Google ឈាន​ដល់​ទឹក​ចុង​ក្រោយ​លើ​ការ​ចរចា ទិញ​ក្រុមហ៊ុន​ HTC

  • 2017-09-08 02:25:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ខែ​សីហា​​កន្លង​ទៅ​ មាន​ការ​លេច​ឮ​ដំណឹង​ថា​ HTC ចង់​លក់​មួយ​ផ្នែក​តូច​ ឬ គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជំនួញ​របស់​ខ្លួន​ ដែល​មាន​ដូច​ជា​ជំនួញ​ផលិត​ទូរសព្ទ និង ជំនួញ​ VR ជា​ដើម។

ស្រប​នឹង​ដំណឹង​ខាង​លើ​ ពេល​នេះ​មាន​ការ​រាយការណ៍​ថ្មី​មួយ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ជា​ភាសា​ចិន​ Commercial Times ​ថា​ HTC កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​កិច្ច​ចរចា​​លើ​ការ​លក់​ជំនួញ​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​យក្ស​ Google។ យោង​តាម​ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ Google កំពុង​ពិចារណា​លើ​ជម្រើស​ពីរ​ ទី​មួយ​ធ្វើ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​ជា​មួយ​ HTC និង ទី​ពីរ​ទិញ​យក​ជំនួញ​ផលិត​ស្មាតហ្វូន​របស់​ HTC ទាំង​មូល។ យ៉ាងណាក្ដី​ជំនួញ​ផលិត​ VR របស់​ HTC មិន​បាន​​នៅ​លើ​តុ​ចរចា​ឡើង​ ដោយ​វា​នឹង​ស្ថិត​នៅ​​ដោយ​ឡែក​ពី​ Google។

គួរ​រំលឹក​ថា HTC និង Google ធ្លាប់​ជា​ដៃ​គូ​សហការ​គ្នា​ដ៏​ល្អ​​លើ​ការ​ផលិត​ Google Pixel/Pixel XLដែល​ចេញ​ឆ្នាំ​មុន​ ហើយ​បាន​បន្ត​សហការ​គ្នា​លើ​ការ​ផលិត​​ Google Pixel 2 ដែល​នឹង​ចេញ​នៅ​ចុង​ឆ្នាំ​​នេះ​ផង​ដែរ៕​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង