បុគ្គលិក​នារីដើម​កំណើត​អាស៊ី​​ម្នាក់​ ​លា​ឈប់​ពី​ ​Google​ ​ព្រោះរើសអើង​​ពេក

  • 2017-08-21 08:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​នារី​ម្នាក់​នៅ​ក្រុមហ៊ុន​ ​Google​ ​មាន​ដើម​កំណើត​នៅ​តំបន់​អាស៊ី​ ​បាន​ដាក់​ពាក្យ​លា​ឈប់​ធ្វើ​ការ​ ​ដោយ​បាន​និយាយ​ថា​ក្រុមហ៊ុន​នេះ​មាន​ការ​រើសអើង​ពូជសាសន៍​ ​និង​យេនឌ័រ។

ស្ត្រី​ខាង​លើ​ឈ្មោះ​ ​Qichen Zhang​ ​អតីត​បុគ្គលិក​ ​Google​ ​និយាយ​ថា​នាង​ស្ទើរ​តែ​មិន​ជឿ​នឹង​ត្រចៀក​ នៅ​ពេល​មិត្ត​រួម​ការងារ​របស់​នាង​ ​ដែល​ជា​បុរស​ស្បែក​ស​ ​បាន​និយាយ​ចំអន់​នាង​ថា​ ​"វា​ងាយ​ស្រួល​សម្រាប់​អ្នក​ក្នុង​ការ​ទទួល​បាន​ការងារ​ ​ព្រោះ​អ្នក​គឺ​ជា​ស្ត្រី​ជនជាតិ​អាស៊ី​ ​ដែល​​គេ​គិត​ថា​អ្នក​ពូកែ​គណិតវិទ្យា"។

Zhang​ ​វ័យ​២៧​ឆ្នាំ​ ​មាន​អារម្មណ៍​ឯកោ​​ក្នុង​នាម​ជា​មនុស្ស​ស្រី​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​យក្ស​ផ្នែក​​បច្ចេកវិទ្យា​។ ប៉ុន្មាន​ខែ​ក្រោយ​មក​នាង​យល់​ថា​នៅ​ជាមួយ​ ​Google​ ​គ្មាន​អនាគត​ទេ​ ​ហើយ​នាង​​ក៏​បាន​លា​ឈប់។ នាង​បាន​ប្រាប់​សារព័ត៌មាន​របស់​អង់គ្លេស​ ​The Guardian។

Qichen Zhang

មិន​មាន​ស្ត្រី​ច្រើន​ទេ​មាន​តួនាទី​ធំ​ ​ឬ​ថ្នាក់​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន​មួយ​នេះ​ ​ជា​ពិសេស​​នារី​អាស៊ី​ ​និង ស្បែក​ខ្មៅ​ ​ដោយ​សារ​វប្បធម៌​មិន​លើក​ទឹក​ចិត្ត​មនុស្ស​ស្រី​នៅ​ក្រុមហ៊ុន​ ​Google​ ​នេះ​ហើយ​ ​ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​ចាកចេញ​ ​Zhang​ ​បន្ថែម។

នៅ​ ​Google​ ​បុគ្គលិក​បុរស​ ​៨០%​ ​ហើយ​ ​៧៥%​ ​នៃ​ពួកគេ​កាន់​តួនាទី​ជា​អ្នក​ដឹកនាំ។ សរុប​មក​​ បុគ្គលិក​ស្បែក​ខ្មៅ​មាន​តែ​ ​២%​ ​អាម៉េរិកាំង​ដើម​កំណើត​អេស្ប៉ាញ​ ​៤%​ ​ជនជាតិ​អាស៊ី​ ​៣៥%​ ​និង​ច្រើន​ជាង​គេ​ជនជាតិ​ស្បែក​ស​ ​៥៦%

អតីត​បុគ្គលិក​ម្នាក់​ទៀត​បាន​និយាយ​ថា​នាង​ជា​ស្ត្រី​ស្បែក​ខ្មៅ​តែ​ម្នាក់​គត់​នៅ​ក្នុង​ក្រុម​របស់​នាង​ ​ហើយ​នាង​តែង​ត្រូវ​បាន​​គេ​ឲ្យ​បង្ហាញ​កាត​សម្គាល់​ខ្លួន​នៅ​ពេល​នាង​ដើរ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ ​Google​ ​រីឯ​បុគ្គលិក​ដទៃ​ទៀត​មិន​មែន​ជនជាតិ​ស្បែក​ខ្មៅ​ ​មិន​ត្រូវ​បាន​គេ​សួរ​នាំ​ឡើយ។

បុគ្គលិក​ជា​ស្ត្រី​ជាង​ ​៦០​ ​នាក់​របស់​ ​Google​ ​កាល​ពីដើម​ខែ​នេះ​​គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ក្រុមហ៊ុន​ពី​​បញ្ហា​រើសអើង​យេនឌ័រ​ ​និង​វិសមភាព​ប្រាក់​ខែ​នៅ​ក្រុមហ៊ុន​។ ជុំវិញ​បញ្ហា​នេះ​ ​នាយកដ្ឋាន​ការងារ​របស់​អាមេរិក​ ​ក៏​បាន​ចោទ​ប្រកាន់​ ​Google​ ​ថា​ផ្ដល់​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​ស្ត្រី​ ​តិច​ជាង​បុរស​សម្រាប់​ការងារ​ប្រហាក់​ប្រហែល​គ្នា​ ​ដែល​នេះ​វា​ផ្ទុយ​នឹង​ច្បាប់​ការងារ​អាមេរិក​ ​ខណៈ​ដែល​ ​Google​ ​បាន​បដិសេធ​យ៉ាង​​ដាច់​អហង្ការ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ theguardian   ប្រែ​សម្រួល​ ​៖​ ​សុខ លាងហ៊ត