ក្មេងស្រី ១៧ឆ្នាំ សម្រាលកូនតាមផ្លូវព្រោះម្ដាយ​មិនឲ្យ​ចូលផ្ទះ ធ្វើឲ្យគ្រប់​គ្នារន្ធត់ចិត្ត

  • 2017-08-28 03:36:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​អាយុ ១៧​ឆ្នាំ​ ជនជាតិ​ឥណ្ឌា​ម្នាក់ ​ត្រូវ​បាន​ក្រុម​គ្រួសារ​​បណ្ដេញ​ចេញ​ពី​ផ្ទះ បន្ទាប់​ពី​ធ្លោយ​​មាន​ផ្ទៃ​​ពោះ​ជា​មួយ​សង្សារ រហូត​សម្រាល​កូន​តាម​ផ្លូវ​នៅ​ទីក្រុង​ Chandil រដ្ឋ Jharkhand ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា។

​តាម​ប្រភព ​​ពេល​​​ឈឺ​ពោះ​ នាង​បាន​ដើរ​សំដៅ​ទៅ​កាន់​មណ្ឌល​​សុខភាព​ខ្វះ​តែ​ជាង ១០០​ម៉ែត្រ​​ទៀត​ដល់ ក៏​សម្រាល​​កូន​តែ​ម្ដង។ តាម​រយៈ​វីដេអូ គេ​ឃើញ​ម្ដាយ​វ័យ​ក្មេង​រូប​នេះ​ សម្រាល​កូន​​លើ​ថ្នល់​បេតុង​តែ​​ម្នាក់​ឯង​យ៉ាង​​កណ្ដោច​កណ្ដែង រួច​​អង្គុយ​នឹងថ្កល់​សម្លឹង​មុខ​កូន​មិន​កម្រើក​ជា​ច្រើន​នាទី ខណៈ​អ្នកភូមិ​ចោម​រោម​មើល និង​ម៉ូតូ​ រថយន្ត​បើក​ទៅ​មក​ធម្មតា។

ទារក​នេះ​ត្រូវ​គេ​ឃើញ​នៅ​មាន​ជាប់​ទង​ផ្ចិត និង​ស្រែក​យំ​ក្នុង​កន្ទប​សំពត់​របស់​ម្ដាយ។ តាម​​រយៈ​គេហទំព័រ​ព័ត៌មាន​ឥណ្ឌា Jagran ​បាន​រាយ​ការណ៍​ថា ​ពុំ​មាន​​គ្រូពេទ្យ ឬ​គិលានុបដ្ឋាយិកា​ពី​មន្ទីរ​ពេទ្យ​​ក្បែរ​នោះ​ចុះ​មក​ជួយ​ក្មេង​ស្រី​ទេ​ ទោះ​បី​ជា​អ្នក​ស្រុក​​ប្រាប់​ដំណឹង​ក៏​ដោយ។

អ្នក​ភូមិ​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​​ភ្នែក​​ម្នាក់​ប្រាប់​ថា "​ម្ដាយ​រូប​​នេះ​​មាន​សភាព​អស់​កម្លាំង ញ័រ​ដៃ មិន​អាច​លើក និង​​ឱប​បី​កូន​បាន​ទេ។ រថយន្ត​ធំ​ៗ​បាន​ធ្វើ​ដំណើរ​ក្បែរ​នាង​ ប៉ុន្តែ​​នាង​មិន​អាច​រំកិល​ខ្លួន​ទៅ​ជ្រុង​ម្ខាង​បាន​ឡើយ"។

អ្នក​ភូមិ​​មក​មើល​ច្រើន​ឡើង​ៗ ក៏​ពិភាក្សា​គ្នា​បិទ​ផ្លូវ​បណ្ដោះ​អាសន្ន​​ជុំវិញ​នាង​សិន ព្រោះ​ខ្លាច​​គ្រោះ​ថ្នាក់ រួច​ក៏​ទាក់​ទង​ទៅ​កាន់​មណ្ឌល​សុខភាព​ឃុំ​​ឲ្យ​មក​យក​នាង​តែ​ម្ដង។ ចុង​ក្រោយ នាង​ទទួល​បាន​ការ​មើល​ថែ​ពី​គ្រូពេទ្យ​ហើយ ​បន្ទាប់​ពី​អ្នក​ភូមិ​​ដឹក​នាង​ទៅ​មណ្ឌល​សុខភាព​ខាង​លើ។

គួរ​បញ្ជាក់​ថា ​ក្មេង​ស្រី​​មិន​បញ្ចេញ​អត្ត​សញ្ញាណ​នេះ បាន​រស់​នៅ​ជា​មួយ​ម្ដាយ​​មេម៉ាយ ​ប៉ុន្តែ​គាត់​បាន​បណ្ដេញ​ចេញ​ពី​ផ្ទះ ក្រោយ​នាង​មាន​ផ្ទៃ​ពោះ។ នាង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នាង​បាន​លង់​ស្រលាញ់​បុរស​ម្នាក់ ប៉ុន្តែ​បុរស​នោះ​​បាន​ផ្ដាច់​ទំនាក់​ទំនង​​ពី​នាង​ពេល​ដឹង​ថា នាង​មាន​ផ្ទៃ​ពោះ៕

ចុចអាន៖

ប្រភព៖ Hindustantimes   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម