៥ កន្លែងល្អបំផុតសម្រាប់អ្នកចង់ស្រែកខ្លាំងៗរំសាយទុក្ខ ចំណែកទេសភាពស្អាតកប់
- 2017-08-19 03:55:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ កន្លែងល្អបំផុតសម្រាប់អ្នកចង់ស្រែកខ្លាំងៗរំសាយទុក្ខ ចំណែកទេសភាពស្អាតកប់
ចន្លោះមិនឃើញ
មនុស្សគ្រប់រូបនៅពេលមិនសប្បាយចិត្ត តែងចង់ទៅកន្លែងមួយដ៏ស្រស់ស្អាត និងស្រែកខ្លាំងៗដើម្បីរំសាយទុក្ខកង្វល់ឱ្យរសាត់ឆ្ងាយពីក្នុងចិត្ត។ ថ្ងៃនេះ Sabay សូមណែនាំប្រិយមិត្តទៅតំបន់ទេសចរណ៍ ៥កន្លែងក្នុងប្រទេសកម្ពុជាសមប្រកប សម្រាប់អ្នកកើតទុក្ខស្អិតទ្រូង គួរទៅលេងកម្សាន្តធានាថាសប្បាយចិត្តឡើងវិញមិនខាន។
១. សមុទ្រឈើខេត្តមណ្ឌលគីរី
សមុទ្រឈើ ដែលស្ថិតនៅភូមិឡៅកា ឃុំសុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាកន្លែងដែលមានទេសភាពស្រស់ត្រកាល ដោយអាចមើលព្រៃឈើដ៏ក្រាស់ឃ្មឹក ដាច់កន្ទុយភ្នែកជាប់ជើងមេឃប្រៀបដូចជាសមុទ្រ។ អ្នកដែលចង់រំសាយទុក្ខកង្វល់អាចទៅស្រែកខ្លាំងៗនៅទីនោះ នឹងធ្វើឱ្យទុក្ខកង្វល់ទាំងឡាយរសាត់ឆ្ងាយជាក់ជាមិនខាន។
សមុទ្រឈើ ស្ថិតនៅខាងជើងឆៀងខាងលិចក្រុងសែនមនោរម្យ និងនៅជិតភ្នំដោះក្រមុំ។ ភ្ញៀវទេសចរទៅលេងនៅមណ្ឌលគិរី មិនសូវរំលងតំបន់នេះទេ ព្រោះវាពិតជាមានទេសភាពស្រស់ស្អាតណាស់ ជាពិសេសគឺពេលថ្ងៃរះ និងថ្ងៃលិច។ ជាមួយនឹងអាកាសធាតុត្រជាក់ដ៏រ៉ូមែនតិក វាក៏ជាទីកន្លែងអំណោយទានសម្រាប់គូស្នេហ៍ក្នុងការសាសង ឬលក្ខណៈគ្រួសារក៏ទទួលបានអារម្មណ៍រីករាយប្លែកផងដែរ។
២.ឋានសួគ៌បូកគោ
រមណីយដ្ឋាន ឋានសួគ៌បូកគោ ស្ថិតនៅក្នុងខេត្តកំពត គឺជារមណីយដ្ឋានដ៏ស្រស់ត្រកាលប្រៀបដូចឋានសួគ៌លើដី។ ជាពិសេសមានអាកាសធាតុដ៏ត្រជាក់ខុសពីតំបន់ដទៃមានតែមួយគត់នៅកម្ពុជា គ្របដណ្ដប់ដោយដុំពពកដេរដាស និងមានកន្លែងលេងកម្សាន្តជាច្រើននៅលើកំពូលភ្នំ។ ចំណែកឯផ្លូវធ្វើដំណើរវិញកាន់តែងាយស្រួល បត់បែនតាមជម្រាលភ្នំកាច់កុងប្រៀបដូចជាអន្ទង់អាំងយ៉ាងដូច្នោះ។ ទៅដល់កំពូលភ្នំភ្ញៀវទេសចរណ៍នឹងរំសាយអស់នូវរាល់ទុក្ខកង្វល់ មិនថាកើតទុក្ខប៉ុនណាក៏ត្រូវតែសប្បាយចិត្តដែរ ហើយបើចង់ស្រែកប្រាប់ធម្មជាតិថាកំពុងពិបាកចិត្តក៏មិនមានអ្នកឃាត់ដែរ។
៣. ឧទ្យានរាម ខេត្តព្រះសីហនុ
មានមនុស្សជាច្រើនហាក់មើលរំលងឧទ្យានរាមនៅខេត្តព្រះសីហនុ ប៉ុន្តែនៅទីនោះជាទីតាំងដ៏ស្រស់ស្អាតបំផុត មានលក្ខណៈស្ងប់ស្ងាត់សម្រាប់អ្នកចង់សង្រួមចិត្តសង្រួមអារម្មណ៍ ធ្វើសមាធិឱ្យស្ងប់ចិត្ត គេចចេញពីបញ្ហាទាំងឡាយ។ ទៅដល់ទីនោះ មិនយូរប៉ុន្មានប្រិយមិត្តហាក់ភ្លេចអស់ថាខ្លួនកំពុងកើតទុក្ខ តែបែរជាសើចកក្អាកកក្អាយជាមួយសម្រស់ឆ្នេរសមុទ្រកំពុងមានរលកគ្រាំគ្រេងទៅវិញ។
៤. ទឹកជ្រោះចំបក់ខេត្តកំពង់ស្ពឺ
ចំបក់ ស្ថិតក្នុងទឹកដី ភូមិចំបក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ជាប់ព្រំដែនឧទ្យានជាតិគិរីរម្យ ជាតំបន់ទេសចរណ៍មានទេសភាពដ៏ស្រស់ស្អាតបំផុត ជាពិសេសមានលក្ខណៈស្ងប់ស្ងាត់ ឭតែសំឡេងទឹកធ្លាក់ និងបក្សាបក្សីស្រែកច្រៀងទ្រហឹងអឺងកងគួរជាទីមនោរម្យ។ ដូច្នេះហើយសំឡេងទឹក បូកផ្សំនិងសំឡេងសត្វ ព្រមទាំងទេសភាពដ៏ប្រណិតគ្មាន២ អាចធ្វើឱ្យប្រិយមិត្តលួចញញឹមភ្លេចអស់រលីងរឿងហ្មងសៅ។
៥. ពើងតានន់ខេត្តសៀមរាប
ផ្ទាំងសិលាធំៗ ជាច្រើនបង្គរបណ្ដាក់លើគ្នាជាច្រើនរាប់មិនអស់ រួមនឹងទេសភាពដ៏ស្រស់ត្រកាលប្រៀបដូចសម្រស់ក្រមុំព្រហ្មចារី អមដោយ រុក្ខជាតិខៀវខ្ចី កំពុងរីកលូតលាស់ បញ្ចេញសម្រស់ផ្កាធម្មជាតិ និង ខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យពើងតានន់ ដែលមិនសូវមានអ្នកស្គាល់ ប្រៀបដូចឋានសួគ៌លើដីអ៊ីចឹង។
តំបន់ទេសចរដ៏ប្រណិតនេះ មានទីតាំង ស្ថិតនៅ ភូមិ គោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ចម្ងាយប្រមាណតែ ៨៥គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តសៀមរាប។ កាលពីមុនទីតាំងខាងលើពិបាកធ្វើដំណើរដោយសារផ្លូវធ្វើមិនទាន់រួច ប៉ុន្តែបច្ចុប្បន្នការធ្វើដំណើរមានភាពងាយស្រួល មិនពិបាកទៀតទេ។
ក្រៅពីមានដំថ្មជាច្រើនត្រួតលើគ្នាជាច្រើនហើយខ្ពស់ បញ្ចេញរូបរាងដូចនឹងប្រាសាទបុរាណហើយនោះ នៅទីនោះមានអាស្រមរបស់ព្រះសង្ឃដែលគង់នៅលើភ្នំ មើលថែរក្សាកន្លែងដ៏ស្ងប់ស្ងាត់នោះទៀតផង៕