក​ឧត្តម​ ថោង​ ខុន​ បាន​ជម្រាប​ជូន​អង្គ​ប្រជុំ​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​កីឡា​គឺ​ ពហុ​កីឡដ្ឋាន​មរតក​តេជោ​ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ទ្រទ្រង់​នានា​ ដែល​បាន​បញ្ចប់​ការ​សាង​សង់​ក្នុង​ដំណាក់​កាល​ទី​១​រួច​ហើយ​ និង​បាន​ចាប់​ផ្តើម​ការ​សាង​សង់​ក្នុង​ដំណាក់​កាល​ទី​២​បន្ត​ទៀត​ ពិសេស​ ការ​សាង​សង់​ កីឡដ្ឋាន​ធំ​(Main Stadium)​ ដែល​អាច​​ដាក់​មនុស្ស​៥​៥០០០​នាក់​ក្រោម​ជំនួយ​ឥត​សំណង​ របស់​រដ្ឋាភិបាល​ នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ដែល​សំណង់​នេះ​នឹង​អាច​បញ្ចប់​នៅ​ចុង​ឆ្នាំ២០២០​ ឬ​ នៅ​ដើម​ឆ្នាំ​២០២១។

ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ គណៈ​កម្មាធិការ​អូឡាំពិក​ហ្វីលីពីន​ និង​វៀតណាម​ បាន​បញ្ជាក់​ពី​​ការ​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​៣០​ ឆ្នាំ​២០១៩​និង​លើក​ទី​៣១​ ឆ្នាំ​២០២១​ ដែល​បន្ទាប់​ពី​ព្រឹត្តិការណ៍​ទាំង​ពីរ​នេះ​ គឺ​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​២០២៣៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី