មិន​ចង់​ទិញ​កាស​ចោល​លុយ​ទទេៗ ​មើល ៣ ចំណុច​ដ៏​សំខាន់​​ កុំ​រំលង​ឲ្យ​សោះ​

  • 2017-09-06 01:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ទិញ​កាស​មួយ​ដែល​ត្រូវ​ចិត្ត មិន​មែន​ជា​រឿង​ងាយ​ទេ បើ​អ្នក​ពុំ​បាន​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់។ មិន​ថា​កាស​តម្លៃ​ថោក​ឬ​ថ្លៃ ហានិភ័យ​តែង​មាន​ដូច​គ្នា គ្រាន់​ខ្ពស់​ទាប​ទៅ​តាម​នោះ។ Sabay សម្គាល់​ឃើញ​ ៣ ចំណុច​ធំៗ​​កាស​បច្ចុប្បន្ន រមែង​ជួប​បញ្ហា​ខ្លាំង​បំផុត បើ​មិន​បាន​ត្រួតពិនិត្យ​នៅ​ពេល​ទិញ។

​១.ស្ដាប់​ឮ​ទាំង​ឆ្វេង​និង​ស្ដាំ​ឬ​អត់?

ក្រៅ​ពី​គុណភាព​សំឡេង​អ្នក​ខ្លះ​ច្រើន​រំលង​ចំណុច​នេះ នៅ​ពេល​ដែល​អ្នក​លើក​កាស​មក​ស្ដាប់​ទាំង​សង​ខាង ជួន​កាល​អ្នក​មិន​ចាប់​អារម្មណ៍​ថា​មាន​ម្ខាង​ខូច​នោះ​ទេ។ ម្ល៉ោះ​ហើយ​អ្នក​គួរ​លើក​ស្ដាប់​ម្ដង​មួយ ទាំង​ឆ្វេង​និង​ស្ដាំ តើ​វា​មាន​បញ្ហា​ឬ​អត់? (កាស​ធូរ​ថ្លៃ​ភាគ​ច្រើន ផ្នែក​ខាង​ឆ្វេង​រមែង​អត់​លឺ​សំឡេង)។

២.ត្រួតពិនិត្យ Mic ឬ Microphone

គ្រប់​កាស​ទាំង​អស់​រមែង​មាន​រន្ធ​ស្រូប​សំឡេង ដែល​ពាក្យ​បច្ចេកទេស Microphone ឬ​យើង​ហៅ​ថា Mic។ ពិត​ណាស់ Mic ខ្លះ អាច​ស្រូប​សំឡេង​ឮ​ ប៉ុន្តែ​វា​ច្រើន​មាន​បញ្ហា​ឮ​សំឡេង​រំខាន (សំឡេង​រ៉ែ) ដែល​ជា​បញ្ហា​នៃ​កាស មិន​មែន​បញ្ហា​សំឡេង​បរិវេណ​ខាង​ក្រៅ​ឡើយ។

អាច​តេស្ត​មើល ដោយ​ចូល​ទៅ​កាន់​កន្លែង​ថត​វីដេអូ ហើយ​ចុច​ថត​ដោយ​កុំ​និយាយ​អ្វី​ទាំង​អស់។ នៅ​ពេល​បើក​ស្ដាប់​បើ​វា​ឮ​សំឡេង​ខ្យល់​ធម្មតា​មិន​អី​ទេ តែ​បើ​ឮ​សំឡេង​រ៉ែ​ប្លែក​ខុស​ពី​ធម្មតា នោះ​គឺ​ជា​បញ្ហា​ហើយ។​​

​​៣.ពិនិត្យ​ប៊ូតុង

នៅ​លើ​កាស​ ច្រើន​មាន​ប៊ូតុង​ចុច​បិទ​បើក​សំឡេង, ប៊ូតុង Start/Pause ដែល​វា​សុទ្ធសឹង​តែ​យើង​ចាំ​បាច់​ត្រូវ​ប្រើប្រាស់។ ច្រើន​គ្នា​ណាស់​រំលង​នូវ​ចំណុច​នេះ ព្រោះ​គិត​ថា​ឲ្យ​តែ​គុណភាព​សំឡេង​ល្អ គឺ​ទុក​ចិត្ត​ហើយ ប៉ុន្តែ​វា​មិន​ដូច្នោះ​ទេ អ្នក​គប្បី​ត្រូវ​សាកល្បង​ចុច​ប៊ូតុង​ទាំង​នោះ​ឲ្យ​បាន​អស់​សព្វគ្រប់។ តើ​វា​មាន​បញ្ហា​ឬ​រអាក់រអួល​ដែរ​ឬ​ទេ?

អត្ថបទ៖ កៅ រក្សា