៣ចំណុច ដើម្បី​បង្កើន​ទឹកដៃ​តែង​និពន្ធ ពី​ឯកឧត្តម ជ័យ ចាប

  • 2017-08-25 02:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​តែង​និពន្ធ​ប្រមាណ​៣៨ឆ្នាំ​ សាស្ត្រាចារ្យ​មុខ​វិជ្ជា​តែង​និពន្ធ​ឯកឧត្ដម ជ័យ ចាប បាន​ចែក​រំលែក​គន្លឹះ​មួយ​ចំនួន​ដើម្បី​បង្កើន​ទឹក​ដៃ​តែង​និពន្ធ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់។

អ្នក​និពន្ធ​កំណាព្យ និង​បទ​ចម្រៀង​ដ៏​ល្បី​រូប​នេះ​បាន​ប្រាប់ Sabay ថា ការ​តែង​និពន្ធ​មិនមែន​និពន្ធ​តែ១អត្ថបទ បាន​លទ្ធផល​ល្អ​នោះ​ទេ តែ​ត្រូវ​និពន្ធ​១ពាន់​ដង​ទើប​បាន​អត្ថបទ​ល្អ។ លោក​ថា​ ការ​ផ្ទៀង​ផ្ទាត់​អត្ថបទ​របស់​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត​ គឺ​ជា​វិធី​សាស្ត្រ​ដ៏​ល្អ​បំផុត​ដើម្បី​បង្កើន​គុណភាព​អត្ថបទ។ ជាង​នោះ​ទៅ​ទៀត​ដើម្បី​ឱ្យ​ដឹង​ថា ​តើ​អត្ថបទ​នោះ​មាន​តម្លៃ​កម្រិត​ណា ទាល់តែ​ម្ចាស់​អត្ថបទ​មាន​ចំណេះ​ដឹង​ទូទៅ​ខ្ពស់ និងយល់​ដឹង​ពី​អក្សរសាស្ត្រ​ និង​អក្សរសិល្ប៍​ខ្មែរ​ច្បាស់។

“មុន​ដំបូង​ត្រូវ​ចេះ​ក្បួន​តែង ក្បួន​ដែល​មាន​ប៉ុន្មាន​យើង​ត្រូវ​ចេះ​ឱ្យ​អស់ ទី​២​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ទូលាយ វប្បធម៌​ទូទៅ​ទូលាយ ហើយ​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ពី​អក្សរសាស្ត្រ បន្ទាប់​មក​យើង​ត្រូវ​ព្យាយាម​តែង។ តែង​១អត្ថបទ​មិន​ទាន់​ល្អ​ទេ តែង​១ពាន់​អត្ថបទ​បាន​ល្អ មាន​ន័យ​ថា​​តែង​ឱ្យ​យូរ​ឱ្យ​ច្រើន​ដង​មិន​មែន​តែង​ឱ្យ​គ្រប់​១ពាន់​​អត្ថបទ​ទេ ជា​ការ​ប្រៀប​ធៀប​ពេល​វេលា​ទេ អីចឹង​តែង​ឱ្យ​យូរ​ហើយ​តាម​កែ​លម្អ​ស្នាដៃ​ហ្នឹង​ជា​បន្ត​បន្ទាប់”។

អ្នក​និពន្ធ​ចេញ​ពី​ត្រកូល​ក្រីក្រ​រូប​នេះ មាន​ស្នាដៃ​តែង​និពន្ធ​ចាស់ៗ​ដូច​ជា​សៀវភៅ "កំណាព្យ​ពី​នេះ​ពី​នោះ​ភាគ១" បាន​ទទួល​ពានរង្វាន់​ពី​ប្រទេស​ថៃ ក្នុង​កម្មវិធី​តែង​និពន្ធ​ក្របខ័ណ្ឌ​អាស៊ីអាគ្នេយ៍ "កំណាព្យ​ពី​នេះ​ពី​នោះ​ភាគ២" សៀវភៅ "យល់សប្ដិ​យល់សូង" សៀវភៅ​"ការ​ប្រមូល​ផ្ដុំ​ចងក្រង​ពាក្យបណ្ដៅ​ខ្មែរ" និង​មាន​ស្នាដៃ​ជា​ច្រើន​ទៀត។ អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​ស្គាល់​លោក​ច្រើន នោះ​គឺ​ស្នាដៃ​បទ​ចម្រៀង​មាន​បទ​"បុប្ផា​កោះ​ជ័យ​ទត្ត" ចំណង​ជើង​ខុស"ទូក​ត្នោត​បង​មួយ” និង​មាន​ស្នាដៃ​បទ​ចម្រៀង​ផ្សេងៗ​ទៀត។ ចំណែក​ស្នាដៃ​ថ្មីៗ លោក​សរសេរ​បាន​មួយ​ចំនួន​តែ​មិន​ទាន់​បាន​ចេញ​ផ្សាយ​នៅ​ឡើយ៊៕

អត្ថបទៈ ប៉ូ សាគុន

អត្ថបទថ្មី