យុវជន​ពីរ​រូប ប្រឹង​ដាច់​យប់​បង្កើត​កម្មវិធី​ដាក់​ឲ្យ​គេ​ប្រើ ទោះ​គ្មាន​ជំនួយ

  • 2017-08-25 03:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​គ្មាន​ជំនួយ តែ​យុវជន​ពីរ​រូប​​បាន​តស៊ូ​បង្កើត​កម្មវិធី​ជា​ប្រយោជន៍​សាធារណៈ​សម្រាប់​ដាក់​ឲ្យ​ប្រើ​ដោយ​ឥត​គិត​ថ្លៃ គួរ​ឲ្យ​ស្ងើច​សរសើរ។

រ៉ន ធារិទ្ធ និង​ មាស ស៊ីណាល់

យុវជន​វ័យ ២៣ ឆ្នាំ សិក្សា​ជំនាញ​សំណង់​ស៊ីវិល រ៉ន ធារិទ្ធ ​ប្រាប់​ថា មូលហេតុ​ដែល​បណ្ដាល​ចិត្ត​​[លោក​បង្កើត​កម្មវិធី​វចនានុក្រម​រូបភាព អ៊អ៊ ៩ ក្នុង ១ ខេមរភាសា​នេះ​ឡើង](http://news.sabay.com.kh/article/962129#utm_campaign=onpage "") ដោយ​សារ​អ្នក​បង្កើត​កម្មវិធី​វចនានុក្រម​រូបភាព មិន​សូវ​សំបូរ​។ ម្យ៉ាង​ទៀត ដោយ​សារ​តែ​ការ​​ស្រឡាញ់​វិស័យ​បច្ចេកវិទ្យា ​ការ​ស្រាវជ្រាវ​និង​ក្នុង​គោល​បំណង​ចង់​ឲ្យ​មាន​កម្មវិធី​អប់រំ​ជា​ភាសាខ្មែរ​នៅ​លើ​អ៊ីនធឺណិត​​កាន់​តែ​ច្រើន​​ដើម្បី​ជួយ​សម្រួល​ក្នុង​ការ​ស្រាវជ្រាវ​ដល់​សិស្ស​ជំនាន់​ក្រោយ។

យុវជន រ៉ន ធារិទ្ធ

ការ​បង្កើត​កម្មវិធី​នេះ ធារិទ្ធ​ជួប​ការ​លំបាក​ច្រើន​មែន​ទែន ព្រោះ​ត្រូវ​ចំណាយ​ពេល​វេលា​ផ្ទាល់​ខ្លួន​រយៈពេល​ជាង ២ ឆ្នាំ ដាច់​យប់​ស្ទើរ​រាល់​ថ្ងៃ ដើម្បី​ចង់​​ឲ្យ​​មាន​កម្មវិធី​វចនានុក្រម​រូបភាព​ជា​ខេមរភាសា សម្រាប់​ដាក់​ឲ្យ​ប្រើ​ឥត​គិត​ថ្លៃ​និង​ទូលំទូលាយ ទើប​ព្យាយាម​សាកល្បង​ធ្វើ​រហូត​​បាន​សម្រេច​។

លោក មាស ស៊ីណាល់

ងាក​មក​លោក មាស ស៊ី​ណាល់ មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​សៀមរាប បាន​ប្រើ​ពេល​ ២ ឆ្នាំ បង្កើត​បាន​កម្មវិធីផ្ដល់​សេវាកម្ម​​កក់​បន្ទប់​សណ្ឋាគារ​អនឡាញ Bayonia សម្រាប់​​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់ ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៦។

ស្ថាបនិក​រូប​នេះ បាន​ឲ្យ​ដឹង​ថា លោក​បាន​បោះ​បង់​ការ​ងារ​ជា​អ្នក​អភិវឌ្ឍ​កម្មវិធី​វិបសាយ(Web Developer) ពី​ក្រុមហ៊ុន​មួយ​កន្លែង។ ព្រោះ​ស្រលាញ់​វិស័យ​បច្ចេកវិទ្យា លោក​បង្កើត​​វិបសាយ​កក់​បន្ទប់​សណ្ឋាគារ​ក្នុង​ស្រុក​មួយ​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល ដល់​ប្រជាជន​ខ្មែរ​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ពី​កន្លែង​​ស្នាក់​នៅ ពេល​ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ត​នានា។

លោក​បញ្ជាក់​ថា អ្វី​ដែលលោក​ខិតខំ​ធ្វើនេះ​គឺ​​ដើម្បី​​ចូល​រួម​ចំណែក​ជួយ​ដល់​សង្គម​តាម​ដែល​ខ្លួន​អាច​ធ្វើ​បាន។

មក​ទល់​ពេល​នេះ​អតីត​​អ្នក​អភិវឌ្ឍ​កម្មវិធី​វិបសាយ(Web Developer) វ័យក្មេង​នេះ បាន​បង្កើត​ចេញ​ជា​វិបសាយ​កក់​សណ្ឋាគារ​ ឬ ​ផ្ទះ​សំណាក់អនឡាញ​ឈ្មោះ​ថា Bayonia ដែល​ទទួល​បាន​ការ​សហការ ពី​សណ្ឋាគារ​និង​រមណីយដ្ឋាន​ល្បីៗ​ក្នុង​ស្រុក​​ជាង ៣០ កន្លែង។ វិបសាយ​នេះ មាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​ជា​ច្រើន​និង​តម្លៃ​ពី​សណ្ឋាគារ​និង​រមណីយដ្ឋាន​ល្បីៗ​ សម្រាប់​ការ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន។

នៅ​ពេល​ចំនួន​​​អ្នក​​ប្រើប្រាស់ Bayonia ច្រើន​ឡើងៗ ស៊ីណាល់ សង្ឃឹម​ថា​ Bayonia នឹង​ក្លាយ​ជា​វិបសាយ​កក់​សណ្ឋាគារ​ ឬ ​ផ្ទះ​សំណាក់ មាន​ប្រជាប្រិយភាព​មួយ​​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដូច​ទៅ​នឹងវេបសាយ​ Booking.com ដ៏​ល្បីរបស់ពិភពលោក៕

ចុច​អាន​អត្ថបទ៖

អត្ថបទ៖ រក្សា