Sanchez អាច​លេង​បាន​វិញ​ហើយ​​អាទិត្យ​នេះ បន្ទាប់​ពី​បាន​ជា​​របួស

  • 2017-08-24 13:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប​កាំភ្លើង​ធំ Arsenal កីឡាករ Alexis Sanchez បាន​ជា​ពី​របួស​សាច់ដុំ​វិញ​ហើយ​នា​ពេល​នេះ ហើយ​អាច​លេង​វិញ​បាន​នា​សប្ដាហ៍​នេះ នេះ​បើ​តាម​ពាក្យ​សំដី​របស់​អ្នក​ចាត់​ការ​ទូ​ទៅ​ចាស់​វស្សា​របស់​ក្លឹប​មួយ​នេះ លោក Arsene Wenger ថ្លែង​ក្នុង​ថ្ងៃ​នេះ។

  លោក Wenger បាន​និយាយ​ថា៖ “Alexis បាន​ខិត​ខំ​ណាស់​ក្នុង​ការ​ព្យាបាល​របួស ដើម្បី​ត្រលប់​មក​លេង​ឲ្យ​ក្លឹប​វិញ ហើយ​ឥលូវ​គាត់​អាច​លេង​វិញ​បាន​ហើយ"។ អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​រូប​នេះ បាន​បន្ត​ទៀត​ថា៖ "គេ (Sanchez) ​ចូល​ចិត្ត​លេង​បាល់​ណាស់ ហើយ​ពេល​ខ្លះ​វា​ពិបាក​ក្នុង​ការ​ឃាត់​គេ ប៉ុន្តែ​ឥលូវ​គេ (Sanchez) ​បាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ប្រកួត​ហើយ។ គេ​ (Sanchez) មិន​ទាន់​បាន​លេង​បាល់​អស់​រយៈ​ពេល​យូរ​គ្រាន់​បើ​ហើយ ដូច្នេះ​ខ្ញុំ​នឹង​ត្រូវ​សម្រេច​ថា​តើ​គួរ​ដាក់​គេ​ (Sanchez) ឲ្យ​លេង​ឬ​អត់ ប៉ុន្តែ​មើល​ទៅ​គេ​ (Sanchez) អាច​លេង​បាន​ហើយ​ក្នុង​សប្ដាហ៍​នេះ"។

ក្លឹប​កាំភ្លើង​ធំ Arsenal នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្លឹប​ហង្ស​ក្រហម Liverpool ក្នុង​ថ្ងៃ​អាទិត្យ​នេះ។ ក្លឹប​យក្ស​ទីក្រុង​ឡុងដុង​មួយ​នេះ​ទើប​តែ​បាន​ចាញ់​ក្លឹប Stoke កាល​ពី​សប្ដាហ៍​មុន​ហើយ​មាន​ ៣​ពិន្ទុ ខណៈ​ក្លឹប​ហង្ស​ក្រហម​មាន ៤​ពិន្ទុ ក្រោយ​ឈ្នះ Crystal Palace ក្នុង​ការ​ប្រកួត​មុន។ ដោយ​ឡែក កីឡាករ​សញ្ជាតិ​ឈីលី Alexis Sanchez បាន​ចូល​ដល់​ឆ្នាំ​ចុង​ក្រោយ​នៃ​កុងត្រា​របស់​ខ្លួន​ជាមួយ​ក្លឹប Arsenal ហើយ ខណៈ​ក្លឹប Manchester City និង ក្លឹប​តោ​ខៀវ Chelsea កំពុង​តាម​យ៉ាង​ប្រកិត​ក្នុង​ការ​ទិញ​កីឡាករ​រូប​នេះ។ ទោះ​ជា​យ៉ាង​ណា លោក Wenger បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​កាល​ពី​ថ្មីៗ​នេះ​ថា នឹង​មិន​លក់​ទេ​កីឡាករ​វ័យ ២៨​ឆ្នាំ​រូប​នេះ​ទេ បើ​ទោះ​ជា​លោក​ដឹង​ថា Arsenal នឹង​មិន​បាន​សូម្បី​មួយ​កាក់​មួយ​សេន ពី​ការ​ចាក​ចេញ​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នា​រដូវ​កាល​ក្រោយ បើ​សិន​ជា​គេ​នៅ​តែ​មិន​ចុះ​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹប៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ ហ៊ីម រស្មី