ភ្ញាក់ផ្អើល ពេល​ឃើញ​វីដេអូ​កូន​ទា​ព្រៃ​ស្លាប​ស ​លោត​ចេញ​ពី​សំបុក​ដើម​គគីរ​នៅ​កម្ពុជា ​

  • 2017-08-28 04:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​មិញ​នេះ​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​ (WCS) បង្ហាញ វីដេអូដ៏កម្រ​ នៃ​សកម្មភាព​កូន​សត្វ​ទា​ព្រៃ​ស្លាប​ស​ចំនួន​០៣​ក្បាល លោត​ចេញ​ពី​សំបុក​ដើម​គគីរ​ដែល​មាន​កម្ពស់ ៥-៦​ម៉ែត្រ​ពី​ដី ជា​លើក​ដំបូង​ខណៈ​មេ​ទា​ព្រៃ​ស្លាប​ស​រង់​ចាំ​កូនៗ​របស់​វា​លោត​ចេញ​ពី​សំបុក។

កាលពីចុងឆ្នាំ២០១៥​ មេទា​ព្រៃ​ស្លា​បស​ក្នុង​វីដេអូ​នេះ ត្រូវ​បាន​អ្នក​ភូមិ​ព្រៃវែង​ជួយ​សង្គ្រោះ​ពេល​វា​រង របួស​នៅ​ក្នុង​ព្រៃ ហើយ​បាន​ប្រគល់​មក​ឲ្យ​ក្រុម​អ្នក​អភិរក្ស​របស់​អង្គការ WCS។ អង្គការWCS បាន​បញ្ជូន​ទា​ព្រៃ​ស្លាប​ស​នេះ ទៅ​កាន់​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវ​ចម្រុះ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល និង​ថែ​ទាំ។ ក្រោយមក ទា​ព្រៃ​ស្លាប​ស​នេះ ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​លែង​ឲ្យ​ទៅ​រស់​នៅ​ក្នុង​​​ព្រៃ​ធម្មជាតិ​វិញ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ២០១៥ ដោយ​បំពាក់​ជាមួយ​កង​ជាប់​នឹង​ជើង​ខាង​ស្កាំ​របស់​វា។

ទស្សនាវីដេអូដ៏កម្រ៖

គួរជម្រាបជូនថា កាល​ពី​ខែ​កក្កដា​នេះ អង្គការ​WCS បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​ការ​រក​ឃើញ​សំបុក​សត្វ​ទា​ព្រៃ​ស្លាប​ស​ដែល​ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកល​លោក ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​០៥ឆ្នាំ​ចុង​ក្រោយ​នៅ​ក្នុង​តំបន់​ខ្ពង់រាប​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា។ សំបុក​ទា​ព្រៃ​ស្លាប​ស​នេះ ក៏​មាន​បង្ហាញ​នៅ​ក្នុង​វីដេអូ​ផង​ដែរ។

ទា​ព្រៃ​ស្លាប​ស ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​សាកល​លោក ដោយ​ចំនួន​របស់​ពួកវា​នៅ​បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដោយសារ​តែ​ការ​បាត់បង់​ទី​ជម្រក ការ​រំខាន​​នៅ​តាម​ដង​ព្រែក និង​ការ​បរបាញ់​ជាដើម។ ទា​ព្រៃ​ស្លាប​ស មាន​ចំនួន​ចន្លោះ​២៥០-១០០០​ក្បាល​នៅ​លើ​សាកលលោក និង​មាន​វត្តមាន​តិចតួច​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម