ហង់ ភូមរ៉ា យំមិនតិចដងទេព្រោះល្ខោនខោល
- 2017-09-04 03:30:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហង់ ភូមរ៉ា យំមិនតិចដងទេព្រោះល្ខោនខោល
ចន្លោះមិនឃើញ
ល្ខោនខោលគឺជាទម្រង់សិល្បៈមួយដែលលោក ហង់ ភូមរ៉ា ស្រលាញ់និងពេញចិត្តយ៉ាងខ្លាំង តែដោយសារតែមិនសូវមានអ្នកគាំទ្រធ្វើឱ្យលោក ត្រូវទៅពួនយំតែម្នាក់ឯងអស់រយៈពេលជិត២០ឆ្នាំ។
តួអង្គយាយដែលមើលថែនាងសេដា ក្នុងទម្រង់ល្ខោនខោលរូបនេះ បានប្រាប់ Sabay ថា តាំងពីលោករៀនល្ខោនខោលមក លោកតែងតែឮពាក្យគេនិយាយឱ្យលោកថា ពួកអ្នករៀនល្ខោនខោលសុទ្ធតែជាពួកខ្ទើយ។ ពេលក្លាយជាសិល្បករហើយ ក៏នៅមានគេនិយាយទៀតថា ពួកអ្នករាំល្ខោនខោលសុទ្ធតែពួកខ្ទើយទៅមើលវាធ្វើអី ពាក្យនេះលោកជួបច្រើន និងធ្លាប់បាក់ទឹកចិត្តច្រើន តែលោកមិនបានគិតបោះបង់សិល្បៈនេះចោលទេ។
អ្វីដែលកាន់តែធ្វើឱ្យលោកបាក់ទឹកចិត្ត និងចង់បោះបង់ចោលសិល្បៈដែលខ្លួនស្រលាញ់ខ្លាំងម្ដងៗនោះ គឺការគាំទ្រ។
សិល្បកររូបនេះបានរម្លឹកថា រាល់ការសម្ដែងល្ខោនខោលនៅសមាគមសុវណ្ណភូមិ ភាគច្រើនមិនមានអ្នកគាំទ្រជាជនជាតិខ្មែរច្រើនទេ សម្បូរតែជនបរទេសដែលទៅមើលការសម្ដែង។ លោកថាមិនតិចដងទេដែលលោកពួនយំតែម្នាក់ឯង ព្រោះតែតូចចិត្តនូវអ្វីដែលខ្លួនខំប្រឹងប្រែងអស់ពីចិត្តពីថ្លើម តែមិនមានអ្នកឱ្យតម្លៃ។
“អ្នកសិល្បករចង់បានណាស់ការគាំទ្រ គ្រាន់តែឮសំឡេងទះដៃហ្នឹង មានទឹកចិត្តសម្ដែងមិនដឹងមកពីណាទេ តែដល់តែអត់មានអ្នកទៅមើលអស់រលីងកម្លាំង។ ថ្ងៃមួយនោះបងសម្ដែងមានតែភ្ញៀវបរទេស៣នាក់មកមើល ភ្ញៀវខ្មែរអត់មានសោះ សឹងតែឈប់សម្ដែង"។ លោកថា នេះមិនមែនជាលើកទីមួយទេច្រើនដងហើយ ដល់ពេលសម្ដែងអត់មានភ្ញៀវ គ្រាន់តែបើកតែមុខហើយ សិល្បកររូបនេះទៅលួចយំនៅបន្ទប់ទឹកម្នាក់ ឯងអត់ហ៊ានឱ្យគេឃើញទេ ព្រោះខ្មាសគេ។
ហង់ ភូមរ៉ា បានបញ្ចប់បរិញ្ញាបត្រផ្នែកដឹកនាំរឿង ពីសាលាភូមិន្ទវិចិត្រសិល្បៈ និងបានចាប់ផ្ដើមក្លាយខ្លួនជាសិល្បករនៅឆ្នាំ១៩៩៩។ មកដល់បច្ចុប្បន្នលោកអាចសម្ដែងរាល់ទម្រង់សិល្បៈបុរាណបានទាំងអស់។ ក្រៅពីសម្តែង បច្ចុប្បន្នលោកជាគ្រូយុវជនល្ខោនខោលជំនាន់ថ្មី និងជាអ្នកដឹកនាំសម្ដែង ក្រុមល្ខោនខោល នៅរាជធានីភ្នំពេញ៕
ចុចអាន៖