ធារិទ្ធ ប្រឹង​​ដាច់​យប់ជិត ២ ឆ្នាំទម្រាំ​បង្កើត​​វចនានុក្រម​រូបភាពមួយ ទាំង​ជួប​ឧបសគ្គ​រាប់​ភ្លេច

  • 2017-08-21 03:31:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រ៉ន ធារិទ្ធ ដែល​មិន​ធ្លាប់​បាន​បង្កើត​កម្មវិធី​អ្វី​ពី​មុន​សោះ តែ​ដោយ​សារ​ទឹក​ចិត្ត​ស្រលាញ់​ខេមរភាសា បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​ជាង ២ ឆ្នាំ​ប្រឹង​ប្រែង​បង្កើត​បាន​កម្មវិធី​វចនានុក្រម​រូបភាព​មួយ​ឈ្មោះ​ថា អ៊អ៊ ៩ ក្នុង ១ ខេមរភាសា។

យុវជន​វ័យ ២៣ ឆ្នាំ​ដែល​មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ បាន​ឲ្យ Sabayដឹង​ថា បន្ទាប់​ពី​ប្រឡង​ចប់​បាក់​ឌុប លោក​បាន​ចូល​រៀន​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​តាម​មិត្តភក្តិ ទាំង​គ្មាន​គោល​ដៅ​ច្បាស់​លាស់។ ក្រោយ​ពី​សិក្សា​ជំនាញ​ខាងលើ​បាន​តែ​មួយ​ឆ្នាំ លោក​ក៏​​បាន​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា​ចោល​ពាក់​កណ្ដាល​ទី ព្រោះ​ដឹង​ថា​ខ្លួន​ថា​មិន​អាច​ស៊ូ​រួច ម្យ៉ាង​ដោយសារ​ខាង​គ្រួសារ​មិន​គាំទ្រ​ឲ្យ​រៀន​ជំនាញ​មួយ​នេះ​ផង​។

ទោះ​ជា​ដឹង​ខ្លួន​ថា​គ្មាន​សមត្ថភាព​រៀន តែ​អតីត​និស្សិត​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​មកពី​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រូប​នេះ មើល​ឃើញ​ថា​នៅ​កម្ពុជា អ្នក​បង្កើត​កម្មវិធី​វចនានុក្រម​រូបភាព​ជា​ខេមរភាសា មាន​មិន​ច្រើន​នោះ​ទេ ទើប​លោក​ប្រឹង​ប្រែង​បង្កើត​វា​ឡើង​តែ​ម្នាក់​ឯង ទាំង​ការ​សរសេរ​កូដ និង​ការ​ឌីហ្សាញ Interface ផង។

កម្មវិធី​វចនានុក្រម​រូបភាព​ដែល​លោក​បង្កើត​ឡើង​នេះ​មាន​ទាំង​ភាសា​ជាតិ និង​ភាសា​អង់គ្លេស ទាមទារ​ឲ្យ​មាន​ទិន្នន័យ​ច្រើន​ពី​គ្រប់​ច្រកល្ហក ទើប​អាច​ប្រើ​ការ​បាន ទើប​​​​លោក​អត់​ធ្មត់​ចំណាយ​ពេល​វេលា​ស្វែង​រក​រូបភាព​ពី​ប្រភព​ផ្សេងៗ គិត​តាំង​ពី​ដើរ​សួរ​គេ ស្វែង​រក​ឈ្មោះ​ឲ្យ​ត្រូវ​នឹង​រូបភាព​តាម​រយៈ​សៀវភៅ​ខ្លះ ឬ​រក​តាម Google ខ្លះ ហើយ​​យក​មក​ពី Oxford Picture Dictionary ខ្លះ។ ចំណែក​ឯ​ពាក្យ​ជា​ភាសា​ខ្មែរ​លោក​បាន​សាក​សួរ​អ្នក​ជំនាញ​ផ្នែក​អក្សរសាស្ត្រ​មួយ​ចំនួន និង​ស្ថាបនិក​ដែល​ធ្លាប់​បង្កើត​វចនានុក្រម​អង់គ្លេស-ខ្មែរ( EN-KH) មុនៗ​ផង​ដែរ។

យុវជន​រូប​នេះ​បន្ថែម​ថា ដោយសារ​តែ​រវល់​នឹង​ការសិក្សា​ផង ហើយ​កម្មវិធី​នេះ​បង្កើត​ដោយ​ម្នាក់​ឯង គ្មាន​អ្នក​ជួយ ម្យ៉ាង​ពេល​កំពុង​ធ្វើៗ​ស្រាប់​តែ​គិត​ឃើញ​គំនិត​ថ្មីៗ​បន្ថែម​ក៏​ចេះ​តែ​ថែម​ទៀត ថែម​រហូត​ទាល់​តែ​កាន់​តែ​យូរ​ទៅ​ៗ ហើយ​ជា​ពិសេស​នោះ​ពេល​ធ្វើ​មាន​​គេ​ថា "​ខ្ញុំ​ធ្វើ​នេះ វា​បំផ្លាញ​ពេល​វេលា ធ្វើ​របស់​គ្មាន​ប្រយោជន៍​ទើប​ពេល​ខ្លះ​ខ្ញុំ​ទុក​វា​ចោល"

ក្រោយ​ពី​បង្កើត​ចេញ​ជា​រូបរាង​កម្មវិធី​វចនានុក្រម​រូបភាព(អ៊អ៊ ៩ ក្នុង ១) ជំនាន់​ទី ១ បាន​ដាក់​ឲ្យ​ដោនឡូត​​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ ២០១៥ តែ​ត្រូវ​បាន​យក​កែ​សម្រួល​ជា​ថ្មី ដោយ​ចេញ​ជា​ជំនាន់​ទី ២ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ និង​បន្ត​រហូត​ដល់​បច្ចុប្បន្ន។

កម្មវិធី​វចនានុក្រម​រូបភាព(អ៊អ៊ ៩ ក្នុង ១) បង្កើត​ឡើង​ក្នុង​គោល​បំណង​សម្រាប់​អ្នក​ដែល​ចង់​បង្កើន​ចំណេះដឹង​ដែល​ពួក​គេ​បាន​ស្គាល់​នូវ​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ជា​ភាសា​អង់គ្លេស ឬ​ភាសា​ខ្មែរ​​អម​ជាមួយ​រូបភាព​ ម្យ៉ាង​ទៀត​សម្រាប់​អ្នក​ដែល​ចង់​រៀន​ពាក្យ​ថ្មីៗ ងាយ​ស្រួល​ចងចាំ។

ក្នុង​នាម​ជា​និស្សិត​សិស្ស​ច្បង ធារិទ្ធ​បាន​លើក​ទឹក​ចិត្ត​ដល់​ប្អូនៗ​ជំនាន់​ក្រោយៗ​ថា ទោះ​ជា​រៀន​ជំនាញ​អ្វី​ក៏​ដោយ សំខាន់​ការ​តាំង​ចិត្ត ធ្វើ​របស់​ដែលចិត្ត​ចង់​បាន ហើយ​ធ្វើ​ឡើង​ឲ្យ​ចេញ​ជា​រូបរាង។ យុវជន​រូប​នេះ សង្ឍឹម​ថា​មាន​យុវវ័យ​ខ្មែរ​ជួយ​គាំទ្រ​ស្នាដៃ​របស់​លោក ដើម្បី​ជា​កម្លាំង​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​កម្មវិធី​វចនានុក្រម​នេះ​ត​ទៅ​មុខ​ទៀត ទោះ​ជា​ឥឡូវ​វា​នៅ​ជា​កម្មវិធី​លើ​កុំព្យូទ័រ តែ​លោក​នឹង​អភិវឌ្ឍ​ដាក់​ជា App លើ​ស្មាតហ្វូន​​ថ្ងៃ​ខាង​មុខ៕

ចុច​អាន​បន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី