មក​ស្គាល់​សាកលវិទ្យាល័យ​រដ្ឋ​ល្បីៗ​បំផុត​នៅ​ភ្នំពេញ និស្សិតប្រាថ្នា​ចង់​រៀន​គ្រប់​ជំនាន់

  • 2017-08-24 08:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំហាន​បន្ទាប់ ក្រោយ​បញ្ចប់​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ដោយ​ជោគជ័យ គឺ​ការ​ជ្រើស​រើស​សាកលវិទ្យាល័យ​ដើម្បី​សិក្សា​បន្ត។ នៅ​ថ្ងៃ​នេះ​ Sabay សូម​លើក​យក​នូវ​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ​មាន​វ័យ​ចំណាស់ និង​ល្បីៗ​បំផុត​នៅ​រាជធានី​ភ្នំពេញ ដែល​សិស្ស​តែង​ប្រាថ្នា​ចង់​ទៅ​សិក្សា។ ខាង​ក្រោម​នេះ​ជា​សាកលវិទ្យាល័យ​សាធារណៈ​កំពូលៗ​នៅ​ភ្នំពេញ៖

១. សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ

សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឫ​ហៅ​កាត់​ជា​ភាសា​បារាំង​ថា (URPP) និង​ភាសា​អង់គ្លេស (RUPP) ​ គឺ​ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ចំណាស់​ជាង​គេ​និង​ធំ​ជាង​គេ​នៅ​កម្ពុជា។​  សាកលវិទ្យាល័យ​នេះ​ចែក​ចេញ​ជា មហាវិទ្យាល័យ​វិទ្យាសាស្ត្រ មហាវិទ្យាល័យ​សង្គម​សាស្ត្រ​និង​មនុស្ស​សាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។ សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៦០​ អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា។ ចំពោះ​ជំនាញ​សិក្សា​ល្បីៗ​បំផុត​មាន​ដូចជា៖ អក្សរសាស្ត្រ​ខ្មែរ ប្រវត្តិវិទ្យា ចិត្ត​វិទ្យា ទេសចរណ៍ អក្សរសាស្ត្រ​អង់គ្លេស និង​ជំនាញ​ជា​ច្រើន​ទៀត។

២. សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល

សាកលវិទ្យាល័យ​វិទ្យា​សាស្ត្រ​សុខាភិបាល(ស.វ.ស) ហៅ​ក្រៅ​ថា​សាលា​ក្រហម ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​ផ្នែក​សុខាភិបាល​ដ៏​​ចំណាស់​មួយ និង​ល្បីល្បាញ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ១៩៤៦​មក​ម្ល៉េះ។ ចំពោះ​សិស្ស​ដែល​ចង់​សិក្សា​ក្នុង​សាកលវិទ្យាល័យ​នេះ ត្រូវ​សម្រិត​សម្រាំង​យ៉ាង​ពិសេស តាម​រយៈ​ការ​ប្រឡង​ចូល​រៀន​យ៉ាង​តឹង​រ៉ឹង​បំផុត និង​ត្រូវ​មាន​និទ្ទេស​ល្អ​ក្នុង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ទៀត​ផង។

៣. សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច

សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រ សេដ្ឋកិច្ច ជា សាកល​វិទ្យាល័យ ដែល​ចំណាស់​ជាង​គេ នៅក្នុង​ចំណោម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ សាកលវិទ្យាល័យ​នេះ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៤៨ ក្នុង​ទម្រង់​ជា វិទ្យាស្ថាន​នីតិសាស្ត្រ​ នយោបាយ​និង​សេដ្ឋកិច្ច ហើយ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ដូច​បច្ចុប្បន្ន​នៅ​ក្នុង​ឆ្នាំ​ ២០០៣​។ សាកលវិទ្យាល័យ​ ផ្ដល់​កម្មវិធី​សិក្សា​ជាមួយ​នឹង​ការ​ផ្ដោត​ជា​ចម្បង​ ទៅ​លើ​ផ្នែក​នីតិសាស្ត្រ សេដ្ឋកិច្ច និង​ការ​អប់រំ​ពាណិជ្ជកម្ម។ ចំណែក​ប្រព័ន្ធ​អប់រំ​វគ្គ​សិក្សា​ត្រូវ​បាន​បែង​ចែក​ជា ២ ឆមាស និង​ជា ៨ ឆមាស​សម្រាប់​ការ​សិក្សា​បរិញ្ញាបត្រ​ទាំងមូល ៤ ឆ្នាំ។

៤. សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង

សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ប្រទេស​កម្ពុជា បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៨៣​មក​ម្ល៉េះ​ក្នុង​នាម​ជា​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ សាកលវិទ្យាល័យ​នេះ​ផ្ដល់​នូវ​ជំនាញ​សិក្សា​ជា​ច្រើន​ដល់​និស្សិត​ដូចជា៖ ​គ្រប់គ្រង​, សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, ព័ត៌មានវិទ្យា​, ច្បាប់​ពាណិជ្ជកម្ម​, ទេសចរណ៍​, និង​ភាសា​បរទេស​ អម​ដោយ​ការ​ស្រាវ​ជ្រាវ ​និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​។

៥. សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ

សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ​ដំបូង​មាន​ឈ្មោះ​ជា​សាលា​ភូមិន្ទ​សិល្បៈ ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​១៩១៨ ហើយ​បាន​ក្លាយ​ទៅ​ជា​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នៅឆ្នាំ ១៩៦៥។ ចំពោះ​ជំនាញ​សិក្សា​រួម​មាន៖ បុរាណវិទ្យា ស្ថាបត្យកម្ម និង​នគរោបនីយ​វិទ្យា តុបតែង​លម្អរ វិចិត្រកម្ម និង​ចម្លាក់​ជា​ដើម។ ក្នុង​នោះ​ចែក​ចេញ​ជា៥​មហាវិទ្យាល័យ​ដូច​ជា៖ មហាវិទ្យាល័យ​បុរាណវិទ្យា មហាវិទ្យាល័យ​វិចិត្រ​សិល្បៈ​សូន​រូប មហាវិទ្យាល័យ​ស្ថាបត្យកម្ម និង​នគរោបនីយ​វិទ្យា មហាវិទ្យាល័យ​ដូរ្យតន្ត្រី និង​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ។

៦. សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម

សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ជា​គ្រឹះស្ថាន​ឧត្ដមសិក្សា​សាធារណៈ​ផ្នែក​កសិកម្ម មាន​ទីតាំង​នៅ​ប៉ែក​ខាង​លិច​ឈៀង​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦៤ ក្រោម​ព្រះរាជ​កិច្ច​ដឹកនាំ​នៃ​ព្រះ​បាទ​នរោត្តម សីហនុ។

សាកលវិទ្យាល័យ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​កសិកម្ម និង​ចែក​ចេញ​ជា​៧​មហាវិទ្យាល័យ​ដូច​ជា៖

  • ក្សេត្រសាស្ត្រ

  • វិទ្យាសាស្ត្រ​សត្វ និង បសុព្យាបាល

  • ព្រៃឈើ

  • នេសាទ

  • បច្ចេកទេស និង​ ការគ្រប់គ្រង​កសិកម្ម

  • សេដ្ឋកិច្ច​កសិកម្ម និង អភិវឌ្ឍ​ជនបទ

  • កសិឧស្សាហកម្ម

៧. វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា

វិទ្យាស្ថាន​នេះ​គឺ​ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ​ដ៏​ល្បី​ល្បាញ​បំផុត​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ ១៩៦៤ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ វិទ្យាស្ថាន​នេះ​ផ្ដោត​ការ​អប់រំ​សំខាន់​លើ​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​បច្ចេកទេស ដែល​ជា​តម្រូវ​ការ​ចាំ​បាច់​បំផុត ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ វិទ្យាសាស្ត្រ​ និង​វិស្វករ​។ ចំណែក​និស្សិត ដែល​ចង់​សិក្សា​នៅ​ទី​នោះ​ត្រូវ​សម្រិត​សម្រាំង​តាម​រយៈ​ការ​ប្រឡង​ប្រជែង​កម្រិត​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ។

៨. វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា

វិទ្យា​ស្ថាន​ជាតិ​ពហុ​បច្ចេកទេស​​កម្ពុជា​គឺ​ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​របស់​រដ្ឋ​ធំ​ជាង​គេ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​មាន​សមត្ថភាព​ផ្ទេរ​នូវ​បច្ចេក​ទេស​ដល់​និស្សិត ​រៀប​ចំ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​និង​សាធារណៈ​រដ្ឋ​កូរ៉េ​ ដែល​មាន​សហប្រតិបត្តិ​ការ​ជា​មួយ​និង​សាកលវិទ្យាល័យ​ Jeon Ju នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ។ NPIC ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​​ក្រោម​អធិបតី​ភាព​របស់​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ ២០០៥ ។

ចំពោះ​ការ​សិក្សា​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អនុវត្តន៍ (៧០​ភាគរយ) និង​ទ្រឹស្ដី (៣០​ភាគរយ)។ សិស្ស​និស្សិត​ត្រូវ​សិក្សា​ជំនាញ​ជា​មួយ​សាស្ត្រាចារ្យ​ខ្មែរ​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ ​និង​សាស្ត្រាចារ្យ​ជន​ជាតិ​កូរ៉េ​ ដោយ​សិក្សា​ក្នុង​មួយ​ថ្ងៃ ៦ ម៉ោង ហើយ​៥ ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ។ បន្ទាប់​ពី​ពួក​គេ​បញ្ចប់​ការសិក្សា​ គេ​អាច​មាន​សំណាង​បន្ត​ការ​សិក្សា​និង​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​​ទៀត​ផង៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី