មហាសេដ្ឋីម្នាក់ រកឃើញនាវាសង្គ្រាមលោក លិច៧២ឆ្នាំមុន សម្លាប់មនុស្ស៨៧៩នាក់

  • 2017-08-21 00:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​បច្ចេកវិទ្យា និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Paul G. Allen បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ កន្លង​ទៅ​នេះ​ថា នាវា​មួយ​មាន​ឈ្មោះ​ថា USS Indianapolis ដែល​ជា​កម្មសិទ្ធិ​នៃ​អង្គការ​របស់​លោក ត្រូវ​បាន​គេ​រក​ឃើញ​បំណែក នៅ​ឯ​សមុទ្រ​ហ្វីលីពីន (Philippine Sea)។

លោក Paul G. Allen ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ Twitter
លោក Paul G. Allen

នាវា​ដែល​បាន​លិច​ដោយ​សារ​នាវា​មុជទឹក​របស់​ជប៉ុន នៅ​ឆ្នាំ ១៩៤៥ នេះ នៅ​តែ​ជា​ការ​បាត់បង់​ជីវិត​ដ៏​ធំ​បំផុត​មួយ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នាវា​ចរ​អាមេរិក។

គួរ​រំលឹក​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​១៩៤៥ នៅ​ពេល​ដែល​សង្គ្រាម​លោក​លើក​ទី​២ ខិត​ជិត​មក​ដល់​ទី​បញ្ចប់ នាវា USS Indianapolis ត្រូវ​បាន​បាញ់​កម្ទេច ដោយ​កង​នាវា​មុជ​ទឹក​របស់​ជប៉ុន និង​លិច​ក្នុង​រយៈ​ពេល ១២ នាទី​ប៉ុណ្ណោះ។ នៅ​ពេល​នោះ វា​ទើប​តែ​បាន​បញ្ចប់​បេសកកម្ម​សម្ងាត់ ដឹក​គ្រឿង​ផ្សំ​នៃ​អាវុធ​នុយក្លេអ៊ែរ ចំនួន ២ ដែល​នឹង​ត្រូវ​បាន​ប្រើ​ទៅ​លើ​ទីក្រុង Hiroshima និង Nagasaki ប្រទេស​ជប៉ុន។

ក្នុង​ចំណោម​មនុស្ស ចំនួន ១ ១៩៧ នាក់​នៅ​លើ​នាវា ប្រហែល ៣០០ នាក់​បាន​លិច​ចុះ​ជា​មួយ​នាវា។ ចំណែក​ឯ​មនុស្ស​នៅ​សល់ ប្រមាណ​ជា ៩០០ នាក់​ទៀត បាន​លិច​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ ដែល​​មាន​ត្រី​ឆ្លាម ជាមួយ​នឹង​ទូក​សង្គ្រោះ​ប៉ុន្មាន​គ្រឿង ហើយ​ស្ទើរ​តែ​គ្មាន​អាហារ ឬ​ទឹក​សម្រាប់​បរិភោគ។ រយៈពេល ៤ ថ្ងៃ អ្នក​ដែល​មិន​មាន​អាវ​ពោង បាន​តោង​អ្នក​ដែល​មាន ខណៈ​ត្រី​ឆ្លាម​ជា​ច្រើន​ក្បាល​បាន​ចោមរោម ហើយ​ស៊ី​អ្នក​នៅ​រស់​អស់​ជា​ច្រើន​នាក់។

គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​មនុស្ស​តែ ៣១៧ នាក់​ប៉ុណ្ណោះ ដែល​បាន​រួច​ផុត​ជីវិត ពី​ហេតុការណ៍​ដ៏​អាក្រក់​ខាង​លើ៕

នាវា USS Indianapolis
នាវា USS Indianapolis

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី