ផល សោភ័ណ្ឌ ​ប្រាប់​ហេតុផល​ចាញ់​ថៃ KO ​ទឹក​២

  • 2017-08-20 10:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​ប្រដាល់​សាកល​កម្ពុជា ផល សោភ័ណ្ឌ ​បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​របស់​កីឡាករ​ថៃ ​Wuttichai Masuk ​ត្រឹម​ទឹក​២ ប៉ុណ្ណោះ ​ក្រោយ​ពី​ដោះដូរ​កណ្ដាប់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក​។

សោភ័ណ្ឌ ​ត្រឹម​តែ​ជួប​កីឡាករ​ថៃ​ដែល​ធ្លាប់​ឈ្នះ​មេដាយ​មាស​នៅ​ស៊ីហ្គេម​ច្រើន​ដង​មែន ប៉ុន្តែ​រូបគេ​ហាក់​មិន​ភ័យ​ខ្លាច​ឡើយ ដោយ​បាន​ដូរ​កណ្ដាប់​ដៃ​គ្នា​ទៅ​វិញ​ទៅ​តាំង​ពី​ដើម​ទឹក​ទី​១។ យ៉ាងណាមិញ ​ជា​លទ្ធផល​ការ​ប្រកួត​គូ​នេះ​ហាក់​មិន​អាច​ឈាន​ដល់​៣​ទឹក​បាន​ឡើយ ​ដោយ​ដើម​ទឹក​២ ​សោភ័ណ្ឌ ​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​ទៅ​ហើយ ក្រោយ​ពី​រាប់​ជា​ច្រើន​សារ​មក។

ចំពោះ​ការ​ប្រកួត​នេះ​ដែរ ​សោភ័ណ្ឌ ​បាន​បញ្ជាក់​ថា​នេះ​ជា​ការ​ភ្លាត់​ស្នៀត​របស់​ខ្លួន ​ដែល​ធ្វើ​ឱ្យ​កីឡាករ​ថៃ​មាន​ឱកាស​វាយ​ចូល​ច្រើន។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្នុង​ទឹក​ទី​១​រូបគេ​ក៏​បាន​វាយ​ចូល​កីឡាករ​ថៃ​វិញ​ផង​ដែរ ប៉ុន្តែ​ដោយសារ​ការ​វាយ​របស់​ថៃ​ហាក់​មាន​កម្លាំង​ដៃ​ខ្លាំង​ជាង​ទើប​បណ្ដាល​ឱ្យ​អាជ្ញាកណ្ដាល​រាប់ ​និង​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង។ កីឡាករ​កម្ពុជា​រូប​នេះ ​ក៏​បាន​សុំទោស​ដល់​អ្នក​គាំទ្រ​នៅ​កម្ពុជា​ផង​ដែរ ​ដែល​មិន​អាច​ប្រកួត​បាន​ដល់​៣​ទឹក ​និង​យក​ជ័យជម្នះ​បាន។

ប្រភេទ​កីឡា​ប្រដាល់​សកល ​ក្នុង​ថ្ងៃ​នេះ​កីឡាករ​៣​នាក់​របស់​កម្ពុជា ​សុទ្ធ​តែ​បរាជ័យ​ទាំង​អស់ ដោយ​ទី​១ ​កីឡាករ សាន តុលា ​ចាញ់​កីឡាករ​វៀតណាម​ទឹក​១ ​កីឡាករ​ហង្ស រ៉ាម៉ន ​ចាញ់​ថៃ ​ដោយ​ពិន្ទុ ​និង​កីឡាករ ផល សោភ័ណ្ឌ ​ចាញ់​ថៃ​នៅ​ទឹក​២៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម