មិននឹកស្មានថា គ្រាប់បែក​កូរ៉េខាងជើង​បាញ់សាកល្បង​ម្សិលមិញ មានអនុភាពខ្លាំងយ៉ាងនេះ

  • 2017-09-04 02:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េ​ខាងជើង បាន​អះអាង​នៅ​ថ្ងៃ​ទី៣ កញ្ញា ម្សិលមិញ​នេះ​ថា ខ្លួន​បាន​សម្រេច​ជោគជ័យ​លើ​ការ​ធ្វើតេស្ត​គ្រាប់បែក​អ៊ីដ្រូហ្សែន ដែល​អាច​បំពាក់​នៅ​លើ​មីស៊ីល​បាលីស្ទីក​អន្តរ​ទ្វីប​បាន។​ ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង បាន​ផ្សព្វផ្សាយ​ថា ក្រុង​ព្យុងយ៉ាង បាន​បើក​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី៦ នៅ​តំបន់​ភាគ​ឦសាន ដែល​បង្ក​ឲ្យ​មាន​ការ​រញ្ជួយ​ដី​រង្វាស់ ៥,៧​វ៉ិចទ័រ​កើតឡើង។

បើ​យោង​តាម​សារព័ត៌មាន Metro របស់​ចក្រភព​អង់គ្លេស បាន​ឲ្យ​ដឹង​ថា ការ​សាកល្បង​នុយក្លេអ៊ែរ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រំដែន របស់​ប្រទេស​កូរ៉េខាងជើង​ផ្ទាល់​នោះ មាន​អនុភាព​ខ្លាំងក្លា​ជាង​គ្រាប់​បែក​បរមាណូ ដែល​ទម្លាក់​នៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា (Hiroshima) ប្រទេស​ជប៉ុន ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ រហូត​ដល់​ទៅ ៨​ដង​ឯណោះ។

ជាមួយ​គ្នា​នេះ​ដែរ របប​ផ្ដាច់ការ​របស់ លោក គីម ជុងអ៊ុន ក៏​បាន​អះអាង​ដែរ​ថា ពួកគេ​បាន​ធ្វើ​តេស្ត​ដោយ​ជោគជ័យ​នូវ​គ្រាប់បែក​អ៊ីដ្រូហ្សែន (H-Bomb) ទម្ងន់ ១២០​គីឡូតោន។

គួរ​រំលឹក​ឲ្យ​ដឹង​ថា គ្រាប់បែក​ដែល​ទម្លាក់​ដោយ​សហរដ្ឋអាមេរិក នៅ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​២ គឺ​មាន​ទម្ងន់ ១៥​គីឡូតោន ដែល​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ១៥០ ០០០​នាក់​ស្លាប់ និង​នៅ​ទីក្រុង​ណាហ្គាសាគី (Nagasaki) គឺ ២០​គីឡូតោន បង្ក​ឲ្យ​មនុស្ស​ចំនួន ៧៥ ០០០​នាក់​ស្លាប់។

ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​សូវ​ជឿជាក់​លើ ភាព​ត្រឹមត្រូវ និង​ស្មោះត្រង់ នៃ​ការ​ចេញ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ពី​កូរ៉េខាងជើង​ឡើយ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​យល់​ស្រប​ថា នេះ​គឺ​ជា​ការ​សាកល្បង​ដ៏​ធំ​បំផុត​របស់​ពួកគេ។

គួរ​បញ្ជាក់​ថា ការ​សាកល្បង​នេះ​បាន​ធ្វើ​ឡើង រយៈពេល​ប្រមាណ​ជា ៣​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​កូរ៉េខាងជើង បាន​បាញ់​មីស៊ីល​ហោះ​រំលង​លើ​ប្រទេស​ជប៉ុន ដែល​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច​យ៉ាង​ខ្លាំង៕

ចុច​អាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី