សុនខស្លៀកពាក់ខោអាវ អង្គុយលើគ្រែស្នែងក្នុងពិធីដង្ហែ ញញឹមប៉ប្រិម
- 2017-09-06 02:58:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុនខស្លៀកពាក់ខោអាវ អង្គុយលើគ្រែស្នែងក្នុងពិធីដង្ហែ ញញឹមប៉ប្រិម
ចន្លោះមិនឃើញ
ពិធីបុណ្យដង្ហែរសុនខប្រចាំឆ្នាំរបស់ប្រជាជនចិននៅតំបន់មួយ ត្រូវបានគេឃើញសុនខស្លៀកពាក់ខោអាវ ឲ្យអង្គុយលើគ្រែស្នែង រួចអ្នកភូមិជាច្រើននាំគ្នាដង្ហែយ៉ាងសប្បាយរីករាយ។ ការធ្វើដូច្នេះព្រោះអ្នកភូមិចាត់ទុកថា សុនខជាអាទិទេពជួយសង្គ្រោះបុព្វបុរសពួកគេ។
ពិធីដង្ហែសុនខ ឬ Dog Carrying Day ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដោយជនជាតិភាគតិច Miao ក្នុងភូមិ Jiaobang ខេត្ត Guizhou។ ទាក់ទងនឹងពិធីនេះដែរ មានរឿងមួយដំណាលថា ជាយូរលង់មកហើយ អ្នកតាំងទីលំនៅដំបូងគេក្នុងតំបន់នេះ បានជួបគ្រោះរាំងស្ងួតស្ទើរបាត់បង់ជីវិត តែសំណាងល្អមានសុនខមួយក្បាល បាននាំពួកគេទៅរកឃើញប្រភពទឹក ទើបធ្វើឲ្យពួកគេបន្តជីវិតរស់នៅទៀតបាន។
ជាការដឹងគុណ ពួកគេបានរៀបចំពិធីមួយឲ្យសុនខ និងចាត់ទុកសុនខជាអាទិទេពជួយសង្គ្រោះពួកគេ។ ពិធីបានធ្វើតៗគ្នារហូតដល់បច្ចុប្បន្ន អ្នកភូមិបានរៀបចំខោអាវ មួកឲ្យសុនខ ដាក់អង្គុយលើគ្រែស្នែង និងមានវាយស្គរ ច្រៀងរាំ ពេលដង្ហែកាត់តាមវាលស្រែទៀតផង។
លើសពីនេះ អ្នកចូលរួមបានស្លៀកឈុតខ្មៅ និងលាបប៉ាតភក់ដាក់ខ្លួន មុខ និងក្បាលជាដើម ព្រោះជឿថាជាកាយវិការតំណាងឲ្យសន្តិភាព សុខភាព និងវិបុលភាព។ អ្នកមិនបានចូលរួមដង្ហែក៏ចេញមកឈរអមតាមដងផ្លូវដែរ ដើម្បីបង្ហាញការដឹងគុណសត្វ និងបួងសួងឲ្យការប្រមូលផលទទួលបានទិន្នផលខ្ពស់៕