Arsenal ដេញ​ថ្លៃ​ញាក់​សាច់​ ដើម្បី​ទិញ​ខ្សែ​បម្រើ​ Lemar ពី​ក្លឹប​ Monaco

  • 2017-08-31 14:34:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​នេះ​ក្លឹប​កាំភ្លើង​ធំ Arsenal បន្ទាប់​ពី​លក់​ខ្សែ​បម្រើ Alex Oxlade-Chamberlain បាន​ជាង ៤០​លាន​ផោន​ ពេលនេះបាន​ដេញ​ថ្លៃ​រហូត​ដល់ ៩០​លាន​ផោន ដើម្បី​ទិញ​ខ្សែ​បម្រើ​លេង​បាន​ច្រើន​កន្លែង Thomas Lemar ពី​ក្លឹប​ជើង​ឯក​លីគ​កំពូល​បារាំង​រដូវ​កាល​មុន Monaco។

ការ​ដេញ​ថ្លៃ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី ក្លឹប​មហា​សេដ្ឋី Manchester City ធ្វើ​ការ​ដេញ​ថ្លៃ​ទៅ​ Arsenal ជា​លើក​ទី២​ដែល​ក្នុង​តម្លៃ ៦០លាន​ផោន ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ​ស្លាប Alexis Sanchez។ បើ​តាម Daily Mail ក្លឹប​កាំភ្លើង​ធំ តាម​ទិញ​ខ្សែ​បម្រើ​បារាំង​ Thomas Lemar ដើម្បី​មក​ជំនួស​ Sanchez ដែល​អាច​នឹង​ចាក​ចេញ​ពី​ក្លឹប​យក្ស​អង់គ្លេស​មួយ​នេះ​ ទៅ​ក្លឹប Manchester City ក្នុង​រដូវ​កាល​នេះ។ ម្យ៉ាង​ទៀត ​ការ​តាម​ទិញ​ Lemar ដោយ​ក្លឹប​យក្ស​ទី​ក្រុង​ឡុងដុង Arsenal នេះ​ផង​ដែរ គឺ​ធ្វើ​ឡើង​ដើម្បី​ចង់​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​ស្ងប់​ចិត្ត​ផង​ដែរ ព្រោះ​ Arsenal មិន​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ការ​នាំ​ចូល​កីឡាករ​ថ្លៃ​ៗ​នោះ​ទេ។

ការ​ដេញ​ថ្លៃ​លើក​នេះ​ជា​លើក​ទី៤ ហើយ​សម្រាប់ Arsenal ដើម្បី​តាម​ទិញ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ បន្ទាប់​ពី​ការ​ដេញ​ថ្លៃ ៣លើក​ទៀត​ត្រូវ​បាន​ទទួល​បរាជ័យ ដោយសារ ក្លឹប Monaco បដិសេធ។ ចំណែក​រឿង​ក្លឹប​យក្ស Manchester City ដេញ​ថ្លៃ ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ ២៨​ឆ្នាំ Sanchez វិញ ជា​ការ​ដេញ​ថ្លៃ​ថ្មី​មួយ​ទៀត​ក្នុង​ថ្ងៃ​នេះ បន្ទាប់​ពី​ការ​ដេញ​ថ្លៃ​លើក​ទី ១ ក្នុង​តម្លៃ ៥០​លាន​ផោន​ត្រូវ​បាន​បដិសេធ​ដោយ​ក្លឹប​កាំភ្លើង​ធំ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ ក្លឹប​យក្ស​របស់ Manchester មួយ​នេះ​ បាន​តាម​ទិញ​កីឡាករ​សញ្ជាតិ​ស៊ី លី​រូប​នេះ យ៉ាង​ប្រកិត បើ​ទោះ​ជា Arsenal កន្លង​មក​និយាយ​ហើយ​និយាយ​ទៀត​ថា​មិន​លក់​យ៉ាង​ណា​ក៏​ដោយ៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ ហ៊ីម រស្មី