ថៃ​ជាប់​ចំណាត់​ថ្នាក់​លេខ ៩ ក្នុង​ចំណោម​ប្រទេស​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​គេ​លើ​លោក

  • 2017-08-28 13:59:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ ដែល​ជា​ប្រទេស​ភូមិ​ផង​របង​នឹង​កម្ពុជា កាល​ពី​ថ្មីៗ​នេះ​បាន​ក្លាយ​ជា​ប្រទេស​ជាប់​លេខ ៩ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​មក​ធ្វើ​ការ​លេង​កម្សាន្ត នេះ​បើ​តាម​របាយការណ៍​ថ្មី​ចុង​ក្រោយ​របស់ អង្គការ​ទេសចរណ៍​ពិភពលោក របស់​អង្គការ​សហប្រជាជាតិ។

បើ​តាម​របាយការណ៍​មួយ​នេះ ប្រទេស​ថៃ​បាន​បន្ត​ការ​រីក​ចម្រើន​របស់​ខ្លួន​ក្នុង​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​មួយ​នេះ ដោយ​បាន​លោត​ឡើង​បាន​មួយ​ចំណាត់​ថ្នាក់​ទៀត ពោល​គឺ​ពី​លេខ ១០ មក​លេខ​៩ ក្នុង​ចំណោម​ប្រទេស​មាន​ភ្ញៀវ​ទេសចរ​មក​លេង​ច្រើន​ជាង​គេ​លើ​លោក ដោយ​មាន​ចំនួន​ភ្ញៀវ​ទេសចរ​រហូត​ដល់​ទៅ​ប្រមាណ ៣២.៦ លាន​នាក់។ បើ​និយាយ​រឿង​ចំណូល​វិញ ប្រទេស​អាស៊ី​អាគ្នេយ៍​ដី​គោក​មួយ​នេះ​បាន​ចំណេញ​យ៉ាង​ក្រាស់​ក្រែល​ពី​វិស័យ​មួយ​នេះ​ផង​ដែរ ដោយ​ប្រទេស​មួយ​នេះ​អាច​រក​បាន​ប្រាក់​ចំណូល​រហូត​ដល់​ទៅ ៤៩.៩ប៊ីលាន ដុល្លារ​សហរដ្ឋអាមេរិក។

ចំណែក​ឯ​ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​លើ​ប្រទេស​ថៃ​វិញ ភាគ​ច្រើន​ជា​ប្រទេស​លោក​ខាង​លិច ខណៈ​ប្រទេស​ចិន និង​ម៊ិចសិចកូ​ផង​ដែរ ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​ផង​ដែរ ហើយ​ខាង​ក្រោម​នេះ​ជា​ទិន្នន័យ​ប្រទេស​ទាំង ៩ ដែល​មាន​ភ្ញៀវ​ទេសចរ​មក​ធ្វើ​ការ​មក​លេង​កម្សាន្ត​ច្រើន​ជាង​គេ​លើ​លោក មាន​ដូច​ត​ទៅ៖

១.ប្រទេស​បារាំង៖ មាន​ភ្ញៀវ​ទេសចរ ៨២.៦ លាន​នាក់

២.សហរដ្ឋ​អាមេរិក៖ មាន​ភ្ញៀវ​ទេសចរ ៧៥.៦ លាន​នាក់

៣.អេស្ប៉ាញ៖ មាន​ភ្ញៀវ​ទេសចរ ៧៥.៦ លាន​នាក់

៤.ចិន៖ មាន​ភ្ញៀវ​ទេសចរ ៥៩.៣ លាន​នាក់

៥.អ៊ីតាលី៖ មាន​ភ្ញៀវ​ទេសចរ ៥២.៤ លាន​នាក់

៦.ចក្រភព​អង់គ្លេស៖ មាន​ភ្ញៀវ​ទេសចរ ៣៥.៨ លាន​នាក់

៧.អាល្លឺម៉ង់៖ មាន​ភ្ញៀវ​ទេសចរ ៣៥.៦ លាន​នាក់

៨.ម៉ិកស៊ីកូ៖ មាន​ភ្ញៀវ​ទេសចរ ៣៥ លាន​នាក់

៩.ថៃ៖ មាន​ភ្ញៀវ​ទេសចរ ៣២.៦ លាន​នាក់

សូម​បញ្ជាក់​ផង​ដែរ​ថា តារាង​ចំណាត់​ថ្នាក់​នេះ​ធ្វើ​ឡើង​ផ្អែក​តាម​ទិន្នន័យ​ឆ្នាំ​មុន​នៃ​វិស័យ​ទេសចរណ៍​ទូទាំង​សកល​លោក៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី